អ៊ីរ៉ង់និងអូម៉ង់ឈានដល់ការយោគយល់គ្នាលើកិច្ចព្រមព្រៀងបើកច្រកសមុទ្រហ័រមូសឡើងវិញ
រីយ៉ាដ៖ប្រទេសអ៊ីរ៉ង់ និងអូម៉ង់ បានឈានដល់ការយោគយល់គ្នាលើសេចក្តីព្រាងកិច្ចព្រមព្រៀង ដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញក្នុងរយៈពេល ៦០ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍។
ប្រភពជាន់ខ្ពស់បានបង្ហើបថា កិច្ចព្រមព្រៀងនេះកំពុងរង់ចាំការអនុម័តពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ ហើយរំពឹងថានឹងប្រកាសជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខ ក្នុងគោលបំណងស្តារនាវាចរណ៍នៅផ្លូវទឹកដ៏សំខាន់នេះឡើងវិញ។ យោងតាមកិច្ចព្រមព្រៀង នាវាដែលធ្វើដំណើរចូលច្រកសមុទ្រ នឹងត្រូវប្រើប្រាស់ខ្សែផ្លូវក្បែរប្រទេសអ៊ីរ៉ង់ ចំណែកនាវាដែលធ្វើដំណើរចេញ នឹងត្រូវប្រើខ្សែផ្លូវក្បែរប្រទេសអូម៉ង់។ អ្វីដែលសំខាន់នោះគឺ នឹងមិនមានការយកថ្លៃឆ្លងកាត់ ឬថ្លៃសេវាណាមួយឡើយ ខណៈបណ្តាប្រទេសក្នុងតំបន់អាចចូលរួមក្នុងប្រតិបត្តិការបោសសម្អាតមីន និងនីតិវិធីបច្ចេកទេសផ្សេងៗ។
ប្រភពដដែលបានបន្ថែមថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងវិលត្រឡប់ទៅអនុវត្តតាមអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីសន្តិភាពរបស់ពួកគេវិញ ដោយផ្តោតលើកថាខណ្ឌទី៥ ដែលចែងពីការបើកច្រកសមុទ្រ និងការធានាសុវត្ថិភាពនាវាចរណ៍ពាណិជ្ជកម្ម។ បច្ចុប្បន្ន ការទំនាក់ទំនងដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ តាមរយៈអ្នកសម្របសម្រួល កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយហើយ។
គួររំលឹកថា អ៊ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រដ៏សំខាន់នេះ តាំងពីចុងខែកុម្ភៈមកម្ល៉េះ បន្ទាប់ពីរងការវាយប្រហាររួមគ្នាពីអាមេរិក និងអ៊ីស្រាអែល។ ទោះបីជាអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាបញ្ចប់សង្គ្រាមកាលពីខែមិថុនា ដោយមានពេល ៦០ថ្ងៃដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងស្ថាពរក្តី ប៉ុន្តែការផ្ទុះហិង្សាជាបន្តបន្ទាប់ថ្មីៗនេះ បានធ្វើឱ្យដំណើរការសន្តិភាពជួបភាពរអាក់រអួលយ៉ាងខ្លាំង៕
