ឯកឧត្ដម ហួត ហៃ៖ ការជំរុញសកម្មភាពកីឡា ជាការគិតគូរទៅលើសុខភាព គុណភាពនៃការរស់នៅ ពិសេសសុខុមាលភាពប្រជាពលរដ្ឋ
ភ្នំពេញ៖ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការជំរុញសកម្មភាពកីឡា ជាការគិតគូរទៅលើសុខភាព គុណភាពនៃការរស់នៅ ពិសេសសុខុមាលភាពប្រជាពលរដ្ឋ ដែលជាធនធាន និងមូលធនមនុស្សដ៏សំខាន់ រួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ ។
ការលើកឡើងរបស់ឯកឧត្ដម ហួត ហៃ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ទិវាយោគៈអន្តរជាតិ ដែលរៀបចំឡើង ដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត់ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ។
នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងរាជធានីបានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់ សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹង សេវាសុខាភិបាល ឱ្យមានគុណភាព ការកែលម្អអនាម័យបរិស្ថាន ក្នុងទីក្រុង ការលើកកម្ពស់សុវត្ថិភាព ចំណីអាហារ ការចូលរួមទប់ស្កាត់ ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការលុបបំបាត់ អំពើហិង្សាក្នុងគ្រួសារ ការពង្រឹង ការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ការទប់ស្កាត់និងបង្ក្រាប Game Online និងOnline Scams និងការផ្តល់សេវាសាធារណៈឱ្យបានល្អ តាមរយៈយន្តការ ច្រកចេញចូលតែមួយ ទាំងនៅថ្នាក់រាជធានី ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់។
ឯកឧត្ដម ហួត ហៃ បានថ្លែងគូសបញ្ជាក់ថា ការជំរុញសកម្មភាពកីឡា ជាការគិតគូរទៅលើសុខភាព គុណភាពនៃការរស់នៅ ពិសេសសុខុមាលភាពប្រជាពលរដ្ឋដែលជាធនធាន និងមូលធនមនុស្សដ៏សំខាន់ រួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ ក៏ដូចជាជួយទាក់ទាញភ្ញៀវទេសចរ បង្កើនចំណូលសេដ្ឋកិច្ច លើកកម្ពស់កិត្តិយសជាតិ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្សព្វផ្សាយពីវប្បធម៌ រួមផ្សំនឹងសមិទ្ធផល នៃការរីកចម្រើនវិស័យទេសចរណ៍កន្លងទៅនេះ ជាមួយនឹងការព្យាករណ៍ ពីការអភិវឌ្ឍនាពេលខាងមុខ ស្របពេលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបម្រើដល់ វិស័យទេសចរណ៍ ត្រូវបានកសាង និងមានគម្រោងកសាងឡើងបន្ថែមទៀត ឥតឈប់ឈរ នឹងប្រែក្លាយគោលដៅទេសចរណ៍ ឱ្យកាន់តែមានភាពទាក់ទាញ ងាយស្រួល សុវត្ថិភាព និងបន្តក្លាយជាគោលដៅទេសចរណ៍ ដ៏មានសក្តានុពល សម្រាប់ទេសចរណ៍ពិភពលោក នាពេលខាងមុខ។
ក្នុងនាម រដ្ឋបាលរាជធានីភ្នំពេញឯកឧត្ដម ក៏បានគាំទ្រ និងចូលរួមជាមួយក្រសួងទេសចរណ៍ ដៃគូពាក់ព័ន្ធ នូវការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពការងារសំខាន់ៗ ឆ្ពោះទៅសម្រេចបេសកកម្មរួម របស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងរំលឹកថា នៅជុំវិញពិភពលោក មនុស្សកាន់តែច្រើនឡើងៗ កំពុងទទួលស្គាល់ថា យូហ្គាអាចធ្វើអោយ សុខភាពទូទៅ និងគុណភាពជីវិត មានភាពប្រសើរឡើង។ យោហ្គា មានដើមកំណើតនៅប្រទេសឥណ្ឌា តាំងពីសម័យកាលបុរាណមកម៉្លេះ។ វាជាការហាត់ប្រាណមួយ ពង្រឹង រាងកាយ និងចិត្តរួមគ្នា និងផ្សារភ្ជាប់ភាព សុខដុមនៃជិវិតជាមួយធម្មជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ថ្លែងទៀតថា ប្រទេសកម្ពុជា បានប្រារព្ធទិវាយូហ្គាអន្តរជាតិ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥មកម៉្លេះ។ ការប្រារព្ធពិធីទាំងនេះ បានជួយបង្កើនការយល់ដឹង និងចំណាប់អារម្មណ៍លើយូហ្គាទូទាំងប្រទេស៕
