ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឬស្សីកែវ អញ្ជើញកាត់បើកវិញ្ញាសា រប្រឡងសញ្ញាបត្របាក់ឌុប នៅក្នុងខណ្ឌឬស្សីកែវ

18

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានអញ្ជើញជាអធិបតីកាត់បើកវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំសិក្សា២០២៥-២០២៦ នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងមន្ត្រីពាក់ព័ន្ធ ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានបង្ហាញហឹបវិញ្ញាសាជូនដល់បេក្ខជនប្រឡង ដើម្បីពិនិត្យភាពបិទជិត ដោយមានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ ប្រកបដោយយុត្តិធម៌ តម្លាភាព និងអាចទទួលយកបាន ។

លោកបន្តថា ការប្រឡង ត្រូវបានរៀបចំឡើងក្នុងស្មារតីយកចិត្តទុកដាក់ និងតាមគោលការណ៍ត្រឹមត្រូវ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយស្មើភាព យុត្តិធម៌ តម្លាភាព និងរក្សាបាននូវគុណភាពនៃការប្រឡង ។ ក្នុងដំណាក់កាលនេះមានតែខ្លួនទីពឹងខ្លួនទេ មិនមាននរណាម្នាក់អាចជួយបានឡើយ ដូច្នេះបើចេះគឺជាប់ហើយ ។

ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន ក៏បានលើកទឹកចិត្តដល់បេក្ខជន និងបេក្ខនារីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យអស់ពីលទ្ធភាព ថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ និងមានស្មារតីជឿជាក់លើខ្លួនឯង។ លោកក៏បានជូនពរឱ្យបេក្ខជនទាំងអស់ទទួលបានលទ្ធផលល្អ និងជាប់និទ្ទេសល្អៗ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការលើកស្ទួយកិត្តិយសគ្រួសារ សាលារៀន សង្គម និងប្រទេសជាតិ ។

ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនដែលបានចុះឈ្មោះប្រឡងមានចំនួនសរុប ១៥១,២៣៨នាក់ ក្នុងនោះមានបេក្ខជនស្រី ៨៤,៧៣៥នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៧,៤៤៥នាក់ ស្មើនឹង ២៤.៧៦% ខណៈបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥.២៤%។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង