ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅលើភ្នំឈើកាច់ មានក្រុមហ៊ុនចិនជាច្រើន កំពុងតែវ៉ៃបំបែកភ្នំ

91


ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ក្បែរភ្នំឈើកាច់ បាននាំគ្នាស្នើដល់អាជ្ញាធរ ជាពិសេសមន្ត្រីជំនាញ ជួយដោះស្រាយបញ្ហារបស់ពួកគាត់នៅពេលដែលក្រុមហ៊ុនចិនមួយ បានធ្វើអាជីវកម្ម កាយបំផ្ទុះយកថ្ម ខ្សាច់ពីភ្នំឈើកាច់ ស្រុបាភ្នំ ខេត្តព្រៃវែងជាច្រើនឆ្នាំហើយ ដោយបានបង្កជាការហុយធូលីដី និងកម្ទេចថ្ម ទៅលើផ្ទះសម្បែងរបស់ពួកគាត់ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ហើយបញ្ហាដែលព្រួយបារម្ភខ្លាំងទៀតនោះ គឺក្រុមហ៊ុនចិនបានរក្សាទុករំសេវគ្រឿងផ្ទុះ ដោយមិនមានការ ប្រុងប្រយ័ត្ននោះទេ។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ក្រុមហ៊ុនចិនទាំងនោះ ធ្វើអាជីវកម្មមិនមានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាតត្រឹមត្រូវ។

ប្រជាពលរដ្ឋ បានលើកឡើងថា រាល់ថ្ងៃនេះទីតាំងក្រុមហ៊ុនចិន បានកិនថ្មភ្នំច្រើនណាស់ ទាំងព្រឹក ទាំងល្ងាច ហើយធូលីដី និងកម្ទេចថ្ម បានហុយទៅលើផ្ទះសម្បែងរបស់ពួកគាត់ ធ្វើឲ្យប៉ះពាល់ដល់ការ រស់នៅរបស់ពួកគាត់ជាខ្លាំង។ លើសពីនេះទៅទៀត ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ពេលដែលក្រុមហ៊ុននេះ បានប្រើគីបរំសេវ រាប់តោន យកមកបំផ្ទុះយកថ្ម និងបានទុកដាក់ប្រហែសបំផុត យកមកស្តុបទុកក្នុងទីតាំងក្រុមហ៊ុនចិននោះ ហើយបើសិនជាផ្ទុះឆេះឡើង ផ្ទះសម្បែងរបស់ពួកគាត់ រាប់សិបខ្នងនៅជិតៗនោះ ច្បាស់ជាឆេះគ្មានសល់ទេ ដូច្នេះហើយទើបពួកគាត់ ស្នើសុំឲ្យអាជ្ញាធរពិសេសមន្រ្តីជំនាញជួយត្រួតពិនិត្យរឿងនេះផង។

ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុនចិនធ្វើអាជីវកម្មលើភ្នំឈើកាច់ ក្នុងខេត្តព្រៃវែងអត់ច្បាប់ និងបានរក្សាទុកគ្រឿងផ្ទុះ មិនមានការប្រុងប្រយ័ត្ននោះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ ​លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានចេញមកបកស្រាយការពិត និងអះអាងថា ក្រុមហ៊ុនធ្វើអាជីវកម្មទាំងអស់សុទ្ធតែមានច្បាប់ត្រឹមត្រូវ ហើយក៏រក្សាទុកគ្រឿងផ្ទុះតាមបទដ្ឋានផងដែរ។

លោក ជា កក្កដា បានថ្លែងយ៉ាងដូច្នេះថា ​បញ្ហាដែលបានលើកឡើងថា មានក្រុមហ៊ុនចិនធ្វើអាជីវកម្មថ្មសំណង់គ្មានអាជ្ញាប័ណ្ណ និងគីបរំសេវ រាប់តោន​ទុកដាក់មិនបានត្រឹមត្រូវនោះ គឺមិនពិតដូចការចុះផ្សាយនោះទេ។ បច្ចុប្បន្ននៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ពុំមានការធ្វើអាជីវកម្មថ្មសំណង់អត់ច្បាប់នោះទេ ហើយក្រុមហ៊ុនទាំងអស់ កំពុងធ្វើអាជីវកម្មក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន។

លោកប្រធានមន្ទីរ ​បានថ្លែងថា កាលពីថ្ងៃទី១៥ ខែមករា ក្រុមការងារនាយកដ្ឋានរ៉ែសំណង់ នៃក្រសួងរ៉ែ និងថាមពល និងមន្ទីរ បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងឃើញថា ក្រុមហ៊ុនចិន បានទិញថ្មពីក្រុមហ៊ុន សំណង់ ឡុង ណាំ អ៊ិចស៊ីម ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល ដើម្បីយកទៅធ្វើផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង។ ចំពោះ គីម រំសេវ គឺក្រុមហ៊ុន ឡុង ណាំ បានរៀបចំទុកដោយអនុវត្តតាមការណែនាំរបស់ក្រសួង មានសមត្ថកិច្ច ដោយអនុញ្ញាតឲ្យគីប និងរំសេវខ្លះ សម្រាប់បំផ្ទុះថ្មប៉ុណ្ណោះ ពុំអនុញ្ញាតឲ្យដល់រាប់តោននោះទេ​។ ចំពោះបញ្ហាកិនថ្ម គឺពិតជាហុយខ្លះដែរ ហើយបញ្ហានេះ​ក្រុមការងារក្រសួង និងមន្ទីរ បានធ្វើការណែនាំដល់ក្រុមហ៊ុនបន្ថែមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង