ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​រថយន្ត​ធុន​ធំ​១៥៤​គ្រឿង ចេញ​-​ចូល​រាជធានី​ភ្នំពេញ​ខុស​ម៉ោង​

329

​ភ្នំពេញ ៖ ក្នុង​រយៈ​អំឡុងពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩​ដល់​ថ្ងៃទី​២៣ មករា​នេះ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ ឃាត់​រថយន្ត​ធុន​ធំ ធ្វើ​ចរាចរណ៍​ចេញ​-​ចូលក្នុង​រាជធានី​ភ្នំពេញ​ ខុសពេល​វេលា​កំណត់ បាន​ចំនួន​១៥៤​គ្រឿង ។​

​លោក​វរសេនីយឯក សែម គ​ន្ធា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក ពេលចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ទីតាំង​បណ្តោយ​ផ្លូវ​ហាណូយ ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃទី​២៣ មករា​ឆ្នាំ​២០១៩​ថា ការអនុវត្ត​ធ្វើឡើង​ក្នុង​៣​គោលដៅ​ធំៗ​ក្នុងនោះ​រួមមាន ផ្លូវ​៥៩៨ ផ្លូវ​ហាណូយ និង​ផ្លូវជាតិ​លេខ​៥ ។ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ចាប់ពី​ថ្ងៃទី​៩ មករា​ដល់​ថ្ងៃទី​២៣​មករា​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ធុន​ធំ​ល្មើសច្បាប់ ចូលក្នុង​រាជធានី​ភ្នំពេញ​ខុសពេល​វេលា​ បាន​ចំនួន​១៥៤​គ្រឿង និង​បន្ត​អនុវត្ត​បន្ថែមទៀត​ ចំពោះ​អ្នកបើកបរ​ដែល​មិន​រាងចាល ល្មើស​នឹង​ច្បាប់​ចរាចរណ៍ ដែល​បណ្តាលអោយ​មានកា​រ​កកស្ទះ និង​បង្ក​ជា​គ្រោះថ្នាក់​ចរាចរក្នុង​រាជធានី​ភ្នំពេញ​។​
​លោក​ក៏បាន​សំណូមពរ​ឲ្យ​អ្នកបើកបរ​រថយន្ត​ធំៗ​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍ គឺ​រថយន្ត​ត្រូវមាន​ឈៀក ត្រួតពិនិត្យ​រថយន្ត​តាម​លក្ខណៈ​បច្ចេកទេស​ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អ្នកបើកបរ​ត្រូវមាន​បណ្ណ​បើកបរ ព្រមទាំង​មាន​លិខិត​អនុញ្ញាតិ​ចេញ​-​ចូលក្នុង​រាជធានី ទើប​កម្លាំង​សមត្ថកិច្ច​មិន​ឃាត់​ដើម្បី​ធ្វើការ​ពិន័យ ។ មួយវិញទៀត រាល់​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ត្រូវមាន​ស្លាក​លេខ​សម្គាល់​ផងដែរ បើ​មិន​ដូច្នោះ​ទេ សមត្ថកិច្ច​នឹងធ្វើ​ការ​ឃាត់​ទុកជា​បណ្តោះអាសន្ន រង់ចាំ​យក​ឯកសារ​គ្រប់គ្រាន់ ទើប​ធ្វើការ​ដោះលែង​វិញ​។​ ចំពោះ​រថយន្ត​ធុន​ធំ ប្រភេទ​យី​ឌុប និង​កុងតឺន័រ គឺ​មិន​អនុញ្ញាតិ​ឲ្យធ្វើ​ចរាចរណ៍​ដាច់ខាត​នៅក្នុង​ខណ្ឌ​ចំនួន​៤​គឺ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌ​៧​មករា និង​ខណ្ឌចំការមន ។ សមត្ថកិច្ច​នឹង​រឹតបន្តឹង​បន្ថែមទៀត​ចំពោះ​រថយន្ត​ធុន​ធំ​ទាំងអស់ គឺ​មិន​អនុញ្ញាតឲ្យចរាចរណ៍​ចេញ​-​ចូលក្នុង​រាជធានី​ភ្នំពេញ​ ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៩​យប់ ៕

អត្ថបទដែលជាប់ទាក់ទង