ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះមួយកន្លែង នៅខណ្ឌទួលគោក រកឃើញពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ឃាត់ខ្លួនជនសង្ស័យ២៥នាក់ដកហូតបានវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន

14

ភ្នំពេញ៖គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះមួយកន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានរកឃើញពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពវិនិយោគ(Investment Scams) ដោយបានឃាត់ខ្លួនជនសង្ស័យ២៥នាក់ព្រមទាំងដកហូតបានវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។

  លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នៅរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩និង២០នាទី គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការបញ្ជា និងដឹកនាំផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ហ៊ុន សុរិទ្ធី និងឯកឧត្តមសុខ ពេញវុធអភិបាលរង ដោយមានកិច្ចសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះលេខ០០៦ ផ្លូវលេខ៥៦៨ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យរកឃើញមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៥នាក់ ស្រី០៤នាក់ មាន ០២សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន ២១នាក់ (គ្មានលិខិតឆ្លងដែន ១៧នាក់ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចំនួន ២នាក់) និងជនជាតិ មីយ៉ាន់ម៉ា ៤នាក់ ព្រមទាំងបានរឹបអូសសម្ភារជាវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន រួមមាន៖ កុំព្យូទ័រយួរដៃចំនួន ១៣គ្រឿង កុំព្យូទ័រ All In One ចំនួន ១៦គ្រឿង ទូរស័ព្ទចំនួន ០៧គ្រឿង ដុំ Wi-Fi ចំនួន ០៥គ្រឿង ម៉ូនីទ័រ ចំនួន ០១គ្រឿង

លិខិតឆ្លងដែនចំនួន ០៦ច្បាប់ និងលិខិតឆ្លងដែនក្លែងក្លាយចំនួន ០៣ច្បាប់។

  លោកស្រី ដោ សម្ផស្ស  បានបញ្ជាក់ថា៖ យោងតាមការធ្ចើកោសល្យវិច្ឆ័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើសម្ភារជាកំព្យូទ័រ និងទូរស័ព្ទ ក្រុមការងារបានសន្និដ្ឋានថាជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពវិនិយោគ(Investment Scams)។

ដោយទទួលបានគោលការណ៏ណែនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ និងបានការឯកភាពពី លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតីវិធីជំនាញ ចំណែកឯផ្ទះវីឡាខាងលើត្រូវបានបិទឃ្លុំជាបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង