ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតត្រូវបានសហគមន៍ OB-PS តែងតាំងជាប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជានិងទទួលបានពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រីបេណេឌិកតេ

17

ភ្នំពេញលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Societyនេះជាកិត្តិយសដ៏មានអត្ថន័យសម្រាប់កម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា ខណៈដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ The Olave Baden-Powell Society (OB-PS) ប្រចាំកម្ពុជា និងទទួលបាន ពានសមាជិកភាពនៃព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ ពីសហគមន៍ OB-PS។
តាមលិខិតអបអរសាទររបស់ លោកស្រី Kaela Sáenz Oritiប្រធានសហគមន៍ OB-PS ចុះថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៦ការតែងតាំងនេះ ឆ្លុះបញ្ចាំងពីការគោរព និងការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តយូរអង្វែងរបស់លោកជំទាវបណ្ឌិត ក្នុងការអភិវឌ្ឍ និងលើកកម្ពស់យុវជន កុមារី និងយុវតី ព្រមទាំងការគាំទ្រដល់ចលនាកាយឫទ្ធិនារីនៅកម្ពុជា និងលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនេះ សហគមន៍ OB-PS ក្រោមព្រះរាជឧបត្ថម្ភរបស់ ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ក៏បានផ្តល់ ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេជូនលោកជំទាវបណ្ឌិត ដើម្បីទទួលស្គាល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការចូលរួមរបស់លោកជំទាវបណ្ឌិត ក្នុងការគាំទ្របេសកកម្មរបស់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) សម្រាប់កុមារី និងយុវតី។
ការតែងតាំង និងការទទួលបានពានកិត្តិយសអន្តរជាតិនេះ គឺជាសក្ខីភាពនៃការទទួលស្គាល់ចំពោះតួនាទីកម្ពុជា ក្នុងចលនាកាយឫទ្ធិនារីពិភពលោក និងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កុមារី និងយុវតីកម្ពុជា ក្នុងការបន្តកសាងចំណេះដឹង ទំនុកចិត្ត សមត្ថភាព វិន័យ ស្មារតីស្ម័គ្រចិត្ត និងភាពជាអ្នកដឹកនាំ។
សហគមន៍ OB-PS បានបង្ហាញក្តីជឿជាក់ថា ការដឹកនាំ និងការលើកទឹកចិត្តរបស់លោកជំទាវបណ្ឌិត នឹងរួមចំណែកបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហការ មិត្តភាព និងសកម្មភាពប្រកបដោយអត្ថន័យ ដើម្បីគាំទ្រដល់កុមារី និងយុវតី ទាំងនៅកម្ពុជា និងក្នុងចលនាកាយឫទ្ធិនារីអន្តរជាតិ។
សូមជម្រាបថា The Olave Baden-Powell Society (OB-PS) គឺជាបណ្តាញអ្នកគាំទ្រសកល ដែលរួមចំណែកគាំទ្របេសកកម្មរបស់ WAGGGS ក្នុងការផ្តល់ឱកាសដល់កុមារី និងយុវតី ឱ្យអភិវឌ្ឍសមត្ថភាព ការទទួលខុសត្រូវ ស្មារតីបម្រើសង្គម និងភាពជាអ្នកដឹកនាំសម្រាប់អនាគត៕

អត្ថបទដែលជាប់ទាក់ទង