ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនបង្ហាញរូបភាពជួបជាមួយលោកកឹមសុខាភរិយានិងកូនស្រី

15

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញរូបភាពជាច្រើនសន្លឹកនៃជំនួបរវាងសម្តេច ជាមួយលោក កឹម សុខា ភរិយា និងកូនស្រី នៅភូមិគ្រឹះរបស់សម្តេច។

សម្តេចតេជោ បានបញ្ជាក់លើ Channel CoolApp ផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលមុនពេលលោក កឹម សុខាចុះ សួរសុខទុក្ខកងទ័ព និងជនភៀសសឹក លោក កឹម សុខា បានអញ្ជើញជួបសម្តេច។ នៅថ្ងៃនេះ លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រី បានអញ្ជើញសួរសុខទុក្ខសម្តេចម្តងទៀត។

សម្តេចបានបញ្ជាក់ថា សម្តេច និងលោក កឹម សុខា ជក់និយាយគ្នារហូត៣ម៉ោង ពោលពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដោយនិយាយច្រើនជាមួយលោកស្រី កឹម មនោវិទ្យា។

សម្តេចតេជោ បានសរសើរលោកស្រី កឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជួបជាមួយលោកស្រី កឹម មនោវិទ្យា ដែរ។ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ជំនួបនោះជជែកច្រើនលើការរួមគ្នាកសាងជាតិ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការវិវឌ្ឍយ៉ាងខ្លាំងនៃទំនាក់ទំនងឥស្សរជននយោបាយចាស់វស្សានៅកម្ពុជា គឺសម្តេចតេជោ និងលោក កឹម ជាពិសេសការមានទំនាក់ទំនងល្អរវាងគ្នា។ 

ស្ថានភាពនេះ បាននាំឱ្យប្រជាពលរដ្ឋខ្មែរពេញចិត្ត និងសាទរយ៉ាងខ្លាំង។ ពលរដ្ឋខ្មែរចង់ឃើញអ្នកនយោបាយខ្មែរអាចធ្វើការជាមួយគ្នាដោយភាពសុខដុម ដើម្បីកសាងជាតិ៕

អត្ថបទដែលជាប់ទាក់ទង