ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបើកប្រតិបត្តិការបោសសម្អាតទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានរកឃើញបទល្មើស១ករណីឃាត់ខ្លួនមនុស្ស៣នាក់នៅទីតាំងអាជីវកម្មលក់ទូរស័ព្ទឈ្មោះ ឡឹ ចា ឌីជីថល ក្នុងបុរីជីបម៉ុង២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ

19

ភ្នំពេញ៖ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ តាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោស

សម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៨៤នាក់ (ស្រី ៨១នាក់) និងមានលិខិតឆ្លងដែនត្រឹមត្រូវ។

  នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ខែ មិថុនានេះ។

  លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ 

ក្នុងប្រតិបត្តិការនេះដែរ ក្រុមការងារបានរកឃើញបទល្មើស១ករណីនៅទីតាំងអាជីវកម្មលក់ទូរស័ព្ទឈ្មោះ ឡឹ ចា ឌីជីថល ស្ថិតក្នុងបុរីជីបម៉ុង២៧១ ផ្ទះលេខ២២៥ ផ្លូវ Commercial ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងនោះជនជាតិ ចិន ១នាក់ និងជនជាតិខ្មែរ ២នាក់ (ស្រី ១នាក់) ព្រមទាំងសម្ភាររួមមាន៖ កុំព្យូទ័រ All in one ចំនួន ៦២គ្រឿង CPU ៩គ្រឿង ម៉ូនីទ័រ ២៦គ្រឿង ទូរស័ព្ទដៃ ៦៨២គ្រឿង Laptop ៥គ្រឿង។ ក្រោយការត្រួតពិនិត្យរបស់កម្លាំងជំនាញ ករណីនេះគឺស្ថិតក្រោមបទសង្ស័យត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ចំពោះសម្ភារខាងលើ ក្រុមការងារពុំបានដកហូតនោះទេ គឺ សម្រេចបិទឃ្លុំទីតាំងជាបណ្ដោះអាសន្ន ដោយរក្សានៅក្នុងផ្ទះនោះតែម្តង។ដោយឡែកជនសង្ស័យ ខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង