ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រួសាររបស់វីរកងទ័ពពលីត្រូវបានលោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតប្រគល់ផ្ទះថ្មីចំនួន៧ខ្នង

30

ព្រៃវែងស្វាយរៀង៖ដោយមានការគិតគូរជាបន្តបន្ទាប់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តព្រៃវែង ចំនួន ៥ខ្នង និងខេត្តស្វាយរៀង ចំនួន ២ខ្នង។

ផងដែរនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងបរិក្ខារចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ជាការគិតគូរដល់ស្ថានភាពជីវិតរបស់វីរកងទ័ពរួមទាំងក្រុមគ្រួសារ សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាផ្តល់ការណែនាំឱ្យប្រកបមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការជួយសម្រួលដល់ការផ្ទេរប័ណ្ណកម្មសិទ្ធិដោយមិនគិតកម្រៃសេវា រួមទាំងការប្រគល់ជូននូវមេដាយកិត្តិយសដល់វីរកងទ័ពដែលបានប្រយុទ្ធដោយផ្ទាល់ក្នុងសមរភូមិការពារទឹកដី។ ជាលទ្ធផល ក្រុមគ្រួសាររបស់វីរកងទ័ពបានប្រកបរបរចិញ្ចឹមជីវិតយ៉ាងរីកចម្រើន បានរៀបចំទុកដាក់ផ្ទះសម្បែងដោយមានការដាំដំណាំជាច្រើនមុខនៅជុំវិញផ្ទះ និងថែមទាំងបានបញ្ជូនកូនចៅទៅរៀនសូត្រគ្រប់ជ្រុងជ្រោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង