សមាជិកក្រុមប្រឹក្សារាជធានីកោតសរសើររដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយនិងការផ្តល់សេវា ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយនិងការផ្តល់សេវា ជូនប្រជាពលរដ្ឋ តាមរយៈច្រក ចេញ ចូលតែមួយរាជធានីភ្នំពេញ ក្នុងមួយខែកន្លងមកនេះ។
ការកោតសរសើរបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ កក្កដាឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីតំណាង ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ជួប ខុន បានលើកឡើថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែមិថុនាកន្លងមកនេះបានអនុវត្តការងារបានយ៉ាងល្អ ដូចជា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយនិង ពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈច្រក ចេញ ចូលតែមួយ រាជធានីភ្នំពេញ បានយ៉ាងល្អប្រសើរ ។ នេះពិតជាបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឆាយ វីរៈ បានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើរ របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើនេះ គឺការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើនមួយកម្រិតបន្ថែមទៀត។
ឯកឧត្តម ឆាយ វីរៈ បានបន្តថា ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយអភិបាលរងមួយរូប បានចុះពិនិត្យទីតាំងសង្ស័យ មិនថាពេលយប់ឬថ្ងៃឡើយ គឺដើម្បីឈានទៅលុបបំបាត់បទល្មើសទាំងនេះឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ។ ចំពោះការផ្តល់សេវា ជូនប្រជាពលរដ្ឋ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការផ្តល់សេវាឱ្យបានលឿន និងទាន់ពេល។
ឯកឧត្តម ឆាយ វីរៈ បានបន្តទៀតថា ចំពោះការងារគ្រប់គ្រងសំណល់រឹង យើងបានដឹកសំរាមទៅទីលានចាក់សំរាមនៅខណ្ឌដង្កោប្រមាណ៤០០០តោន ក្នុង១ថ្ងៃ ហើយចាប់ពីឆ្នាំ២០២៧តទៅ យើងនឹងបង្វែលទៅសំរាមនៅទួលព្រិច ខេត្តកណ្តាលវិញ។ដោយឡែកចំពោះការស្តារលូ ប្រឡាយវិញ ឯកឧត្តម ឃួង ស្រេង ជារាល់ឆ្នាំ នៅមុនរដូវវស្សាមកដល់ គឺបានបញ្ជាឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ស្តារលូ និងប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុង៥ខណ្ឌកណ្តាលក្រុងស្តារលូ និង៩ខណ្ឌទៀតស្តារប្រឡាយ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ៕
