ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ឈ្មោះជាអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោកឆ្នាំ២០២៦ដោយ Prix Versailles

36

ភ្នំពេញអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានទទួលស្គាល់ក្នុងចំណោមអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោកឆ្នាំ ២០២៦ ក្នុងការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ Prix Versailles។ 

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចុះបញ្ជីរួមជាមួយគម្រោងអន្តរជាតិដ៏លេចធ្លោពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន និងឥណ្ឌា ដោយបង្ហាញពីគុណភាពស្ថាបត្យកម្ម អត្តសញ្ញាណរចនាបថខ្មែរ និងការរួមបញ្ចូលវប្បធម៌ខ្មែរយ៉ាងសម្បូរបែប។

រាប់ចាប់តាំងពីឆ្នាំ ២០១៥ មក ជារៀងរាល់ឆ្នាំពានរង្វាន់ Prix Versailles មានការប្រកាសជ័យលាភីនៅស្នាក់ការអង្គការយូណេស្កូ ដើម្បីអបអរសាទរគម្រោង ដែលរួមបញ្ចូលគ្នានូវឧត្តមភាពស្ថាបត្យកម្មជាមួយនឹងនវានុវត្តន៍ ភាពច្នៃប្រឌិត បេតិកភណ្ឌក្នុងស្រុក ប្រសិទ្ធភាពអេកូឡូស៊ី និងឥទ្ធិពលជាវិជ្ជមានចំពោះសង្គម។
 
ក្នុងការជ្រើសរើសប្រចាំឆ្នាំនេះ លោក Jérôme Gouadain អគ្គលេខាធិការនៃពានរង្វាន់ Prix Versailles បានកត់សម្គាល់ថា អាកាសយានដ្ឋានសម័យទំនើប «មិនអាចត្រូវបានពិពណ៌នាថាជាទីកន្លែងសម្រាប់តែការផ្ទេរដំណើរទៅមកប៉ុណ្ណោះទៀតទេ» តែកំពុងក្លាយជា «និមិត្តរូបនៃសក្ដានុពលសេដ្ឋកិច្ចវប្បធម៌ និងសង្គម»។ 

ជ័យលាភីនៃការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ Prix Versailles ក្នុងប្រភេទអាកាសយានដ្ឋានកាលពីឆ្នាំមុនៗ រួមមាន ស្ថានីយទី២ (Terminal 2) នៃអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី និងស្ថានីយ B (Terminal B) នៃអាកាសយានដ្ឋាន LaGuardia ក្នុងទីក្រុងញូវយ៉ក (New York)។ 
គណៈកម្មការវិនិច្ឆ័យក្នុងពេលកន្លងមកប្រមូលផ្តុំដោយបុគ្គលល្បីៗមកពីវិស័យស្ថាបត្យកម្ម ការរចនា វប្បធម៌ និងសិល្បៈ រួមមាន Emma Watson, Lang Lang និង Philippe Starck ផងដែរ។

ក្នុងនាមជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) អាកាសយានដ្ឋានអន្តរជាតិតេជោ បានរួមផ្សំជំនាញរបស់ស្ថាបត្យករអន្តរជាតិ ទៅនឹងអត្តសញ្ញាណ និងបេតិកភណ្ឌវប្បធម៌កម្ពុជាទៅកាន់វេទិកាស្ថាបត្យកម្មពិភពលោក។

អាកាសយានដ្ឋាននេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុន «Foster + Partners» ពីចក្រភពអង់គ្លេសដោយប្រើដំបូលធំទូលាយជាពិសេស ដែលទទួលបានការបំផុសគំនិត ពីផ្ការំដួលជាផ្កាតំណាងជាតិកម្ពុជា។ 

ដំបូលនេះលាតសន្ធឹងឡើងខ្ពស់ទៅកាន់ចំណុចកណ្ដាលនៃអគារ និងឆ្លុះបញ្ចាំងពីស្ថាបត្យកម្មព្រះបរមរាជវាំង និងប្រាសាទនានារបស់កម្ពុជា។ រចនាសម្ព័ន្ធអគារលម្អិត ត្រូវបានបំផុសគំនិតពីសិល្បៈតម្បាញខ្មែរ ជាមួយនឹងធាតុផ្សំផ្សេងទៀតដែលធ្វើឱ្យមើលទៅដូចគ្រោងអគារត្បាញឡើងពីឫស្សី និងផ្តៅ។

វិធីសាស្រ្តរចនារបស់អាកាសយានដ្ឋានរួមចំណែកជួយឱ្យមានពន្លឺ ខ្យល់ចេញចូលធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ភ្លើងបំភ្លឺសិប្បនិម្មិតនៅពេលថ្ងៃ។ រុក្ខជាតិបៃតងនៅពាសពេញ តំបន់ស្ថានីយអ្នកដំណើរ ដោយមានដើមផ្ការំដួល និងរុក្ខជាតិបន្សុទ្ធខ្យល់ជាច្រើន ដុះលូតលាស់នៅទីតាំងដ៏ធំទូលាយក្នុងចន្លោះកណ្ដាលរបស់ស្ថានីយ។ 

ការរួមបញ្ចូលគ្នានៃពន្លឺធម្មជាតិ រុក្ខជាតិបៃតង សម្ភារៈតុបតែងដែលផ្តល់អារម្មណ៍កក់ក្តៅ និងចម្លាក់បុរាណ សិល្បៈវប្បធម៌ខ្មែរបង្កើតបរិយាកាសស្ងប់ស្ងាត់ និងស្វាគមន៍អ្នកដំណើរគ្រប់រូបដែលបានមកដល់ទីនេះ។

ការទទួលស្គាល់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ជំរុញការលេចមុខរបស់ប្រទេសកម្ពុជានៅលើឆាកស្ថាបត្យកម្មអន្តរជាតិបន្ថែមទៀត ហើយក៏ជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលរួមចំណែកក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការតភ្ជាប់របស់ប្រទេសសម្រាប់អនាគត៕

អត្ថបទដែលជាប់ទាក់ទង