ឯកឧត្ដម ឃួង ស្រេង៖ណែនាំសមាជិក សមាជិការបស់គណបក្សប្រជាជនកិច្ចការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រូវតែធ្វើឱ្យបានដាច់ខាត ត្រូវនិយាយឱ្យបានពិរោះ ពីសារ មានវិជ្ជាជីវៈជាមួយពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន
ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ កិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រូវតែធ្វើឱ្យបានដាច់ខាត ត្រូវនិយាយឱ្យបានពិរោះ ពីសារ មានវិជ្ជាជីវៈជាមួយពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ មេប៉ុស្តិ៍ បើទោះបីមានមន្ត្រីប៉ូលីសតិចឬច្រើន ដាច់ខាតត្រូវតែធានាសន្តិសុខ សុវត្ថិភាពឱ្យបាន មិនត្រូវផ្តេកផ្តួលទៅតាមកម្លាំងនោះទេ ហើយបើត្រូវការកម្លាំងត្រូវស្នើមកអធិការដ្ឋាន។
ប្រសាសន៍ ឯកឧត្ដមឃួង ស្រេងខាងលើបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាល្ងាចថ្ងៃទី១២ សីហា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌសែន សុខ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងនាមអាជ្ញាធរ ត្រូវដឹងថា៖ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាឧត្ដមភាពនៃសន្លឹកឆ្នោត។ ការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ វាមិនធ្វើឱ្យបាត់បង់សន្លឹកឆ្នោតនោះទេ។ មិនអាចឱ្យពលរដ្ឋមួយចំនួនតូចធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយក្រុងភ្នំពេញនោះទេ។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះបាននិងកំពុងរស់នៅក្នុងភាពស៊ីវិល័យទៅតាមការរីកចំរើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ដែលយើងត្រូវរួមគ្នាដើម្បីឱ្យរាជធានីភ្នំពេញរបស់យើងមានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ក្នុងនាម
សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ត្រូវធ្វើការងារព្រមៗគ្នា ដើម្បីការពារឧត្ដមប្រយោជន៍ប្រជាពលរដ្ឋ កាត់បន្ថយភាពអសកម្មនានាដែលនាំឱ្យខួចប្រយោជន៍ខ្លួនឯងនិងប៉ះពាល់ផលប្រយោជន៍របស់បក្ស។ គណបក្សប្រជាជនកម្ពុជាត្រូវកាន់អំណាចជារៀងរហូត ព្រោះថាគ្មានបក្សណាមួយ មានសមត្ថភាព ការពារសន្តិភាព អភិវិឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន ជឿនលឿនដូចគណបក្សប្រជាជនកម្ពុជានោះទេ។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន លើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ឡើយ។ដូច្នេះក្នុងនាមអាជ្ញាធរ ដែលជាសមាជិក សមាជិការបស់បក្សត្រូវយកគោលនយោបាយរបស់បក្សនិងអំពើល្អៗរបស់មេដឹកនាំយើងទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាប ដើម្បីឱ្យពួកគាត់ ជឿជាក់ បន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៧-២០២៨បន្តទៀត។
ក្នុងឱកាសនោះដែរ ចៅសង្កាត់ទាំង៦
ដែលមានដូចជា សង្កាត់ក្រាំងធ្នង់,សង្កាត់ឈ្មួញ,សង្កាត់ភ្នំពេញថ្មី,សង្កាត់គោកឃ្លាង,សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម និងមេភូមិបានលើកឡើងពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ពិសេសការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) លើកឡើងពីសមិទ្ធផលការងារបស់បក្សសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាននិងកំពុងអនុវត្ត ដូចជា ការខិតខំកសាងសមាជិកបក្ស ពិសេសគឺការប្តេជ្ញាចិត្ត ក្នុងការកែប្រែក្លាយសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៧-២០២៨ខាងមុខនេះ។ បន្ថែមពីនេះ ចៅសង្កាត់និងមេភូមិក៏បានស្នើសុំ ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរ ដូចជាការស្នើសុំកសាងផ្លូវបេតុងនៅក្នុងភូមិ ការកាយប្រឡាយនិងដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម ហើយការស្នើសុំនេះ ក៏ត្រូវបានលោកឃួង ស្រេង ឯកភាព ប៉ុន្តែលោកបញ្ជាក់ថានឹងផ្តល់ជូននូវអ្វីដែលចាំបាច់៕
