ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមចំនួន១៤ចំណុចសំខាន់ៗ ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីមហាអំណាចចិន

115



(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅលើទឹកដីមហាអំណាចចិន រយៈពេល៣ថ្ងៃ ដោយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានចេញសេចក្តីថ្លែងកាណ៍រួមមួយដែលមានចំនួន១៤ចំណុចសំខាន់ៗ ជុំវិញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជា។

ជាថ្មីម្ដងទៀតក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មហាអំណាចលេខ១ នៅទ្វីបអាស៊ី គឺមហាយក្សចិន បានប្រកាសពីការគោរពចំពោះ ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងបានបញ្ជាក់ឡើងវិញពីការគាំទ្រចំពោះគោលនយោបាយឯករាជ្យ និងការអភិវឌ្ឍរបស់កម្ពុជា ស្របទៅ នឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។
សេចក្ដីថ្លែងការណ៍រួមរវាង កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានបង្ហាញជាផ្លូវការ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីចិនបានលើកជាថ្មី ពីការគោរពចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងបានបញ្ជាក់ឡើងវិញ ពីការគាំទ្រចំពោះគោលនយោបាយឯករាជ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របទៅ នឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជា»។
ភាគីកម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំធេងជាច្រើន តាមរយៈកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន និងសូមជូនពរ ដោយស្មោះចំពោះភាគីចិន ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលមាន អគ្គលេខាធិការ ស៊ី ជីនភីង ជាស្នូលសំខាន់ក្នុងការដឹកនាំ នឹងសម្រេចបានដោយជោគជ័យនូវគោលដៅសតវត្សទំាងពីរ។
ភាគីកម្ពុជា ជឿជាក់ថា ប្រជាជនចិន នឹងអភិវឌ្ឍប្រទេសចិន ទៅជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមរមនា និងស្រស់ស្អាត ។
ជាមួយគ្នានេះ ភាគីចិន ក៏បានជូនពរដោយស្មោះឲ្យប្រជាជនកម្ពុជាបន្ដសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំធេងក្នុងការអភិវឌ្ឍជាតិ ក្រោមម្លប់ព្រះបារមី ព្រះមហាស្វេតឆ័ត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។

ក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាកម្ពុជា-ចិន បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ប្រកាសប្រឆាំងចំពោះការប្រកាសឯករាជ្យរបស់តៃវ៉ាន់គ្រប់ទម្រង់ និងអះអាងទៀតថា តៃវ៉ាន់គ្រាន់តែជាផ្នែកសំខាន់មួយ របស់ចិនតែប៉ុណ្ណោះ។ «ភាគីកម្ពុជា សូមបញ្ជាក់សាជាថ្មី នូ វការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ព្រមទាំងទទួលស្គាល់រដ្ឋាភិបាល សាធារណរដ្ឋ ប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកសំខាន់មួយ នៃបូរណភាពដែនដីរបស់ចិន»។

ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាបានប្រកាសនៅចំពោះថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសមហាអំណាចមួយនេះទៀតថា «ភាគីកម្ពុជាសូមប្រឆាំង ចំពោះការប្រកាសឯករាជ្យ របស់តៃវ៉ាន់គ្រប់ទម្រង់ ព្រមទាំងបន្តគាំទ្រការអភិវឌ្ឍដោយសន្តិភាពនូវទំនាក់ទំនងចិន និងតៃវ៉ាន់ និងបុព្វហេតុក្នុងការបង្រួបបង្រួមចិន»។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានសម្តែងនូវការពេញចិត្ត ចំពោះស្ថិរភាព និងការវិវត្តដ៏ប្រសើរនៃសភាពការណ៍នៅសមុទ្រចិនខាងត្បូង និងសូមអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តការអនុវត្តឲ្យពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគី នៅសមុទ្រចិនខាងត្បូង (DOC) ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ វិស័យសមុទ្រជាក់ស្តែង និងលើកកម្ពស់ការពិគ្រោះយោបល់ ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ។

ការបង្ហាញសេចក្តីពេញចិត្តនៃការវិវត្តន៍សភាការណ៍ នៅសមុទ្រចិនខាងត្បូងនេះ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមរវាង កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ទើបចេញផ្សាយនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ដែលជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់២៣ ខែមករា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ទៀតថា «ភាគីកម្ពុជាវាយតម្លៃខ្ពស់ និងគាំទ្រសំណើរបស់ភាគីចិន សូមឲ្យបញ្ចប់កិច្ចពិគ្រោះយោបល់សី្តពី COC ក្នុងរយៈពេល៣ឆ្នាំ ហើយនឹងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរក្សាការវិវត្តជាវិជ្ជមាន នៃកិច្ចពិគ្រោះយោបល់ ខិតខំសម្រេចឲ្យបានឆាប់នូវកិច្ចពិគ្រោះយោបល់នេះ ដោយឈរលើមូលដ្ឋានកុងសង់ស៊ីសទៅវិញទៅមក និងកសាងសមុទ្រចិនខាងត្បូង ឲ្យទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។
ជាមួយគ្នានេះ ក្នុងសេចក្តីថ្លែងការណ៍របស់ក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពបន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង អាស៊ាន-ចិន អាស៊ីបូព៌ា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងបណ្តាក្របខ័ណ្ឌពហុភាគី រួមទាំងអង្គការសហប្រជាជាតិ។

លើសពីនេះ ភាគីទាំងពីរនឹងរួមគ្នាប្រកាន់ខ្ជាប់ នូវពហុភាគីនិយម និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក ជាស្នូល។ ភាគីទាំងពីរនឹងជំរុញការបង្កើតទំនាក់ទំនងអន្តរជាតិ ដែលមានការគោរពគ្នាទៅវិញទៅមក មានយុត្តិធម៌ និងសមធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីកសាងសហគមន៍ ដែលមានជោគវាសនារួមសម្រាប់មនុស្សជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងយល់ស្របគ្នាថា ដំណើរទស្សនកិច្ចនេះ បានបន្ថែមកម្លាំង ចលករថ្មី ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន»។
សេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណចំពោះភាគីចិន ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្និទ្ធស្នាលក្នុងអំឡុងពេលទស្សនកិច្ចនេះ។
ក្នុងអំឡុងពេលទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីមហាអំណាចចិន រយៈពេល៣ថ្ងៃនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការលើ វិស័យនានា ស្តីពី ការលើកកម្ពស់ជីវភាពប្រជាជន ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៖

អត្ថបទដែលជាប់ទាក់ទង