ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋឃុំបឹងខ្យាង តវ៉ាបិទផ្លូវមុខសាលាឃុំ មិនព្រមទទួលយក ប្រាក់គោលនយោបាយរបស់អាជ្ញាធរខេត្តកណ្តាល ក្នុងជម្លោះ​ដីធ្លី ជាមួយ​ ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍

100


កណ្តាល៖ ស្វាគមន៍ដើមឆ្នាំ២០១៩ ពលរដ្ឋឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាង៨០ភាគរយ ដែលមានវិវាទដីសហគមន៍ ដែលពួកគាត់បានអាស្រ័យផលអស់ច្រេីនជំនាន់មកហេីយ ផ្ទុះការតវ៉ាជាថ្មី មិនព្រមទទួលយកប្រាក់គោលនយោបាយ ដែលអាជ្ញាធរខេត្តកណ្តាលផ្តល់ជូន១០០ដុល្លារក្នុងម្នាក់ នៅតែរក្សាគោលជំហរការទាមទារក្នុងម្នាក់ចំនួន២៥០ដុល្លារ ។ ការតវ៉ានៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅមុខសាលាឃុំបឹងខ្យាង។

ការកេងប្រវ័ញ្ចក្នុងលក្ខណ:ជាប្រព័ន្ធ នៅតែបន្តពីសំណាក់ពួកនាយទុន​ និង​ អ្នកកាន់អំណាច។
តំណាង​ពលរដ្ឋ​​ថា អាជ្ញាធរ​​ខេត្ត​កណ្ដាល​ បង្ខំ​ឲ្យ​ពួកគេ​ ផ្ដិតមេដៃ​​សន្យា ទទួល​យក​គោល​នយោបាយ ​ប្ដូរ​ដី និង​ឈប់​តវ៉ា។

តំណាង​ពលរដ្ឋ មាន​ជម្លោះ​ដីធ្លី ជាមួយ​ ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍ របស់​ អ្នកស្រី ​សៀង ចាន់ហេង នៅ​ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង​ ឲ្យដឹង​ថា ពួកគាត់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កណ្ដាល បង្ខំ​ឲ្យ​ផ្ដិត​មេដៃ ទទួល​ស្គាល់​ថា ពួកគេ​ធ្វើ​សកម្មភាព​ញុះញង់​ពលរដ្ឋ​​ប្រឆាំង​គោល​នយោបាយ​ប្ដូរ​ដី​របស់​អាជ្ញាធរ។ សង្គម​ស៊ីវិល​ឃ្លាំមើល​​វិវាទ​ដីធ្លី ករណី​នេះ ហៅ​សកម្មភាព​នេះ ជា​ការ​រំលោភ​សិទ្ធិ​ជា​មួលដ្ឋាន​របស់​ពលរដ្ឋ។

ក្រោយ​មាន​ពលរដ្ឋ​រាប់ពាន់​នាក់ ទៅ​តវ៉ា​នៅ​សាលាឃុំ​បឹងខ្យាង ​កាល​ពី​ថ្ងៃ​ទី​១ធ្នូ ជំទាស់​នឹង​គោលនយោបាយ​ប្ដូរ​ដី​​​សហគមន៍ ជា​ថ្នូរ​នឹង​ម្នាក់​ទទួល​១០០​ដុល្លារ អាជ្ញាធរ​ខេត្ត​កណ្ដាល កាលពី​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ បាន​កោះហៅ​តំណាង​ពលរដ្ឋ​២នាក់ ទៅ​ប្រជុំ​នៅ​សាលា​ខេត្ត​កណ្ដាល និង​បាន​ធ្វើ​កិច្ច​សន្យា កំណត់ហេតុ​ប្រជុំ គំរាម​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង​ពីរ​នាក់ ផ្ដិត​មេដៃ​ទទួលស្គាល់ ហើយ​ទម្លាក់​កំហុស​ថា តំណាង​ពលរដ្ឋ ជា​អ្នក​ញុះញង់​ឲ្យ​ពលរដ្ឋ​ឃុំ​បឹងខ្យាង ប្រឆាំង​នឹង​គោល​នយោបាយ​​ប្ដូរ​ដី ដែល​អាជ្ញាធរ​កំណត់។

