ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៏អបអរសាទរ តំបន់អារ៉ែង កោះកុង ក្លាយជាតំបន់ព្រៃត្រូពិចធំបំផុតនៅអាស៊ីអាគ្នេយ៍

110


កោះកុង៖ តំបន់អារ៉ែងបានប្រែក្លាយជាតំបន់ ព្រៃត្រូពិចធំបំផុតនៅអាស៊ីអាគ្នេយ៍ មានទីតាំងតែមួយគត់នៅតំបន់ស្ទឹងអារ៉ែង នៃស្រុកថ្មបាំង ខេត្តកោះកុង ។
តំបន់ទេសចរណ៍ដែលមានទឹកហូរដ៏វែងអន្លាយត្រជាក់ ល្ហឹមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៏ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តកោះកុង និងទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) ក្នុងជំនួបជួបពិភាក្សា ជាមួយប្រជាសហគមន៍តំបន់អារ៉ែង កាលពី ពេលថ្មីៗនេះ ។

ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញា Suwanna Gauntlett បានឲ្យដឹងថា កញ្ញាចង់ឃើញភ្ញៀវទេសចរមកពីជុំវិញពិភពលោក អញ្ជើញមកទស្សនាកម្សាន្តតំបន់អេកូទេសចរណ៍នេះ ពិសេសមកឈរគយគន់ព្រៃត្រូពិកចុងក្រោយគេ និងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នេះ ពីព្រោះទីនេះមានទេសភាពល្អស្រស់ត្រកាលគួរជាទីរមនា។
ចំណែកលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ CATA បានបញ្ជាក់ថា៖ លោកស្រីនឹងដាក់បញ្ចូលសហគមន៍អេកូទេសចរណ៍អារ៉ែង ចូលទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តឆ្លងកាត់ភាគនិរតីកម្ពុជានេះ ហើយសមាគមន៍ CATA នឹងជំរុញអោយទីភ្នាក់ងារទេសចរណ៍ ជាសមាជិកសមាគមន៏ ធ្វើការនាំភ្ញៀវមកទីនេះដោយឆ្លងកាត់ការគ្រប់គ្រង ចង្អុលណែនាំពីសហគមន៍ ហើយសមាគមន៍ CATA នឹងធ្វើជាស្លាកសញ្ញាផ្ដល់ព័ត៌មានប្រាប់ដល់ភ្ញៀវទេសចរទាំងឡាយណា ដែលមិនទាន់មានគម្រោងទេសចរណ៍ជាមុន។
ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង លោក ទិត្យ លី បានឲ្យដឹងថា​៖ តាំងពីបង្កើតសហគមន៍អេកូទេសចរណ៍នេះមក ប្រជាសហគមន៍បានផ្លាស់ប្ដូរមុខរបរពីការបរបាញ់ កាប់ព្រៃឈើ មកជាមគ្គុទ្ទេសក៍នាំភ្ញៀវទេសចរដើរទស្សនាតំបន់អេកូទេសចរណ៍វិញ។
ទន្ទឹងនឹងនោះ លោក ថោង ខុន បានបញ្ជាក់ថា៖ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍នៅតំបន់អារ៉ែងនេះ ប្រជាសហគមន៍នឹងទទួលបានចំណូល និងអត្ថប្រយោជន៍ច្រើនជាងការកាប់ព្រៃឈើ បរបាញ់សត្វព្រៃ។
លោកបន្ដថា៖ ជាបទពិសោធន៍ដូចនៅសហគមន៍អេកូទសចរណ៍ជីផាត់ ប្រជាជនឈប់បរបាញ់សត្វ ឈប់កាប់ព្រៃឈើ ហើយងាកមកប្រកបមុខរបរផ្តល់សេវាទេសចរណ៍ដល់ភ្ញៀវទេសចរ ដូចជា មគ្គុទ្ទេសទេសចរណ៏ក៏អាច
ក៍នាំភ្ញៀវ ចុងភៅចល័ត ផ្ទះស្នាក់សហគមន៍ ផ្តល់សេវាម្ហូបអាហារ ដឹកជញ្ជូនជាដើម ។
សូមបញ្ជាក់ថា៖ ការបង្កើតតំបន់អេកូទេសចរណ៍អារ៉ែងនេះឡើង ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាតំបន់នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង