ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីរ៉ង់ព្រមានបើកការវាយលុកនៅច្រកសមុទ្រហ័រមូសប្រសិនបើការចរចាជាមួយអាមេរិកបរាជ័យ

38

ឌូបៃ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តប្តូរយុទ្ធសាស្ត្រពីការការពារ ទៅជាការ «វាយលុកពេញទំហឹង» វិញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក បានជួបភាពជាប់គាំង។

មន្ត្រីអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា «ស្ថាប័នអ៊ីរ៉ង់ទាំងអស់ត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនភាពតានតឹងនៅច្រកសមុទ្រហ័រមូស និងក្នុងតំបន់ទាំងមូល ព្រោះអ៊ីរ៉ង់នឹងត្រៀមខ្លួនធ្វើការសម្រេចចិត្ត និងចាត់វិធានការដ៏លំបាកបំផុត»។ លោកបានបន្ថែមថា ទីក្រុងតេហេរ៉ង់ នឹងបើកការវាយប្រហារយោធា «ទាន់ពេលវេលា និងចំគោលដៅ» ដើម្បីបំបែកការបិទខ្ទប់របស់កងទ័ពជើងទឹកអាមេរិក ប្រសិនបើមធ្យោបាយការទូតត្រូវទទួលបរាជ័យ។

គួរបញ្ជាក់ថា ថ្ងៃចន្ទនេះ គឺជាថ្ងៃកំណត់ដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានឯកភាពកាលពីខែមិថុនា។ អនុស្សរណៈដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា នោះ បានកំណត់ពេលវេលា ៦០ថ្ងៃ (អាចពន្យារបានតាមការព្រមព្រៀង) ដើម្បីឱ្យទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ឈានដល់កិច្ចព្រមព្រៀងមួយដែលគ្របដណ្តប់លើបញ្ហាទូលំទូលាយ ដូចជាជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម។

ទោះជាយ៉ាងណា អនុស្សរណៈដែលបានប្រកាសពីការបញ្ឈប់ប្រតិបត្តិការយោធាជាអចិន្ត្រៃយ៍នៅគ្រប់សមរភូមិនេះ បានដួលរលំទៅវិញយ៉ាងឆាប់រហ័ស ដោយសារតែជម្លោះដណ្តើមការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស។ ស្របពេលជាមួយគ្នានេះ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រាប់ពលរដ្ឋអាមេរិកឱ្យត្រៀមខ្លួនទទួលយកការកើនឡើងនៃតម្លៃប្រេងសាំងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង