ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិមានឈ្នះ ឈ្នះ ទទួលភ្លៀវទេសចរណ៍ប្រមាណ១ពាន់ទៅ៣ពាន់នាក់ក្នុងមួយថ្ងៃ អាជ្ញាធររាជធានីជម្រុញអោយសំអាតបរិស្ថានជាប្រចាំ

375

ភ្នំពេញ៖ ក្រោយពីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការជិត២ខែកន្លងមកនេះ ឃើញថា វិមានឈ្នះ ឈ្នះ ទទួលបានភ្លៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណ១០០០ទៅ៣០០០នាក់ក្នុងមួយថ្ងៃ  សម្រាប់ថ្ងៃបុណ្យ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។ ទន្ទឹមនឹងនេះអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង  បានជម្រុញអោយអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធត្រូវតែរួមគ្នាសំអាតបរិស្ថានអោយបានស្អាត

ជាប្រចាំ ។

ការជម្រុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ កុម្ភៈ ២០១៩ ក្នុងកិច្ចប្រជុំស្ដីពីសម្រួលការងារក្នុងបរិវេណវិមានឈ្នះ ឈ្នះ នៅសាលារាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំនោះ តំណាងក្រសួងការពារជាតិបានលើកឡើងថា កន្លងមកជាងមួយខែនេះ ពោលគឺក្រោយពីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ វិមានឈ្នះ ឈ្នះ ឃើញថា វិមានឈ្នះ ឈ្នះ មានភ្ញៀវទេសចរណ៍ មកពីភ្នំពេញ មកពីស្រុក និងខេត្តជិតឆ្ងាយមកដើរលេងកំសាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយក្នុងមួយថ្ងៃ អាចពី៣០០ទៅ៥០០នាក់សម្រាប់ថ្ងៃធម្មតា តែបើសម្រាប់ថ្ងៃបុណ្យ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ មានរហូត១០០០ទៅ៣០០០នាក់ក្នុងមួយថ្ងៃ ។ ការទទួលភ្ញៀវច្រើនសន្ធឹកសន្ធាប់នេះ មានធ្វើអោយបរិវេណវិមានឈ្នះឈ្នះប្រឈមនឹងបញ្ហាសំរាម ដែលយើងត្រូវតែមានវិធានការសំអាតនិងប្រមូលចេញជាប្រចាំ។ ជាមួយនិងបញ្ហានេះតំណាងក្រសួងការពារជាតិបានស្នើសុំអោយអាជ្ញាធររាជធានីភ្នំពេញជួយ លើបញ្ហាប្រមូលសំរាម ជួយលើបញ្ហា ទឹក ភ្លើង ការថែសួន និងការថែទាំដើមឈើជាដើម។

ជុំវិញការស្នើឡើងក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា វិមានឈ្នះ ឈ្នះជារបស់យើងទាំងអស់គ្នា ដែលយើងត្រូវរួមគ្នាថែរក្សាអោយបានស្អាត ពិេសសបញ្ហាសម្រាម។ លោកបន្តថា រាល់សំណើររបស់ក្រសួងការពារជាតិ រដ្ឋបាលរាជធានីភ្នំពេញទទួលយកទាំងអស់ សំដៅធ្វើយ៉ាងណាអោយវិមានឈ្នះឈ្នះកាន់តែមានសោភណ្ឌភាពទាក់ទាញ ។ ដូច្នេះទេ លោកស្នើអោយមន្ទីរសាធារណៈការណ៍និងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌជ្រោយចង្វារួមគ្នាដើម្បីអនុវត្តការងារទាំងនេះ ។ ជាងនេះទៅទៀត អាជ្ញាធរខណ្ឌជ្រោយចង្វាក៏ត្រូវពង្រឹងបន្ថែមលើបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋដែលទៅលេងកំសាន្តនៅវិមានឈ្នះ ឈ្នះនេះដែរ។

  គួរបញ្ជាក់ថា  វិមានឈ្នះឈ្នះបានរៀបចំឡើងនៅចម្លាក់ ស្តីពីទិវាចងចាំឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងចម្លាក់ដំណើរជាតិកម្ពុជានាទសវត្សឆ្នាំ៨០ និងដើមឆ្នាំ៩០ ដាក់តាំងបង្ហាញនៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមាន។
  គួរបញ្ជាក់ទៀតដែរថា វិមានឈ្នះឈ្នះចាប់ផ្តើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ហិកតា ដែលមានកំពស់វិមានចំនួន៥៤ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕
អត្ថបទដែលជាប់ទាក់ទង