ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរប្រឆាំងគ្រឿងញៀន ក៨+ក៣ បេីកប្រតិបត្តិការរួមគ្នា បង្ក្រាបគ្រឿងញៀន នៅក្នុងខារ៉ាអូខេ PRO KTV ម្ដុំបឹងត្របែក ឃាត់ជនសង្ស័យប្រុសស្រី ៥៨នាក់

312

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ (ក៨)និង(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ម៉ោង១២ និង១៥នាទី ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងអោយជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចខារ៉ាអូខេ PRO KTV (ក្លឹបប្រូ)​ ផ្ទះលេខ៧៥៧ និង៧៥៨ ផ្លូវព្រះមុន្នីវង្ស ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការ​បង្ក្រាបគ្រឿងញៀនក្នុង​ខារ៉ាអូខេ​ PRO​ KTV​ នេះ កម្លាំងបានធ្វេីការឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥៨នាក់ (ស្រី២៤) ក្នុងនោះមានជនជាតិចិន ២៩នាក់ (ស្រី៥នាក់) និងជនជាតិវៀតណាម ២៣នាក់ (ស្រី១៥នាក់) និងជនជាតិថៃ ២នាក់ (ស្រី)​និងជនជាតិខ្មែរ ០៣នាក់ (ស្រី២នាក់) និងជនជាតិកូរ៉េ ០១នាក់ (ប្រុស) រួចធ្វើតេស្តទឹកម៉ូត រកសារធាតុញៀន​ ក្នុងនោះ វិជ្ជមាន ៥២នាក់ និង អវិជ្ជមាន​ ០៦នាក់។

ប្រភេទជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ៖ ១. ឈ្មោះ 차청민 Chea Cheong Min​ ជនជាតិកូរ៉េ ជាម្ចាស់ទីតាំង​ និងជាអនុប្រធានក្រុមហ៊ុន​ ។ ២. មេការធំឈ្មោះ​ Nguyen Tuan Nah ភេទប្រុស​ ជនជាតិវៀតណាម និងមេការតូចឈ្មោះ ហ៊ត ជឿង ភេទប្រុស​ ជនជាតិខ្មែរ​ ជាអ្នកចាត់ចែង។ ចំណែកឯអ្នកប្រើប្រាស់ ចំនួន​ ៥៣នាក់ និងអ្នកកំដរ ចំនួន​ ០២នាក់។

ចាប់យកវត្ថុតាង : អ៊ិចស្តាស៊ីគ្រាប់ ទម្ងន់២,០៥ក្រាម និងម្សៅគេតាមីន ៦,៥៨ក្រាម និងម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧,០៨ ក្រាម។

សមត្ថកិច្ចបានបញ្ជាក់ថា : វត្ថុតាងខាងលើនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយបាយលើតុ ជ្រុះដី ខណៈពួកគេ​បដិសេធន៍​ទាំងអស់គ្នា ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី​ ។

សូមជម្រាបជូនថា​ កាលពីថ្មីៗនេះ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវបន្តពង្រឹងការងារសន្តិសុខ​សណ្តាប់​ធ្នាប់​២៤ម៉ោងលើ២៤ម៉ោង ជូនប្រជាពលរដ្ឋឲ្យបានល្អជាប្រចាំជាពិសេ​សត្រូវលុបបំបាត់ឲ្យបានចំពោះអ្នកជូញដូរ និងប្រើប្រាស់គ្រឿង​ញៀននៅក្នុងទឹកដីរាជធានី ដើម្បីជាការឆ្លើយតបទៅវិញ បន្ទាប់ពីប្រជាពលរដ្ឋបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា (CPP)។

ឯកឧត្តម​ ​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ២០១៨កន្លងទៅ នៅសាលារាជធានីភ្នំពេញ​ ថា “សន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ប្រជាពលរដ្ឋគ្រប់រូប មិនអាចខ្វះបាន មិន​ថាអ្នកមាន ឬអ្នកក្រនោះទេ គឺសុទ្ធតែត្រូវការសន្តិសុខទាំងអស់។

ឯកឧត្តម​អភិបាល​បន្តថា ការដែលពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋនេះ គឺជាការឆ្លើយតបមួយដ៏ចាំបាច់ ក្រោយពីប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជានៅរាជធានីភ្នំពេញ បានបោះឆ្នោត​ទុកចិត្ត​លើគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរដ្ឋាភិបាលនីតិកាលទី៦នេះ។ ដូច្នេះហើយ អាជ្ញាធរខណ្ឌទាំង១២ និងសង្កាត់​ទាំង​១០៥ ត្រូវធ្វើយ៉ាងណាផ្តល់សេវាកម្មអោយបានល្អជូន ប្រជាពលរដ្ឋមានភាពកក់ក្តៅ រក្សាបានសន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​របៀប​រៀបរយសាធារណៈបានល្អ”៕

អត្ថបទដែលជាប់ទាក់ទង