មូលនិធិគន្ធបុប្ផាកម្ពុជាកោតសរសើរនិងការលះបង់របស់លោកទីវតារារិទ្ធិដែលជិះកង់ឆ្លងទ្វីបរៃអង្គាសប្រាក់ដើម្បីសង្គ្រោះជីវិតកុមារនិងអំពាវនាវឱ្យយុវជនរួមគ្នាដើម្បីការងារមនុស្សធម៌នៅកម្ពុជា
ភ្នំពេញ៖លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរចំពោះការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្តរបស់លោក ទីវ តារារិទ្ធិ ដែលបានធ្វើដំណើរដោយជិះកង់យ៉ាងឆ្ងាយលើប្រវែងផ្លូវ ៥៧ ០០០គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសចំនួន៤០ នៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក ដើម្បីកៀរគថវិកាសម្រាប់ជួយសង្គ្រោះកុមារនៅកម្ពុជា។
ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ បន្ទាប់ពីជំនួបពិភាក្សាជាមួយក្រុមគ្រួសារលោក ទីវ តារារិទ្ធិ នៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ, លោក ឃាន តួក ក៏បានអំពាវនាវយុវជនកម្ពុជា យកគំរូតាមលោក ទីវ តារារិទ្ធិ រួមគ្នាបង្កើតកម្មវិធីកៀរគថវិកាសង្គ្រោះកុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា។
ជាមួយគ្នានេះដែរ លោក ឃាន តួក បានចាត់ទុកបេសកកម្មជិះកង់រៃអង្គាសប្រាក់ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ ពិតជាមានសារៈសំខាន់ខ្លាំងក្នុងការចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីនៅកម្ពុជា ជាបន្តទៀត។
ក្នុងគោលដៅជិះកង់រៃអង្គាសថវិកាឱ្យបាន ២៥ម៉ឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កិច្ចការសង្រ្គោះជីវិតកុមារកម្ពុជា កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ លោក ទីវ តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទៅកាន់ប្រទេសចំនួន៤០ លើចម្ងាយផ្លូវ៥៧០០០គីឡូម៉ែត្រ រយៈពេល ៧៣០ថ្ងៃ។
ក្នុងដំណើរផ្សងព្រេងជិះកង់ដោយប្រើកម្លាំងលើផ្លូវដ៏វែងឆ្ងាយឆ្លងកាត់អាកាសធាតុអាក្រក់ លោក ទីវ តារារិទ្ធិ ក៏រៀបរាប់ថាលោកជួបប្រទះស្ថានភាពអាក្រក់ជាច្រើនស្ទើរតែបណ្ដាលឱ្យបាត់បង់ជីវិត ក្នុងនោះប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរនៅលើផ្លូវដែលមានរថយន្តបើកក្នុងល្បឿនលឿន ជួបប្រទះអាកាសធាតុត្រជាក់ខ្លាំងរហូតដល់-៤០អង្សារ ការធ្វើដំណើរឆ្លងកាត់តំបន់កងទ័ពតាលីបង់ដែលមិនគោរពច្បាប់ ក្នុងប្រទេសអាហ្គានីស្ថាន ជួបប្រទះសត្វព្រៃកាចសាហាវ។
បេសកកម្មជិះកង់ផ្សងព្រេងឆ្លងកាត់របស់លោក ទីវ តារារិទ្ធិ ត្រូវបានបញ្ចប់ទៅដោយមិនអាចរក ប្រាក់បានគ្រប់ ២៥ម៉ឺនដុល្លារ តាមផែនការលោកបានកំណត់មុនពេលធ្វើដំណើរឡើយ។ លោកឱ្យដឹងថា លោករៃអង្គាសប្រាក់បានជាង ២១មួយម៉ឺនដុល្លារប៉ុណ្ណោះ ដូច្នេះហើយដើម្បីរៃអង្គាសប្រាក់ឱ្យគ្រប់លោកនឹងជិះកង់ពីភ្នំពេញទៅសៀមរាប ដើម្បីរៃអង្គាសប្រាក់ឱ្យគ្រប់តាមការកំណត់។ យ៉ាងណា ភ្លាមៗក្រោយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបញ្ចប់ទៅ លោក ទីវ តារារិទ្ធិ ទទួលបានការឧបត្ថម្ភប្រាក់ចំនួន ៣ ៥០០០ដុល្លារ ពីក្រុមហ៊ុនភេសជ្ជៈវើក ចំណុចនេះជួយឱ្យផែនការរៃអង្គាសប្រាក់ឱ្យបាន២៥ម៉ឺនដុល្លាររ បស់លោកទទួលបានជោគជ័យ។
ជាផែនការបន្ទាប់ពីការជិះកង់លើផ្លូវដ៏វែងឆ្ងាយនេះ លោក តារារិទ្ធិ គ្រោងផលិតភាពយន្តឯកសារនឹងសរសេរសៀវភៅអំពីរឿងរ៉ាវអនុស្សាវរីយ៍ បទពិសោធន៍ល្វីង ជូរចត់ ការប្រឈមគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិត កើតចេញពីការជិះកង់រយៈពេល២ឆ្នាំ រួចបោះពុម្ពដើម្បីរកប្រាក់បរិច្ចាគជូនមន្ទីរពេទ្យព្យាបាលកុមារបន្តទៀត។
លោក ទីវ តារារិទ្ធិ ក៏អំពាវនាវយុវជនកម្ពុជាត្រូវចេះទាញប្រយោជន៍ពីអ្វីដែលខ្លួនស្រឡាញ់ចូលចិត្ត បង្កើតជាប្រយោជន៍រួមសម្រាប់សង្គម ជាពិសេសបង្កើតព្រឹត្តិការណ៍រៃអង្គាសជួយដល់កុមារដែលកំពុងត្រូវការការសង្គ្រោះជីវិតនៅតាមមន្ទីរពេទ្យ ដោយមិនត្រូវធ្វើអ្វីតាមអំពើចិត្តខ្លួនបំពុលសង្គមឡើយ។
គួរបញ្ជាក់ថា លោ ទីវ តារារិទ្ធិ បានចាប់ផ្ដើមចេញដំណើរចេញពីមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ហើយឆ្លងកាត់ ៣ទ្វីប គឺទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិកខាងត្បូង។ យោងតាមបណ្តាញផ្លូវការរបស់លោក ពេលមកកម្ពុជាវិញ ការងារសំខាន់ៗត្រូវធ្វើ គឺការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន រៀបចំធ្វើដំណើរជិះកង់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប បិទកម្មវិធីជិះកង់សប្បុរសធម៌នៅមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ ផលិតខ្សែភាពយន្តឯកសារខ្លីនៃការធ្វើដំណើររបស់ខ្ញុំ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE” រៀបចំចងក្រង សៀវភៅ “២ ឆ្នាំជាមួយកង់TWO YEARS ON A BIKE”៕
