ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិតពេជចន្ទមុន្នីអញ្ជើញសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)

22

ភ្នំពេញលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ស្ថិតក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានអញ្ជើញក្នុងពិធីក្រុងពាលីហើយ ក៏បានបន្ដដំណើរអញ្ជើញកាត់ខ្សែបូសម្ពោធសារមន្ទីរព្រះវិហារអដ្ឋរស្ស ដោយបានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងធ្វើពិធិអភិសេកព្រះបដិមា (ព្រះពុទ្ធអង្គធំ) ។ 

ក្រោយពេលដែលបញ្ចប់ពិធីអភិសេកព្រះបដិមា (ព្រះពុទ្ធអង្គធំ) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាពិព័រណ៌ក្នុងព្រះវិហារផងដែរ។ ចំពោះ«សារមន្ទីរព្រះវិហារអដ្ឋរស្ស»នេះ គឺជាសមិទ្ធផលនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ស្ថិតក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ សារមន្ទីរនេះមានតម្កល់ព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ) ដែលមានន័យថា «អដ្ឋរស្ស» និងមានតាំងបង្ហាញប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គ ហើយការតម្កល់ព្រះពុទ្ធរូប និងវត្ថុសក្ការៈនៅព្រះវិហារ គឺជានិមិ្មតរូបដ៏សំខាន់នៅក្នុងការប្រតិបត្ដិជំនឿពុទ្ធសាសនា។

នាឱកាសនោះលោកជំទាវបណ្ឌិត ក៏បានគូសរម្លឹកថា «យើងត្រូវរួមគ្នាថែរក្សាកេរដំណែលប្រវត្តិសាស្ត្ររបស់ដូនតាខ្មែរយើងឱ្យបានស្ថិតស្ថេរ គង់វង្ស ព្រោះនេះជាអត្តសញ្ញាណយើង ជាដួងព្រលឹងជាតិយើងហើយក៏ជាថ្នាលសម្រាប់យើងទាំងអស់គ្នាសិក្សា ស្រាវជ្រាវ និងស្វែងយល់ទៀតផង»

សូមជម្រាបថាព្រះវិហារអដ្ឋរស្សខាងលើនេះ គឺត្រូវបានសាងសង់ឡើងដំបូងនៅស.វទី១៧ ក្នុងសម័យឧដ្ដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់ នាស.វទី១១ សម័យអង្គរ ក្នុងរចនាបថឃ្លាំង។ ព្រះវិហារ ដ៏ធំស្កឹមស្កៃនេះ មានបណ្តោយប្រវែង ៣៩.២ម៉េត្រ ទទឹង ២២.៣ម៉ែត្រ និងកម្ពស់ ២៣.៦ម៉ែត្រ ឯនៅខាងក្នុងព្រះវិហារ មានតម្កល់ព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ) ដែលមានន័យថា អដ្ឋរស្ស ទើបព្រះវិហារត្រូវបានហៅថា ព្រះវិហារអដ្ឋរស្ស។ តាមរយៈសង្គ្រាមជាច្រើនទសវត្សរ៍ ព្រះវិហារអដ្ឋរស្សបានរងការខូចខាត ហើយក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់គម្រោងជួសជុលកែលម្អស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបព្រះវិហារត្រូវបានជួសជុលរួចរាល់ទាំងស្រុងនៅថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង