ក្រុមការងាររដ្ឋបាលរាជធានីធ្វើការស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងជាច្រើនខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌ៥នៅកណ្តាលរាជធានីភ្នំពេញត្រៀមរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ
ភ្នំពេញ៖ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រ ពីឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ ក្នុងរដូវវស្សានេះរដ្ឋបាលរាជធានីភ្នំពេញ បានស្តារប្រព័ន្ធលូ ស្តារប្រឡាយជាច្រើនខ្សែ និងកសាងស្ថានីយ៍មូមទឹកជាបន្តបន្ទាប់ នៅជាយរាជធានីភ្នំពេញបានរួចរាល់ ហើយបានបន្តការងារស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងជាច្រើនខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌ៥នៅកណ្តាលរាជធានីភ្នំពេញទៀត។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ មិថុនានេះ ក្រុមការងារ ដឹកនាំដោយ ឯកឧត្ដមឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចុះស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយប្រើប្រាស់រថយន្តចំនួន១២គ្រឿង។
ឯកឧត្ដម ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា៖ តាមកាេណែនាំពីឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូងលូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់ ដោយចាប់ផ្តើមពីខណ្ឌដញនពេញមុនគេ។
ចំពោះខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងចំនួន១០ខ្សែ ក្នុងនោះរួមមាន៖
១. ផ្លូវលេខ២៤០ សងខាងផ្លូវប្រវែង ១,៧៦០ម៉ែត្រ។
២. ផ្លូវលេខ៤៧ សងខាងផ្លូវ ប្រវែង២,០៣០ម៉ែត្រ។
៣. ផ្លូវលេខ១៥៤ សងខាងផ្លូវប្រវែង ២,៥៦១ម៉ែត្រ។
៤. ផ្លូវលេខ៩០ សងខាងផ្លូវប្រវែង១,៦៩៦ម៉ែត្រ។
៥. ផ្លូវលេខ៦៣ ប្រវែង៥៦០ម៉ែត្រ។
៦. ផ្លូវលេខ១៧៨ សងខាងផ្លូវប្រវែង១,៣១០ម៉ែត្រ។
៧. ផ្លូវលេខ៨៨ ប្រវែង៦៨៩ម៉ែត្រ។
៨. ផ្លូវលេខ១៤៨ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ។
៩. ផ្លូវលេខ១៤៤ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ។
និងទី១០. ទរទឹកភ្លៀងនៅជ្រុងខាងជើងនិងខាងលិចផ្សារ កណ្តាល ប្រវែង៣០២ម៉ែត្រ។
ក្រោយបញ្ជប់ការងារនៅខណ្ឌដូនពេញហើយ យើងនឹងបន្តទៅខណ្ឌ៤ទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរងក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានអនាម័យ និងបរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕
