ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ វិមានឈ្នះឈ្នះ ជានិមិត្តរូបស្នាដៃបង្រួបបង្រួមជាតិ របស់សម្តេចតេជោ សែន!

369

ភ្នំពេញ៖រាជរដ្ឋាភិបាល នឹងរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍ នៃនយោបាយឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ រយៈពេល ៣ថ្ងៃ ៣យប់ ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានឈ្នះឈ្នះ។
វិមានអនុស្សាវរីយ៍ “នយោបាយឈ្នះឈ្នះ” ត្រូវបានកសាងឡើងយកគំរូ តាមរចនាបទប្រាង្គប្រាសាទនានា មានកម្ពស់ ប្រមាណ ៥៤ម៉ែត្រ ទទឹង ៣៦ម៉ែត្រ។ វិមាននេះ ត្រូវសាងសង់លើផ្ទៃដីសរុបចំនួន ៨ ហិចតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វិមានឈ្នះឈ្នះ ក៏ត្រូវបានកសាងឡើង រំលេចដោយរូបសំណាក ចម្លាក់ជញ្ជាំងថ្ម ផ្ទាំងរូបថតប្រវត្តិសាស្រ្ត វិដេអូអេឡិកត្រូនិក… ដែលបានរៀបចំដាក់តាំងបង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិ អោយបានឃើញច្បាស់អំពីប្រវត្តិពិតនៃការតស៊ូរំដោះប្រទេស ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តួលរំលំរបបវាលពិឃាតប៉ុលពត និងរំលាយចោលអស់ទាំងស្រុងនូវតំបន់ត្រួតត្រាច្រើន ដោយភាគីផ្សេងៗ នៅលើទឹកដីកម្ពុជា។
ការលះបង់គ្រប់យ៉ាងរបស់សម្តេចតេជោ បានធ្វើអោយកម្ពុជា ក្លាយមកជាប្រទេស មានសុខសន្តិភាព និងរីកចម្រើន មកទល់សព្វថ្ងៃ។ មរតកតេជោ ដែលជាជ័យជំនះរបស់កម្ពុជាទាំងមូល នឹងបន្សល់ទុកជូនកូនខ្មែរជំនាន់ក្រោយ អោយបានឃើញច្បាស់ តាមរយៈវិមានឈ្នះឈ្នះ ដែលនឹងធ្វើបុណ្យ ៣យប់ ៣ថ្ងៃ នៃការសម្ពោធ នាថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨។
សំណង់វិមានឈ្នះឈ្នះនេះ ក៏តំណាងឱ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលបច្ចុប្បន្នជាសម្តេចតេជោហ៊ុន សែន ដែលហ៊ានប្រថុយជីវិត ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាមជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ប៉ុល ពត។
ការសាងសង់វិមានឈ្នះឈ្នះនេះ ក៏ដើម្បីរម្លឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ ហើយរួមទាំងជានិមិត្ដរូប នៃសុខសន្តិភាព ដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ជាការពិត ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជា រវាងខ្មែរ និងខ្មែរ ពោលគឺរវាងទាហានខ្មែរក្រហម និងរាជរដ្ឋាភិបាលកម្ពុជា គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលមេដឹកនាំខ្មែរក្រហម រួមមាន៖ នួនជា អៀងសារី និងខៀវសំផន បានមកសុំចុះចូលជាមួយរាជរដ្ឋាភិបាល ដល់ផ្ទះរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ដើម្បីជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាល ដែលមានក្រសួងការពារជាតិ ជាសេនាធិការ បានសាងសង់វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ។ វិមានឈ្នះឈ្នះ នៅសម័យតេជោ សែន នាពេលនេះ ប្រៀបបាននឹងវិមានឯករាជ្យ ដែលសម្តេចព្រះ នរោត្តម សីហនុ បានសាងសង់ឡើង ក្រោយព្រះអង្គ ដឹកនាំកម្ពុជា ទាមទារឯករាជ្យពេញលេញពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ដូច្នេះតាមរយៈវីរៈភាពរបស់បុព្វបុរស និងបុរសរដ្ឋកម្ពុជាខាងលើនេះ កូនខ្មែរជំនាន់ក្រោយ កុំឈ្លោះគ្នា ហើយត្រូវរួមគ្នាថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងនោះ កូនខ្មែរទាំងអស់ ក៏ត្រូវធ្វើនយោបាយ តាមចុងប៊ិច និងបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីដឹកនាំប្រទេស ជៀសវាងឲ្យខានតែបាននូវការច្បាំងគ្នា ដោយសង្គ្រាមអាវុធ នាំដល់ការកាប់សម្លាប់ខ្មែរ និងខ្មែរ។
ខ្មែរយើង មិនត្រូវបែកបាក់តទៅទៀតទេ ព្រោះថា ខ្មែរយើងបានបែកបាក់តាំងពីក្រោយសម័យអង្គរ។ ប៉ុន្តែកម្ពុជា នៅពេលនេះ បានស្គាល់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលប្រមាណ ៤០ឆ្នាំមកនេះ។ “ខ្មែររួមគ្នា ខ្មែរខ្លាំង” “ខ្មែរអាចធ្វើបាន ព្រោះខ្មែរ ពូជអ្នកធ្វើអង្គរវត្ត”៕

អត្ថបទដែលជាប់ទាក់ទង