ឯកឧត្ដមឃួង ស្រេង ណែនាំឱ្យ សមាជិក សមាជិការ បក្សសង្កាត់និងខណ្ឌត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អហើយលឿន មិនត្រូវយកសេវាក្រៅច្បាប់, ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានឱ្យល្អ ពិសេសអ្នកលក់ដូរ បែបអាណាធិបតេយ្យលើដងផ្លូវនិងចិញ្ចើមផ្លូវ
ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យ អាជ្ញាធរខណ្ឌ ចៅសង្កាត់ ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យល្អ ពិសេសចំពោះអ្នកលក់ដូរ បែបអាណាធិបតេយ្យលើដងផ្លូវនិងចិញ្ចើមផ្លូវ ដែលធ្វើឱ្យរាជធានីភ្នំពេញ បាត់បង់សោភណ្ឌភាព ខណៈដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះបាននិងកំពុងរស់នៅក្នុងភាពស៊ីវិល័យទៅតាមការរីកចំរើនលើគ្រប់វិស័យរបស់ប្រទេសជាតិហើយ។
ការណែនាំបែបនេះរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង ពិធីសំណេះសំណាលជាមួយសមាជិក សមាជិការ គណៈកម្មាធិការគណបក្ស សង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅសាលាប៊ែលធី ខណ្ឌបឹងកេងកង ក្រោយបញ្ចប់ម៉ោងការងាររដ្ឋបាលនាល្ងាចថ្ងៃទី០៨ កក្កដាឆ្នាំ២០២៦នេះ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវពិនិត្យមើលជាប្រចាំ ចំពោះប្រព័ន្ធលូ ផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួន មិនអាចឱ្យរាជធានីភ្នំពេញបាត់បង់សោភណ្ឌភាពនោះទេ។ ក្នុងនាមអាជ្ញាធរ ត្រូវដឹងថា៖ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាឧត្ដមភាពនៃសន្លឹកឆ្នោត។ ការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ វាមិនធ្វើឱ្យបាត់បង់សន្លឹកឆ្នោតនោះទេ។ មិនអាចឱ្យពលរដ្ឋមួយចំនួនតូចធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយក្រុងភ្នំពេញនោះទេ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីការងារនេះត្រូវធ្វើ ដោយភាពរលូន ដោយត្រូវផ្សព្វផ្សាយឱ្យបានច្រើន មុនចាប់ផ្តើមអនុវត្ត។
ឯកឧត្ដមឃួង ស្រេង បានបន្តថា៖ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះបាននិងកំពុងរស់នៅក្នុងភាពស៊ីវិល័យទៅតាមការរីកចំរើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ហើយរាជធានីភ្នំពេញក៏បានក្លាយជាទីក្រុងគោលដៅទេសចរណ៍ដ៏ល្អបំផុតផងដែរ។ដូច្នេះយើងត្រូវរួមគ្នាដើម្បីឱ្យរាជធានីភ្នំពេញយើងមានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ។
ឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យ សមាជិក សមាជិការ បក្សសង្កាត់និងខណ្ឌត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អហើយលឿន មិនត្រូវយកសេវាក្រៅច្បាប់។ដូច្នេះត្រូវអនុវត្តប្រសាសន៌របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត គឺធ្វើឱ្យលឿន ធ្វើឱ្យលៈ បើស្ទះស្នើរសុំគោលការណ៌។
ឯកឧត្ដមឃួង ស្រេង បានបន្តថា សមាជិក សមាជិការបស់យើង ជាឃោសនិកដ៏ឧត្ថុងឧត្ដមរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវយកគោលនយោបាយរបស់បក្ស និងអំពើល្អៗរបស់មេដឹកនាំបក្សទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាបកាន់តែច្បាស់ ត្រូវស៊ូ មតិឱ្យបានខ្លាំងក្លាជាមួយបក្សប្រឆាំង និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ យើងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។សម្តេចទាំងទ្វេបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់។ដូច្នេះយើងត្រូវយកអ្វីៗទាំងនេះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បានយល់ជ្រោតជ្រាបកាន់តែច្បាស់ ពេញចិត្តពេញថ្លើម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីឈានឆ្ពោះទៅយកជ័យជំនៈក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧និងឆ្នាំ២០២៨ខាងមុខ។
ក្នុងឱកាសនោះដែរ ទាំងចៅសង្កាត់និងមេភូមិនីមួយៗ បានលើកឡើងពី សមិទ្ធផលរបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាននិងកំពុងអនុវត្ត ដូចជា ការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ការបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ជាដើម។ បន្ថែមពីនេះក៏បានលើកឡើងពីការ ធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕