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ របស់​អ្នកស្រី ឧកញ៉ា សៀង ចាន់ហេង បាន​កើត​ឡើង​នៅ​អំឡុង​ឆ្នាំ​២០០៨។ ​ដី​ មាន​ជម្លោះ ជា​ប្រភេទ​ដី​សហគមន៍ ដែល​ពលរដ្ឋ​តែ​ងនាំ​គ្នា​ អាស្រ័យ​ផល តាម​លក្ខណៈ​គ្រួសារ និង​ត​ជំនាន់​ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់ ​ហើយ​ផ្ទៃ​ដី​មាន​ជម្លោះ យ៉ាង​ហោច​ណាស់ មាន​ទំហំ​ជាង ៤០០​ហិកតា ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​៤ គឺ ឃុំ​អំពៅព្រៃ ឃុំ​បឹងខ្យាង ឃុំ​​កណ្ដោក និង​​ឃុំ​​ព្រែក​ស្លែង។ ច្រើន​ឆ្នាំ​មក​នេះ ពលរដ្ឋ​អះអាង​ថា បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​តាម​ស្ថាប័ន​រដ្ឋ​ ជាច្រើន​ស្ថាប័ន ទាមទារ​ដី​នោះ មក​​រក្សា​ជា​ដី​រដ្ឋ​ដដែល ដើម្បី​ពលរដ្ឋ​អាច​អាស្រ័យ​ផល ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ទេ គឺ​មាន​​តែ​អាជ្ញាធរ​ជួយ​លូក​ដៃ ជ្រោមជ្រែង​ក្រុមហ៊ុន បង្ខំ​ឲ្យ​ពលរដ្ឋ​ព្រម​ទទួល​យក​ប្រាក់​ក្នុង​តម្លៃ​ទាប តាម​រយៈ​គោល​នយោបាយ​​អាជ្ញាធរ។

កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ បាន​ប្រជុំ​ជាមួយ​ក្រុម​អ្នក​តំណាង​ពលរដ្ឋ​ទាំង​៦ភូមិ ដើម្បី​ផ្ដល់​ជូន​គោល​នយោបាយ​ម្នាក់ ១០០ដុល្លារ ហើយ​ពលរដ្ឋ​អាច​ទៅ​ទទួល​យក​លុយ​នៅ​សាលាឃុំ​បឹងខ្យាង រយៈពេល​១១ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី​៣១ ធ្នូ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី ២០ ធ្នូ ក្រុម​ពលរដ្ឋ​រាប់ពាន់​នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​ នៅ​សាលា​ឃុំ ដើម្បី​ប្រឆាំង​នឹង​គោល​នយោបាយ​នោះ ដោយ​ពលរដ្ឋ​ទាមទារ​ម្នាក់ ២៥០ដុល្លារ ឲ្យ​បាន​ប្រហាក់ប្រហែល​នឹង​ពលរដ្ឋ​នៅ​ឃុំ​ព្រែកស្លែង។

ក្នុង​កិច្ច​សន្យា ដែល​តំណាង​ពលរដ្ឋ ​អះអាង​ថា អាជ្ញាធរ​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ អាជ្ញាធរ​ខេត្ត​កណ្ដាល បាន​បង្គាប់​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង​ពីរ​នាក់ បញ្ឈប់​សកម្មភាព​ប្រមូល​ផ្ដុំ​តវ៉ា រារាំង បង្ក​ការ​លំបាក ឬ ញុះញង់​ពលរដ្ឋ មិន​ឲ្យ​ទៅ​ទទួល​យក​គោល​នយោបាយ​១០០ដុល្លារ ក្នុង​ម្នាក់​បន្ត​ទៀត និង​ត្រូវ​បញ្ឈប់​ការ​បញ្ចេញ​មតិ​តាម​វីដេអូ​ឃ្លីប ការ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​អេឡិច​ត្រូនិច។ តំណាង​ពលរដ្ឋ​ លោក សុន ខេមរា ក៏​បាន​អះអាង​ថា អាជ្ញាធរ បាន​ដាក់​កំហិត​ថា ក្នុង​ករណី ពួកគេ​មិន​អាច​នាំ​ក្រុមហ៊ុន​ណា ដែល​ហ៊ាន​ផ្ដល់​ជូន​គោល​នយោបាយ​២៥០ដុល្លារ ទៅ​ជួប​អភិបាល​ខេត្ត​កណ្ដាល​បាន តំណាង​ទាំង​ពីរ​នាក់ គឺ លោក សុន ខេមរា និង​ លោក អ៊ឹម តារា ត្រូវ​ដឹកនាំ​ពលរដ្ឋ​នៅ​ឃុំ​បឹងខ្យាង​ទាំងអស់​ទៅ​ទទួល​យក​គោល​នយោបាយ​១០០ដុល្លារ តាម​ការ​កំណត់​របស់​គណៈ​កម្មការ​ចំពោះ​កិច្ច​នៃ​រដ្ឋបាល​ខេត្ត​កណ្ដាល។

