ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញចុះបាញ់ថ្នាំមូសដោយអនុវត្តជាប់ជាប្រចាំរហូតមក​ សំដៅលុបបំបាត់ និងកំចាត់មូស ជាពិសេសនៅរដូវវស្សា ធ្វើយ៉ាងណាលើកកម្ពស់សុខមាភាព របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសទប់ស្កាត់ ជំងឺគ្រុនឈាម

13

ភ្នំពេញ ៖ សកម្មភាពចុះបាញ់ថ្នាំមូសត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចុះអនុវត្តជាប់ជាប្រចាំរហូតមក​ សំដៅលុបបំបាត់ និងកំចាត់មូស ជាពិសេសនៅរដូវវស្សា ធ្វើយ៉ាងណាលើកកម្ពស់សុខមាភាព របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសទប់ស្កាត់ ជំងឺគ្រុនឈាម។

ក្រោមកិច្ចសហការរបស់អាជ្ញាធរខណ្ឌ ជាមួយនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តបាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមមូលដ្ឋាន​ខណ្ឌនានា នៅរាជធានីភ្នំពេញ ខណៈការអនុវត្តការងារនេះ ធ្វើឡើងតាមការចង្អុលបង្ហាញ និងការគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

សកម្មភាពរបស់អាជ្ញារាជធានីភ្នំពេញ ក្នុងការទប់ស្កាប់ និងកំចាត់មូលខ្លានេះ ធ្វើឡើងស្របគ្នាទៅនឹងសេចក្តីណែនាំក្រើនរំលឹក ស្តីពីការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាល នៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា របស់ក្រសួងសុខាភិបាល នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ផងដែរ ។

តាមរយៈក្រសួងសុខាភិបាល បានក្រើនរំលឹកថា ក្នុងអំឡុងពេលរដូវវស្សា ជាទូទៅធ្វើឱ្យមានការកើនឡើង វត្ថុដក់ទឹកដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសកម្ពុជា កំពុងទទួលឥទ្ធិពល នៃបាតុភូតកើនកម្ដៅ (El Niño) អាចធ្វើឱ្យមានការកើនឡើង នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក រួមទាំងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះ អាចធ្វើឱ្យមានការកើនឡើងចំនួនមូសខ្លា និងជំងឺគ្រុនឈាម ដែលទាមទារឱ្យមានការចូលរួម យ៉ាងសកម្មពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍។

តាមការសិក្សាស្រាវជ្រាវ សត្វមូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់ នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ ឡាន/កង់ម៉ូតូទុកចោលពាសវាលពាសកាល ត្រឡោកដូង កែវ ចានជ័រ/ស្ងោរ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។ សត្វមូសខ្លា ចូលចិត្តសំងំលាក់ខ្លួននៅក្នុងទីកន្លែងងងឹតៗ ឬមិនសូវមានពន្លឺថ្ងៃចូលដល់។

ហេតុនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្រប នឹងពាក្យស្លោក “ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក” ព្រមទាំងអនុវត្តនូវវិធានការអន្តរាគមន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ។

ពាក់ព័ន្ធនឹងពាក្យស្លោក “ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ។លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ កាប់ឆ្កាព្រៃជិតផ្ទះ ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម៕

អត្ថបទដែលជាប់ទាក់ទង