ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិនម្នាក់ ជាអ្នកគិតលុយ ជាអ្នកចាក់សោ និងគំរាមកំហែង ពាក់ព័ន្ធករណីបង្ខំឲ្យស្ដ្រីម្នាក់វះកាត់​ និងបង្ខាំងទុកស្ត្រីជាម្តាយទាំងយប់ ព្រោះតែគ្មានលុយថ្លៃព្យាបាល នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ

95


(ភ្នំពេញ)៖ បន្ទាប់សាកសួរបុគ្គលិកជាង២០នាក់ ប្រមាណជ៧ម៉ោង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ មន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងក្រោមការបញ្ជាផ្ទាល់ពី រដ្ឋមន្ដ្រីសុខាភិបាល បាននិងកំពុងស្រាវជ្រាវ នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ បានឃាត់ខ្លួនជនជាតិចិនម្នាក ដែលជាមេការ និងជាអ្នកគិតលុយ ជាអ្នកចាក់សោទ្វារ និងគំរាមកំហែង ពាក់ព័ន្ធករណីបង្ខំឲ្យនារីម្នាក់ធ្វើការវះកាត់ និងបង្ខាំងស្ដ្រីជាម្ដាយ នៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដោយសារតែពួកគេ គ្មានលុយបង់ថ្លៃព្យាបាល តាមការកំណត់របស់មន្ទីរពេទ្យ។

មន្រ្តីនាយកដ្ឋានអន្តោប្រវេសន៍ម្នាក់បាននិយាយថា
ពេលនេះព្រះរាជអាជ្ញារង​ វង្ស​ ប៊ុនវិសុទ្ធ​ បានសម្រេចឃាត់ខ្លួនអ្នកគិតលុយ​ និងជាអ្នកចាក់សោបង្ខាំងជនរងគ្រោះនៅមន្ទីរពេទ្យវ៉ិចតូរៀ។

មន្ត្រីនគរបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែង ឲ្យដឹងថា គិតត្រឹមយប់នេះ សមត្ថកិច្ចសម្រេចឃាត់ខ្លួនមេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់ ហើយជនសង្ស័យរូបនេះកំពុងស្ថិតក្នុងការសួរនាំ។ ដោយឡែក សម្រាប់អ្នកផ្សេងទៀត ត្រូវបានដោះលែងឲ្យទៅផ្ទះវិញ។

យ៉ាងណាក៏ដោយ សម្រាប់លោកស្រី សៀង សុគន្ធ ដែលជាអ្នកទទួលខុសត្រូវនៅមន្ទីរពេទ្យវ៉ិចតូរៀ ក៏ត្រូវបានមន្ដ្រីធ្វើការសួរនាំផងដែរ ប៉ុន្ដែគ្មានលទ្ធផលនោះទេ ដោយសារតែសួរអ្វីក៏មិនបានដឹង ហើយលោកស្រីក៏ជាអ្នកឈរឈ្មោះឲ្យគេផងដែរ។
​ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា រួមទាំងអ្នកសារព័ត៌មាន ដែលបានទៅយកព័ត៌មានផ្ទាល់ និងផ្សាយផ្ទាល់ទាំងយប់ បានទទូចឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការ​ឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

តាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២។ នៅថ្ងៃដដែលនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានចេញសេចក្ដីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការហើយ។

សូមបញ្ជាក់ថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មន្ទីរពេទ្យ វ៉ិចតូរៀ ដែលមានទីតាំងនៅផ្ទះលេខ៦១A ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជា របស់លោកស្រីវេជ្ជបណ្ឌិត​ សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យវ៉ិចតូរៀ ។

ក្រោយការវះកាត់ ​នារី​រងគ្រោះ​បាន​មាន​អាការៈ​ឈឺ​ចុក​ចាប់​ខ្លាំង ត្រូវ​ក្រុម​គ្រួសារ​ហៅ​ម៉ូតូ​កង់​បី​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋវិញ៕

អត្ថបទដែលជាប់ទាក់ទង