ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដូវប្រាំងឆ្នាំ២០១៩ សីតុណ្ហភាព អាចហក់ឡើងដល់ ៤០-៤២អង្សាសេ ដោយរងនូវឥទ្ធិពល អែលនីណូ

72


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ខែមករាឆ្នាំ២០១៩នេះ បានចេញសារាចរណែនាំ ស្តីពី ការចាត់វិធានការថែរក្សាទឹកទុក ជាពិសេសក្នុងរដូវប្រាំង សីតុណ្ហភាព អាចហក់ឡើងដល់ ៤០-៤២អង្សាសេ ដោយរងនូវឥទ្ធិពល អែលនីណូ។

ក្នុងសារាចរណែនាំ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា នៅដើមឆ្នាំ២០១៩ នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរង(ដោយប្រយោល) ពីឥទ្ធិពលបាតុភូត អែលនីណូ ។ ឥទ្ធិពលនៃបាតុភូតនេះ នឹងបង្កឲ្យធាតុអាកាសនៅកម្ពុជា នារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និងឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាព អតិបរមានៅពេលខ្លះអាចហក់ឡើងដល់ ៤០-៤២អង្សាសេ មានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្តាឆ្នាំកន្លេងទៅ។ល។

យោងលើស្ថានអាកាសធាតុ ដូចបានព្យាករណ៍ រាជរដ្ឋាភិបាលសូមធ្វើការណែនាំ ដូចជា ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩ នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាលអាង ដែលបានរក្សាទុកនិងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទុកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងការដាំដំណាំរួមផ្សំផ្សេងៗទៀតក្រៅពីស្រូវ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ៕


អត្ថបទដែលជាប់ទាក់ទង