ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេប៉ូលីសក្រុងភ្នំពេញអំពាវនាវ ដល់ម្ចាស់រថយន្ដដឹកទំនិញធុនធំទាំងអស់ បញ្ឈប់បើកបរចូលក្រុងខុសម៉ោងកំណត់

241

ភ្នំពេញ៖ នៅថ្ងៃទី២០​ ខែមករា ឆ្នាំ២០១៩នេះលោកឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកបើកបររថយន្ដដឹកទំនិញធុនធំទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងគោរពតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ រាល់ម៉ោងដែលអនុញ្ញាតឲ្យបើកចូលក្នុងរាជធានីភ្នំពេញ។ចាំមើលកណ្ដាប់ដៃលោកស្នងការរាជធានីភ្នំពេញមានប្រសិទ្ធិភាពកំរិតណា?។

ក្នុងនោះលោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់អំពីចំណាត់ការជាបន្ដបន្ទាប់ ដោយបញ្ជាឲ្យការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលតាមបណ្ដាខណ្ឌ បន្ដប្រតិបត្តិការចុះចាប់រថយន្ដដឹកទំនិញធុនធំ ដែលបើកបរចូលរាជធានី ដោយខុសច្បាប់ និងខុសពេលវេលាកំណត់។

ក្រោយលោកស្នងការអំពាវនាវគេឃើញលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលចរាចរណ៍ និងសហការជាមួយ នគរបាលតាមបណ្ដាខណ្ឌ នឹងបើកយុទ្ធនាការជាបន្ដបន្ទាប់ដើម្បី​ទប់ស្កាត់លើបញ្ហានេះ។

នាយការិយាល័យចរាចរណ៍រូបនេះ បានបន្ថែមទៀតថា សម្រាប់ទីតាំងដែលទុករថយន្ដដឹកទំនិញធុនធំ ដឹកដី ដឹកថ្ម និងដឹកខ្សាច់មានចំនួន២ទីតាំង ដោយទី១៖ នៅតាមបណ្ដោយផ្លូវហានណូយ ជិតសាលាអេស៊ីលីដា និងទីតាំងទី២៖ នៅតាមបណ្ដាយផ្លូវ៦០ម៉ែត្រ ដែលមានទំហំដីយ៉ាងធុន ដោយអនុញ្ញាតឲ្យទុករថយន្ដធុនធំទាំងអស់នោះបានជាច្រើនគ្រឿង។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យ​ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់រថយន្តដឹកទំនិញចេញចូលម៉ោងខុសច្បាប់ជាច្រើនគ្រឿង នៅតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាមួយគ្នានោះលោកវរសេនីយ៍ឯកបានបញ្ជាក់​ថា ចំពោះរថយន្តដឹកទំនិញធុនធំទាំងអស់ មិនត្រូវអនុញ្ញាតឲឲ្យចូល ក្នុងរាជធានីភ្នំពេញ ចំនួន៤ខណ្ឌរួមមាន៖ ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌទួលគោក និងខណ្ឌចំការមន។ ដោយឡែក រថយន្តដឹកទំនិញធុនធំ ដែលអនុញ្ញាតឲ្យចេញចូលបាននៅតំបន់ជាយក្រុងរួមមាន៖ ផ្លូវទំនប់កប់ស្រូវ, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤, ផ្លូវវេងស្រេង និងផ្លូវ២៧១៕

អត្ថបទដែលជាប់ទាក់ទង