ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអ្នកព័ត៌មានជិត ៥ពាន់នាក់

80

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ អញ្ជើញជួបសំណេះសំណាល និងស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នកព័ត៌មាននៅមជ្ឈមណ្ឌលកោះពេជ្រ។
ជំនួបនៅល្ងាចថ្ងៃនេះ គឺជាលើកទី៣។ លោក ផុស សុវណ្ណ​ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន​ បានឲ្យដឹងថា អ្នកចូលរួមក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីលើកទី៣នេះ មានប្រមាណ ៤,៥០០នាក់នេះ។


បើតាមលោក ផុស សុវណ្ណ អ្នកចូលរួមក្នុងពិធីជួបជុំល្ងាចនេះ មានថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មានសរុបចំនួន ១,០១៤នាក់, ស្ថានីយវិទ្យុ និងទូរទស្សន៍សរុបចំនួន ៩៥៥នាក់, សារព័ត៌មានបោះពុម្ពផ្សាយសរុបចំនួន ៩៧៩នាក់, ក្រុមការងារ Facebook សរុបចំនួន ៩៦នាក់ គេហទំព័រ និង TV Online សរុបចំនួន ៦៤៤នាក់, អ្នកនាំពាក្យក្រសួង-ស្ថាប័ន សរុបចំនួន ១៣៤នាក់, អ្នកនាំពាក្យរាជធានី-ខេត្ត និងមន្ទីរព័ត៌មានរាជធានី-ខេត្ត សរុបចំនួន ២៨៤នាក់, ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៤៧នាក់, ក្រុមការងារសន្តិសុខសរុបចំនួន ១៥០នាក់ និងឧកញ៉ា-អគ្គនាយក ព្រមទាំងសហការី និងម្ចាស់ក្រុមហ៊ុនឯកជនសរុបចំនួន ២៧៦នាក់។
លោក​ ផុស សុវណ្ណ បានបញ្ជាក់ថា ជំនួបអ្នកសារព័ត៌មានក្នុងស្រុកជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីលើកទី៣នេះ អ្នកចូលរួមមានការកើនឡើងជាងជំនួបកន្លងទៅ ដោយសារតែជំនួបលើកនេះ មានការអញ្ជើញចូលរួមពីអភិបាលរាជធានី-ខេត្ត រួមទាំងរដ្ឋមន្រ្ដីតាមក្រសួងមួយចំនួនផងដែរ។

កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងផេកហ្វេសប៊ុកថា អ្នកព័ត៌មាន គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកព័ត៌មានឲ្យជួយផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ដើម្បីទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគបរទេសមកកាន់កម្ពុជា។
នៅល្ងាចថ្ងៃសុក្រស្អែកទី ១១ មករា នេះ ខ្ញុំនឹងជួបបងប្អូន និងក្មួយៗអ្នកកាសែត នៅក្នុងកម្មវិធីបាយសាមគ្គីនៅកោះពេជ្យ។ ពិតប្រាកដណាស់ ការរីកចម្រើរបស់របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូន និងក្មួយៗអ្នកសារព័ត៌មានបានឡើយ។
យើងបានបាត់បង់ឱកាសកសាងប្រទេសជាច្រើនឆ្នាំមកហើយដោយសារសង្រ្គាម។ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ គឺយើងត្រូវការទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនបរទេសជាច្រើនមកវិនិយោគនៅកម្ពុជា។ ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្តដល់ទេសចរបរទេស និងវិនិយោគគិនបរទេស។
ខ្ញុំសូមអរគុណបងប្អូន និងក្មួយៗអ្នកសារពទ៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ ( Online News ) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ (Social Networks) ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។
នៅក្នុងឆ្នាំសកលថ្មី ២០១៩ នេះ ខ្ញុំ និងភរិយា សូមជូនពរដល់បងប្អូន និងកូនក្មួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទូទាំងប្រទេសទទួលបានជោគជ័យក្នុងភាកិច្ចការងារ និងមានសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។

ក្នុងនាមក្រសួងព័ត៌មានដែលជាអាណាព្យាបាលលើស្ថាប័នព័ត៌មាននៅកម្ពុជា លោក ផុស សុវណ្ណ បានមើលឃើញថា ជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកព័ត៌មាន ជាការបើកចំហរនូវលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដោយមិនប្រកាន់និន្នាការអ្វីនោះឡើយ។

ក្រោមមានជំនួបរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកព័ត៌មាន លោក ផុស សុវណ្ណ បានមើលឃើញថា វិស័យព័ត៌មានកាន់តែរីកចម្រើន និងប្រសើរឡើង ដោយសារតែអ្នកព័ត៌មានទទួលបានការណែនាំ និងកែលម្អមួយចំនួនពីប្រមុខដឹកនាំកំពូលរបស់ប្រទេសផ្ទាល់តែម្ដង។

អ្នកព័ត៌មាន បានបង្ហាញអារម្មណ៍រីករាយចំពោះការបានជួបដោយ ផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ព្រោះជាឱកាសទទួលនូវដំបូន្មានមួយចំនួន លើការផ្សព្វផ្សាយពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានោះ ក៏មានអ្នកព័ត៌មានមួយចំនួនយកឱកាសនេះ លើកជាសំណើទៅកាន់នាយករដ្ឋមន្ត្រី ចង់ឲ្យមានកិច្ចសហការ កាន់ល្អប្រសើរថែមទៀត ពីតាមក្រសួង ស្ថាប័នរបស់រដ្ឋ ដើម្បីបង្កភាពងាយស្រួល ដល់ការយកព័ត៌មានទៅផ្សព្វផ្សាយ៕

អត្ថបទដែលជាប់ទាក់ទង