​តំណាង​ពលរដ្ឋ ថា ឃុំ​បឹងខ្យាង មាន​ពលរដ្ឋ​​ចំនួន ១.៨៤៩ គ្រួសារ ស្មើ​នឹង៨.៣៩៥នាក់។ កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​របស់​សាលា​ខេត្ត​កណ្ដាល​ បង្ហាញ​ថា រយៈ​ពេល​៥ ថ្ងៃ​ដំបូង (២០ ដល់​២៤ ធ្នូ) ​នៃ​ការ​ផ្ដល់​គោលនយោបាយ​១០០​ដុល្លារ ក្នុង​ម្នាក់ មាន​តែ​ពលរដ្ឋ​ចំនួន ៤៤៨​គ្រួសារ ស្មើ​នឹង​១.៩១៣នាក់ ដែល​បាន​ទៅ​ទទួល​យក​គោល​នយោបាយ​នេះ ហើយ​នៅ​សល់​ពលរដ្ឋ​ជាច្រើន​លើស​លុប មិន​ទាន់​ទៅ​ទទួល​យក។

​លោក សុន ខេមរា​ ថា អ្នក​ដែល​ទៅ​ទទួល​យក គឺ​សុទ្ធ​សឹង​តែ​ជា​ក្រុម​គ្រួសារ​របស់​អាជ្ញាធរ​ភូមិ ឃុំ ប្រជា​ការពារ​ភូមិ និង ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។ លោក សុន ខេមរា អះអាង​ថា បច្ចុប្បន្ន​ប្រជា​ការពារ​ភូមិ មេភូមិ និង​អាជ្ញាធរ​ ឃុំ​ធ្វើការ​ទាំង​ពេល​យប់ ដើម្បី​ដើរ​បញ្ចុះបញ្ចូល ខ្សឹប គំរាម និង​មក​ដឹក​​ពលរដ្ឋ ទាំង​យប់ ឲ្យ​ទៅ​ទទួល​លុយ​​គោល​នយោបាយ​​ ​១០០ដុល្លារ នៅ​សាលាឃុំ។

​តំណាង​ពលរដ្ឋ​នៅ​ឃុំ​បឹងខ្យាង ​អះអាង​ថា ពួកគេ​មិន​ភ័យ​តក់​ស្លុត​ទេ ចំពោះ​ការ​គំរាម​ ឲ្យ​ផ្ដិត​មេដៃ និង​បញ្ឈប់​សកម្មភាព​តវ៉ា នឹង​គោល​នយោបាយ​ប្ដូរ​ដី​សហគមន៍។ តំណាង​ពលរដ្ឋ​ ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​នេះ​ទៀត ហើយ​ងាក​មក​រក​ការ​ចរចា​គ្នា ដោយ​ត្រឹម​ត្រូវ ព្រោះ​ពលរដ្ឋ​ចង់​បាន​គោល​នយោបាយ​តិច​បំផុត ម្នាក់​២៥០ដុល្លារ ឬ ទុក​ដី​​មាន​ជម្លោះ​នោះ ឲ្យ​សហគមន៍​អាស្រ័យ​ផល​បន្ត​ទៀត។

ជាមួយនឹងបង្ខំ ឲ្យ​ពលរដ្ឋ ទទួល​យក​គោ​ល​នយោបាយ​១០០​ដុល្លារ ទាំង​ពលរដ្ឋ​មិន​ពេញ​ចិត្ត​ទៀតនេះ ប្រជាពលរដ្ឋបានលើកការ​តវ៉ា ទ្រង់​ទ្រាយធំនៅមុខសាលាឃុំបឹងខ្យាងប្រមាណ៥នាទី នៅព្រឹកនេះ ហើយក៏មានការសម្របស្រួលពីអាជ្ញាធរឃុំ ទើបពួកគាត់យល់រំសាយទៅផ្ទះ ហើយតំណាងចូលចរចាជាថ្មីម្តងទៀត៕

អត្ថបទដែលជាប់ទាក់ទង