ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល សម្រេចបិទអាជីវកម្មមន្ទីរពេទ្យ វ៉ិចតូរៀ ពាក់ព័ន្ធការបង្ខាំងអ្នកជំងឺ និងមនុស្សជាច្រើននាក់នៅក្នុងមន្ទីរពេទ្យ រឿងអោយលុយមិនគ្រប់

59

ភ្នំពេញ ៖ អនុវត្តតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៤ មករា ២០១៩ អាជ្ញាធរនិងសមត្ថកិច្ចប៉ូលីសខណ្ឌទួលគោកបានសម្រេចបិទអាជីវកម្មមន្ទីរពេទ្យ វ៉ិចតូរៀ ក្រោយពីមានរឿងរ៉ាវមិនប្រក្រតីពាក់ព័ន្ធការបង្ខាំងអ្នកជំងឺ និងមនុស្សជាច្រើននាក់នៅក្នុងមន្ទីរពេទ្យ រឿងអោយលុយមិនគ្រប់ចំនួន។

ក្នុងប្រតិបត្តការចុះស៊ើបអង្កេត  សាកសួរ  និងសម្រចបិទអាជីវកម្មដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់នោះខាងមន្ទីរពេទ្យ ហាក់ព្រងើយកន្តើយ ដោយមិនសហការ និងរកអ្នកទទួលខុស ត្រូវចេញមុខជាមួយអាជ្ញាធរពាក់ព័ន្ធមិនឃើញឡើយ ។

សូមរំលឹកថា មានករណី៣នាក់ម្តាយ និងកូនបានបានជាប់នៅក្នុងមន្ទីពេទ្យវ៉ិចតូរៀ បន្ទាប់ពីមានបញ្ហាក្នុងការបង់ប្រាក់ តាមការទារមទាររបស់មន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងតាមបណ្តោយផ្លូវ ៣១៥កែង ផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រុមរងគ្រោះបានអះអាងពី ការចាញ់បោក ការផ្សាយពាណិជ្ជកម្មរបស់មន្ទីរពេទ្យ ដោយទទួលពិនិត្យអស់តែ១ដុល្លារ ទើបពួកគាត់នាំគ្នាពីស្រុកមកពិនិត្យជំងឺនៅមន្ទីរពេទ្យនេះ ។ ពេលអ្នកជំងឺមកដល់ត្រូវបានខាងពេទ្យអះអាងថា មានជំងឺគីសក្នុងដៃស្បូន ត្រូវតែវះកាត់ បើមិនវះកាត់ទេអាចនឹងស្លាប់ ។

បន្ទាប់មកខាងមន្ទីរពេទ្យក៏ចាប់ផ្តើមវះកាត់ និងមិនទុកពេលវេលាឱ្យអ្នកជំងឺពិភាក្សាជាមួយក្រុមគ្រួសារឱ្យបានម៉ត់ចត់ មុនសម្រេចចិត្តនោះទេ ។ ពេលវះកាត់រួច ខាងពេទ្យក៏ទារប្រាក់២០០០ដុល្លារ តែក្រុមគ្រួសារអ្នកជំងឺនាំគ្នាស្រឡាំងកាំងគ្រប់គ្នា មានតែលើកដៃសំពះអង្វរ សូមបង់តែ៦០០ដុល្លារ ព្រោះពួកគាត់អស់ប្រាក់ពីខ្លួនហើយ និងសន្យាបង់រំលោះបង្គ្រប់ជូន ។ តែខាងពេទ្យមិនព្រមដាច់ខាត រហូតចាក់សោពេទ្យជាប់ មិនឱ្យអ្នកជំងឺ និងគ្រួសារអ្នកជំងឺចេញទៅណាបាននោះទេ លុះត្រាប្រគល់លុយគ្រប់ចំនួន ។ មិនត្រឹមតែប៉ុណ្ណោះទេខាងពេទ្យបានអះអាងថា គេនឹងគិតថ្លៃសេវានិងការស្នាក់នៅ បន្ថែម៥០០ដុល្លារទៀត ប្រសិនបើរកប្រាក់ឱ្យខាងពេទ្យមិនបាននៅយប់នោះ ។ ជម្រើសចុងក្រោយរបស់ ក្រុមគ្រួសារអ្នកជំងឺ បានទំនាក់ទំនងទៅខាងសមត្ថកិច្ច និងអ្នកសារព័ត៌មាន ចុះមកពិនិត្យ និងធ្វើការផ្សព្វផ្សាយទើបខាងមន្ទីរពេទ្យ បើកទ្វារឱ្យក្រុមគ្រួសារចេញ ។

នារីរងគ្រោះត្រូវបងប្រុសត្រកងបីចេញមកក្រៅ ព្រោះទើបវះកាត់រួច ហើយខាងមន្ទីរពេទ្យក៏មិនបានទាមទារលុយ ដែលនៅសល់ចំនួន១៤០០ដុល្លារនោះទៀតដែរ សូមបញ្ចប់គ្នាត្រឹមនឹង ។ លុះមកដល់ ថ្ងៃទី១៤ មករា ២០១៩ ក្រសួងសុខាភិបាលក៏បានចេញការសម្រេចមួយ ដោយអោយអាជ្ញាធរនិងសមត្ថកិច្ចប៉ូលីសខណ្ឌទួលគោកបិទអាជីវកម្មមន្ទីរពេទ្យ វ៉ិចតូរៀនេះតែម្តង ដើម្បីរង់ចាំចំណាត់ការបន្តតាមនីតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង