ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនឃាតក សម្លាប់ស្ត្រីម្នាក់ ដែលរកស៊ីចងការប្រាក់ បានហើយ ដោយសារជំពាក់ប្រាក់ធនាគារ និង អ្នកនៅក្នុងភូមិ សរុបជាង ៤.០០០ដុល្លារ

85


កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងលទ្ធផល ស៊ើបអង្កេត សហការជាមួយ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ ក្រោយទទួលបានព័ត៌មាន ស្ដីពីហេតុការណ៍ អំពើឃាតកម្ម កើតហេតុកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧និង១០នាទី នៅចំណុច ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ដោយមានការចង្អុលដឹកនាំ របស់ លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល​ កិច្ចប្រតិបត្តិការ ស្រាវជ្រាវករណី​ ឃាតកម្ម សម្លាប់រិតកដោយ ខ្សែអង្រឹង និងច្របាច់ក យកទ្រព្យសម្បត្តិ លុយកាក់ និងខ្សែក ខ្សែដៃ ពីជនរងគ្រោះ ដែលជាអ្នកប្រកបរបរ រកស៊ីចងការប្រាក់​និងជាអ្នកធ្លាប់ស្គាល់គ្នា ស្និទ្ធស្នាល ជាមួយស្ត្រីរងគ្រោះ ជនសង្ស័យជាអ្នកធ្លាប់បានលេងល្បែងស៊ីសង លេងបៀរ ជាមួយគ្នា នៅក្នុងភូមិផងដែរ តាមទម្លាប់ជាប្រចាំថ្ងៃ ។

ឆ្លងតាមការពិនិត្យរបស់មន្ត្រីជំនាញ ខេត្ត ស្រុក និងប៉ុស្តិ៍រដ្ឋបាលមន្ត្រីជំនាញកោសល្យវិច័យ និងគ្រូពេទ្យជំនាញ បានពិនិត្យទីកន្លែតកើតហេតុ ដែលបន្សល់ទុក សាកសព និងស្លាកស្នាម បានធ្វើការសន្និដ្ឋាន បឋមថា ជាអំពើ ឃាតកម្ម សម្លាប់យកទ្រព្យ ដែលមានហេតុការណ៍ ដូចខាងក្រោម៖ គឺនគរបាលបានសន្និដ្ឋានថាជាករណី ឃាតកម្ម គិតទុកជាមុន
កើតហេតុកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧និង១០នាទី នៅចំណុចផ្ទះជនរងគ្រោះ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជនរងគ្រោះ ១នាក់ ឈ្មោះ ឈុន ទូ ភេទស្រី អាយុ ៥៦ ឆ្នាំ មានស្រុកកំណើតរស់នៅភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ចងការប្រាក់នៅតាមភូមិឃុំ មានប្តីជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនទឹកផ្លែឈើម៉ារី ដែលមានទីតាំង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ជនសង្ស័យ១នាក់ ឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ នៅផ្ទះ កម្រិតវប្បធម៌ រៀនថ្នាក់ទី៩ មានប្តី ធ្វើការសំណង់ មានកូនប្រុស ០៣ នាក់។​ បានគេចខ្លួន មកសំងំស្នាក់ នៅផ្ទះបងថ្លៃ នៅខេត្តតាកែវ បាន១យប់ ថ្ងៃទី១៥ មករា ២០១៩ និងបន្តគេចខ្លួន ចេញមកស្នាក់នៅផ្ទះបងថ្លៃ នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាន ១យប់ថ្ងៃទី១៦ មករា ២០១៩ លុះ ព្រឹកឡើងថ្ងៃទី១៧ មករា ២០១៩ ត្រូវបានសមត្ថកិច្ច ខេត្តកណ្ដាល និងខេត្ត កំពង់ធំរកឃើញកន្លែងលាក់ខ្លួន ។ ក្នុងពេលឃាត់ខ្លួន វត្ថុតាងចាប់យក៖ ១.លុយដុល្លារអាមេរិក ចំនួន ៦៣២ ដុល្លារ ក្រដាស១០០ ចំនួន ៤ សន្លឹក ក្រដាស៥០ ចំនួន ២ សន្លឹកក្រដាស ២០ ចំនួន ៦ សន្លឹក ក្រដាស ៥ដុល្លារ ចំនួន ២ សន្លឹក និងក្រដាស ២ ដុល្លារ ចំនួន ២ សន្លឹក ។ ២.លុយរៀល សរុបចំនួន ៤៦០.០០០រៀល ។ ៣.លោហធាតុ ពណ៌លឿង ខ្សែក ១ខ្សែ ក្បាច់ច្រវាក់ឆាប បន្តោងយុថ្កា ។ ៤.លោហធាតុ ពណ៌លឿង ខ្សែដៃ ១ខ្សែ ។ ៥.ម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ ផ្លាកលេខ តាកែវ ៦៤៥២ (បង់រំលោះ)។ ៦.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូចាស់ ១ សន្លឹកលេខ ០២០០៤៨៦៤៩។ ៧.ខ្សែអង្រឹង ពណ៌ត្រេអ៊ី ប្រវែង៣,១៣០សង្ទីម៉ែត្រ យកទៅបោះចោលខាងកើតផ្ទះជនរងគ្រោះចម្ងាយប្រហែល ១៥០ម៉ែត្រ នៅក្បែរភ្លឺស្រែ ទើលើស្មៅ ។ ៨.អាវយឺតដៃខ្លី ពណ៌លឿង០១ ខោជើងវែងពណ៌ខ្មៅ លាយឆ្នូតស ១ ចាប់យកនៅក្នុងផ្ទះជនសង្ស័យចម្ងាយពីផ្ទះជនរងគ្រោះ ប្រហែល៣០០ម៉ែត្រ ស្បែកជើងផ្ទាត់១គូរ ពណ៌សូកូឡា ។ សម្ភារៈ បាត់បង់រួមមាន៖ តាមការ អះអាងរបស់ប្ដី ជនរងគ្រោះ ឆ្លើយថា៖ ប្រាក់ដុល្លារ ៣ ម៉ឺនដុល្លារ ប្រាក់រៀល ២ លានរៀល ខ្សែ កមាស ២ ខ្សែទម្ងន់២ តម្លឹង ចិញ្ចៀនមាស ១ វង់ ៥ជី ខ្សែដៃមាស១ ខ្សែ ១ជី ។

