ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ច នៅប្រទេសចិន

71

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

បើតាមផេកហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា
នៅថ្ងៃអាទិត្យទី២០ ខែមករា ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរយៈពេល៣ថ្ងៃ (២០-២៣ មករា ២០១៩) ។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំមានគម្រោងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។ នៅក្នុងឱកាសនោះ យើងនឹងមានកិច្ចពិភាក្សាលើការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ អនុស្សារណៈនិងកិច្ចព្រមព្រៀងមួយចំនួនត្រូវបានពង្រាងរួចហើយ សម្រាប់ចុះហត្ថលេខាជាមួយភាគីមិត្តចិន។ មិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើងយ៉ាងច្រើនចាប់តាំងពីជំនាន់សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើអោយកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ។

សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយថ្ងៃសម្រាកចុងសប្តាហ៍ និងជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ៗគ្នា។

ឯកសារ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការមួយចំនួន ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខានៅអំឡុងទស្សនកិច្ចនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។

មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោ រួមមាន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្រសួងការបរទេសបានប្រកាសថា ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន លោក លីចាន់ស៊ូ (LiZhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សានយោបាយចិន និងជួបពិភាក្សាទ្វេភាគីជាមួយ និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិនផងដែរ។ ការជួបពិភាក្សានឹងផ្តោតទៅលើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង