ចេញពីពន្ធនាគារមិនទាន់បាន ១ខែ មិនរាងចាល រត់ទៅកាប់គេ ២ពូថៅ ត្រូវអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនយកមកផ្តន្ទាទោស
បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា កាប់ដោយពូថៅ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ១៨នាទីនៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានអោយដឹងថា ៖ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជា ផល្លី ភេទ ប្រុស អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីខាងលើ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ឈន ភារម្យ ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា ៖ នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូទៅធ្វើការនៅម្តុំរោងចក្រគុយទាវ ពេលជិះដល់រោងចក្រគុយទាវស្រាប់តែជនសង្ស័យបានជិះម៉ូតូតាមខ្លួន ហើយដកពូថៅកាប់មកលើខ្លួន ចំនួន ២ពូថៅ បណ្តាលឲ្យបែកមួកសុវត្ថិភាព និងធ្លុះមួកត្រូវចំក្បាលលើត្រចៀកខាងឆ្វេង ប្រវែង ៨សង់ទីម៉ែត្រ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមកដល់មុខផ្ទះរបស់ខ្លួន ហើយបានគប់សំបកពោតចូលក្នុងបរិវេណផ្ទះរបស់ខ្លួន ពេលនោះខ្លួនមានកំហឹងជាខ្លាំង បានរត់ទៅយកពូថៅដែលទុកនៅផ្ទះបាយ ហើយជិះម៉ូតូតាមជនរងគ្រោះ ពេលជិះទៅដល់ខ្លួនបានហៅជនរងគ្រោះឲ្យឈប់ និងបានកាប់ជនរងគ្រោះចំនួន ២ពូថៅ ត្រូវចំមួកសុវត្ថិភាព ហើយខ្លួនបានជិះម៉ូតូត្រឡប់មកផ្ទះវិញបម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ សូមបញ្ជាក់ថាជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ស្តីពីបទរំលោភលើសេចក្តីទុកចិត្ត ទើបតែចេញពីពន្ធនាគារ បានប្រហែល ១ខែ ក៏បានប្រព្រឹត្តបទល្មើសបន្ថែមទៀត ដោយមិនរាងចាល ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ តាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនាកាប់ដោយពូថៅ។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