អ៉ីរ៉ង់អះអាងថា «ច្រកសមុទ្រ Hormuz »គឺជារបស់ខ្លួនជានិច្ចក្រោយលោកត្រាំថានឹងប្រកាសច្រកសមុទ្រនេះជាទឹកដីរបស់អាមេរិក
តេហេរ៉ង់៖នាថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi បានបង្ហោះសារនៅលើប្រព័ន្ធបណ្តាញសង្គម ដោយសង្កត់ធ្ងន់ថា តាំងពីដើមមកច្រកសមុទ្រ Hormuz គឺជារបស់អ៉ីរ៉ង់ បច្ចុប្បន្នក៏ជារបស់អ៉ីរ៉ង់ ហើយនឹងនៅតែបន្តជារបស់អ៉ីរ៉ង់ជានិច្ច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
ការលើកឡើងដូចខាងលើពីសំណាក់អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា រូបលោកក្នុងពេលឆាប់ៗ នឹងប្រកាសច្រកសមុទ្រ Hormuz ជាផ្នែកនៃទឹកដីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកយកឈ្នះលើអ៉ីរ៉ង់បានទាំងស្រុង ក្នុងសង្រ្គាមដែលផ្ទុះឡើង តាំងពីចុងខែកុម្ភៈ។ ប៉ុន្តែក្រោយមកមន្រ្តីសេតវិមាន បានចេញបកស្រាយវិញថា លោក ត្រាំ គ្រាន់តែនិយាយលេងប៉ុណ្ណោះ។ លោក Gharibabadi បានបន្ថែមថា «ច្រកសមុទ្រនេះនឹងអាចបិទហើយបើក ក្រោមការបញ្ជារបស់អ៉ីរ៉ង់តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា លោក ត្រាំ បានរួមដៃជាមួយអ៉ីស្រាអែល បំផ្ទុះសង្រ្គាមប្រឆាំងអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាហេតុធ្វើឱ្យទីក្រុងតេហេរ៉ង់សងសឹកវិញ តាមរយៈការគ្រប់គ្រង សឹងទាំងស្រុងលើច្រកសមុទ្រ Hormuz។ សង្រ្គាមកំពុងបន្តជាប់គាំងរកច្រកចេញមិនទាន់ឃើញ ខណៈបញ្ហាច្រកសមុទ្រនេះ បានក្លាយជាបញ្ហាខ្ទាស់ចម្បងបំផុត ដោយ អ៉ីរ៉ង់បានរារាំងសាជាថ្មីមិនឱ្យកប៉ាល់ពាណិជ្ជកម្មស្ទើរទាំងអស់ ចេញចូល Hormuz ហើយកងទ័ពជើងទឹកអាមេរិក ក៏បានអនុវត្តឡើងវិញផងដែរ នូវវិធានការបិទខ្ទប់ កំពង់ផែនានារបស់អ៉ីរ៉ង់ ក្នុងគោលដៅព្យាយាមបង្កើនសម្ពាធសេដ្ឋកិច្ចលើអ៉ីរ៉ង់។
លោក ត្រាំ ថាក្នុងពេលឆាប់ៗ នឹងប្រកាសច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក
វ៉ាស៉ីនតោន៖កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចជាស្ថាពរនូវការយកឈ្នះលើអ៉ីរ៉ង់ ហើយក្នុងពេលឆាប់ៗនឹងប្រកាសច្រកសមុទ្រ Hormuz ជាផ្នែកនៃទឹកដីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងអំឡុងព្រឹត្តិការណ៍មួយនៅរដ្ឋ New York លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ក្រោយយើងយកឈ្នះអ៉ីរ៉ង់បានទាំងស្រុង ក្នុងពេលឆាប់ៗ ខ្ញុំនឹងប្រកាសច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក» ហើយលោកបានបន្ថែមថា វាគឺជាការពិត។ ប៉ុន្តែក្រោយមក មន្រ្តីសេតវិមានមួយរូប បានចេញបកស្រាយថា លោកប្រធានាធិបតីអាមេរិក គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់អះអាងជាច្រើនលើកច្រើនសាថា ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដ៏សំខាន់សម្រាប់លំហូរប្រេងនិងឧស្ម័នរបស់ពិភពលោក ហើយ ដែលត្រូវបានទីក្រុងតេហរ៉ង់បិទខ្ទប់ ចាប់តាំងពីផ្ទុះសង្រ្គាមនៅមជ្ឈិមបូព៌ា គឺកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ជាការអះអាងដែល ទីក្រុងតេហេរ៉ង់ បានទាត់ចោល។ នាពេលនេះ កិច្ចប្រឹងប្រែងដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមរវាងភាគីទាំងពីរ បានបន្តជាប់គាំង៕
