ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គយនិងធនាគារពិភពលោក ពិនិត្យកែសម្រួលខ្លឹមសារអនុក្រឹត្យការដាក់ឱ្យប្រើប្រាស់ បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់

139

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយធនាគារពិភពលោក នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ប្រារព្ធកិច្ចប្រជុំអន្តរក្រសួងលើកទី២ ក្នុងគោលបំណងបន្តជំរុញដំណើរការពិនិត្យកែសម្រួលខ្លឹមសារអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រកាសថា
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីតំណាងធនាគារពិភពលោក និងមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួង-ស្ថាប័នជំនាញ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការកែសម្រួលបញ្ជីមុខទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ ជាឧបសម្ព័ន្ធអនុក្រឹត្យ ២០៩ អនក្រ.បក ដែលត្រូវបានចូលជាធរមានតាំងពីឆ្នាំ២០០៧ មក គឺធ្វើឡើងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានភាពសមស្របទៅតាមការវិវត្តនៃសភាពការណ៍ ទាំងលើទិដ្ឋភាពបច្ចេកវិទ្យា និងប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។ លើសពីនេះទៀត ការកែសម្រួលក្នុងទិសដៅកាត់បន្ថយចំនួនមុខទំនិញដែលជាកម្មវត្ថុនៃការហាមឃាត់ ឬជាប់កម្រិតកំណត់លើការនាំចេញនាំចូល គឺជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងឧត្ដមភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការកាត់បន្ថយរបាំងមិនមែនពន្ធ ហើយដែលត្រូវធ្វើឡើងស្របគ្នាជាមួយនឹងការកសាង និងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។

នៅក្នុងកិច្ចប្រជុំនោះ អ្នកជំនាញការធនាគារពិភពលោកបានបង្ហាញជូនអង្គប្រជុំនូវបទពិសោធន៍ នៃការអនុវត្តល្អជាអន្តរជាតិនានា ជាពិសេសពាក់ព័ន្ធនឹងកត្តានានា ដែលត្រូវគិតគូរក្នុងការកំណត់របាំងមិនមែនពន្ធប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបានតុល្យភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម និងការទប់ស្កាត់ហានិភ័យនានា ព្រមទាំងកាត់បន្ថយបានជាអតិបរមានូវផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ អ្នកជំនាញការក៏បានផ្តល់អនុសាសន៍ ស្តីពីអភិក្រមនៃកិច្ចដំណើរការពិនិត្យនិង កែសម្រួលបញ្ជីទំនិញ ចាប់ផ្តើមពីការវិភាគ និងកំណត់អាទិភាពនៃមុខទំនិញដែលគួរដាក់បន្ថែមឬដកចេញ, កិច្ចពិគ្រោះយោបល់ រហូតដល់យន្តការនៃការសម្រេចមុននឹង ដាក់ជូនរាជរដ្ឋាភិបាលធ្វើការអនុម័តជាចុងក្រោយ។

ជាលទ្ធផល អង្គប្រជុំបាន ឯកភាពកំណត់នូវទិសដៅការងារបន្តចំនួន ៤ គឺ ទី១. ត្រូវបង្កើតក្រុមការងារសម្របសម្រួលអន្តរស្ថាប័នមួយ ឲ្យបានឆាប់ដើម្បីចាប់ផ្តើមកិច្ចដំណើរការការងារនេះ, ទី២. ត្រូវកំណត់ទម្រង់ឬអភិក្រមច្បាស់លាស់លើការពិនិត្យ និងកែសម្រួលមុខទំនិញ ក្នុងបញ្ជីតាមការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធនីមួយៗ, ទី៣. ត្រូវកំណត់យន្តការ នៃការរាយការណ៍ និងការសម្រេចលើបញ្ជីកែសម្រួល ដើម្បីដាក់ជូនរាជរដ្ឋាភិបាល និងទី៤. កំណត់ក្របខ័ណ្ឌពេលវេលាជាក់លាក់ នៃការបញ្ចប់កិច្ចដំណើរការកែសម្រួលអនុក្រឹត្យលេខ ២០៩ នេះ។ ទន្ទឹមនេះ លោកមបណ្ឌិត គុណ ញឹម ប្រធានអង្គប្រជុំក៏បានផ្តាំផ្ញើឱ្យតំណាងក្រសួង-ស្ថាប័ននីមួយៗរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីពិនិត្យកែសម្រួលមុខទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ដែលស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរៀងៗខ្លួន និងត្រៀមបទបង្ហាញ អំពីលទ្ធផលនៃការកែសម្រួលទាំងនោះ ដោយមានការបញ្ជាក់ពីហេតុផល និងភាពចាំបាច់នានា ទាំងលើទិដ្ឋភាពច្បាប់, ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងភាពងាយស្រួលក្នុងការអនុវត្ត សម្រាប់បង្ហាញក្នុងកិច្ចប្រជុំលើកក្រោយ៕

អត្ថបទដែលជាប់ទាក់ទង