គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីធ្វើការត្រួតពិនិត្យ អគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារចំនួន ៧៦ទីតាំង ពុំមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បន្តចុះត្រួតពិនិត្យ បង្ក្រាបទីតាំងស្តុកទុក និងចែកចាយផលិតផលបង្កក៨ទីតាំងតែពុំរកឃើញករណីស្តុកទុក ឬចែកចាយផលិតថៃខុសច្បាប់ឡើយ
ភ្នំពេញ៖នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សរុបចំនួន ៧៦ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២២នាក់ (ស្រី ១៧៨នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំបានឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៧ ខែ មិថុនានេះ។
លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងថ្ងៃដដែលនេះ ក៏បានដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងអង្គភាពជំនាញ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងស្តុកទុក និងចែកចាយផលិតផលបង្កកនៅតាមភូមិសាស្ត្រនានាក្នុងរាជធានីភ្នំពេញបានចំនួន ៨ទីតាំង ប៉ុន្តែពុំរកឃើញករណីស្តុកទុក ឬចែកចាយផលិតថៃខុសច្បាប់ទេ៕
