ប្រកាសតែងតាំងលោកហុងចាន់សុខាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺជំនួសលោកជិនគួងដែលត្រូវចូលនិវត្តន៍
កំពង់ស្ពឺ៖ឯកឧត្ដមម៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ។
ពិធីនេះធ្វើឡើងនៅសាលប្រជុំធំអគារសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រមាណ ៣០០នាក់។
ឯកឧត្ដមប៉េង ពោធិ៍នា បានលើកឡើងថា កិច្ចការបន្តប្រធានមន្ទីរសាធារណៈការថ្មី ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងការកែទម្រង់ការងារផ្ទៃក្នុងរបស់អង្គភាព នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ពង្រឹងពង្រីកយុទ្ធសាស្ត្រនៃការតភ្ជាប់ផ្លូវថ្នល់ឱ្យមានគុណភាពប្រទាក់ក្រឡាគ្នា និងកែលម្អជាអាទិភាព សម្រាប់មធ្យោបាយដឹកជញ្ជូនស្របតាមតម្រូវការចាំបាច់របស់ពលរដ្ឋក្នុងខេត្ត។ពិធីនេះធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សេចក្ដីទុកចិត្តប្រគល់ភារកិច្ចជូន លោក ហុង ចាន់សុខា តែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ជំនួសលោក ជិញ គួង ដែលត្រូវចូលនិវត្តន៍។
ឯកឧត្ដម ប៉េង ពោធិ៍នា ណែនាំឲ្យប្រធានមន្ទីរថ្មីខេត្តកំពង់ស្ពឺ បន្តប្រកាន់ខ្ជាប់កិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ជាពិសេសលោក ជិញ គួង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែលកន្លងមកលោកបានដឹកនាំ និងគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅដោយភាពរលូន និងសម្រេចសមិទ្ធផលជាច្រើនជូនខេត្តលើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយការទទួលខុសត្រូវកន្លងមក។
ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានចូលរួមអបអរសាទរចំពោះលោក ហុង ចាន់សុខា ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងណែនាំឲ្យ លោកប្រធានមន្ទីរថ្មីបន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រី ក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅ ការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់៕