បើតាមការឆ្លើយសារភាព របស់ស្ត្រី ជាឃាតករ ថា ការឆ្លើយរបស់ប្ដីជនគ្រោះ ជាចម្លើយមិនពិត មិនត្រឹមត្រូវ​ មានចេតនាឆ្លើយបំផ្លើស ពីការពិត និងចង់ទម្លាក់កំហុស ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ពីរឿងហេតុថា តាមការបំភ្លឺរបស់ប្ដីជនរងគ្រោះឈ្មោះ វង្ស សម្បត្តិ អាយុ ៥៤ឆ្នាំនៅថ្ងៃទី១៤មករា ២០១៩វេលាម៉ោង៦ព្រឹក គាត់បានទៅធ្វើការ ដោយជនរងគ្រោះជាប្រពន្ធនៅផ្ទះតែម្នាក់ឯង បន្ទាប់មកនៅវេលាម៉ោង១៧និង១៥នាទី ប្ដីជនរងគ្រោះ បានត្រឡប់មកដល់ផ្ទះ ពេលនោះក៏ឃើញទ្វារខាងមុខ បើកចំហបានឈប់ម៉ូតូ រួចក៏អូសម៉ូតូចូលទៅក្នុងផ្ទះហើយដើរទៅផ្ទះបាយខាងក្រោយ បន្ទាប់មកបានដើរទៅកាត់សក់ តែមិនបានកាត់សក់ព្រោះជាងជាប់រវល់ រួចប្ដីជនរងគ្រោះបានដើរត្រឡប់មកផ្ទះវិញ ហើយ បានបើកទ្វារបន្ទប់មើលឃើញជនរងគ្រោះ ដេកដួលទៅនឹងការ៉ូ រួចបានបីត្រកងជនគ្រោះមកក្រៅ ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ រួចរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យរួមមាន អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យកោសល្យវិច័យខេត្ត ជំនាញស្រុក ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា៖

ការសន្និដ្ឋានបឋម របស់គ្រូពេទ្យកោសល្យវិច័យ និងផ្នែកជំនាញខេត្ត បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយ អំពើឃាតកម្ម ។
ករណីនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល និង នគរបាលស្រុកកណ្ដាលស្ទឹង បានបើកការស៊ើបអង្កេតរហូតឈានដល់ កំណត់បានមុខសញ្ញាសង្ស័យ ឈ្មោះ សុខ ចាន់ថា នឹងបន្តស្វែងរកចាប់ខ្លួន ដោយសហការ ជាមួយ កម្លាំងជំនាញ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ រហូតឈានដល់ឃាត់ខ្លួន មុខសញ្ញា ជា ឃាតកបាននៅវេលាម៉ោង ១១:០០នាទី នៅចំណុចផ្ទះបងថ្លៃជនសង្ស័យ ភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាព សម្លាប់ជនរងគ្រោះដោយ យកខ្សែអង្រឹងប្រវែងប្រហែលកន្លះម៉ែត្រ ដែលបានត្រៀមទុកក្នុងហោប៉ៅខោ ពីផ្ទះមករួចជាស្រេច ដើម្បីទុក ទាក់រឹតកជនរងគ្រោះពីក្រោយ ។ មុនពេលធ្វើសកម្មភាព ជនសង្ស័យបានមកលេងផ្ទះជនរងគ្រោះនៅ
វេលាម៉ោងប្រហែល ១១:០០នាទីជាង ក្រោយមកជនរងគ្រោះ បាននាំចូលមើលកំរាលពូក ទើបទិញថ្មីនៅក្នុងបន្ទប់ ជនសង្ស័យក៏រិតកជនរងគ្រោះ រហូតដល់ស្លាប់រួចដោះយកខ្សែកមាស ខ្សែដៃមាស ពីជនរងគ្រោះ នឹងបើកយកលុយ ពីក្នុងកាបូខ្មៅដាក់ក្នុងទូរជ័រ បានប្រាក់ ដុល្លារ ៦៣២$ (ប្រាំមួយរយសាមសិបពីរដុល្លា) និងលុយខ្មែរ ៤៦០.០០០រៀល(សែសិបប្រាំមួយម៉ឺនរៀល) រួចរត់គេចខ្លួនចេញតាមទ្វារក្រោយ ផ្លោះរបងលួសខាងត្បូងផ្ទះជនរងគ្រោះ សំដៅទៅផ្ទះយាយនី ភូមិគរដី ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អង្គុយលេងបៀរ រហូតម៉ោង ប្រហែលជាង ៦ល្ងាច ទើបត្រឡប់មកផ្ទះវិញ ដោយមិនបានប្រាប់ប្ដី ពីសកម្មភាព បានសម្លាប់ជនរងគ្រោះនេះទេ លុះដល់ជិតភ្លឺ ទើបជិះម៉ូតូទៅតាកែវភូមិម្រះព្រៅផ្ទះបងថ្លៃ ឈ្មោះ ញ៉ ទើបវេលាម៉ោងប្រហែល ៥ល្ងាចប្តីបានដឹកកូន ៣នាក់ទៅតាមក្រោយ ដេកមួយយប់ លុះដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៥:៣០នាទីព្រឹក បាននាំប្ដី និងកូន ប្រុស៣នាក់ ទៀតជិះម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ធ្វើដំណើរមកបេនឡាន នៅភ្នំពេញ ជិះឡានឈ្នួល ដឹកម៉ូតូមកផ្ទះបងថ្លៃ នៅខេត្តកំពង់ធំ មកដល់ នៅវេលាម៉ោងប្រហែលជាង ៣:០០នាទី រសៀល រួចសម្រាកមួយយប់ថ្ងៃទី១៦មករា២០១៩ ទើបព្រឹកឡើងថ្ងៃទី១៧មករា២០១៩ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។

នគរបាល បានបញ្ជាក់មូលហេតុ សម្លាប់ជនរងគ្រោះ ដើម្បីចង់បានទ្រព្យសម្បត្តិ ដោយសារខ្លួន ជំពាក់ប្រាក់ធនាគារ និង អ្នកនៅក្នុងភូមិ សរុបជាង ៤.០០០$ (បួនពាន់ដុល្លារ) ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង