ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ សូមអាជ្ញាធរសមត្ថកិច្ច បន្តវិធានការត្រួតពិនិត្យគ្រឿងញៀន តាមក្លិបកម្សាន្ត និងខារ៉ាអូខេផ្សេងទៀត ក្រៅពីរ៉ក់!

542

ភ្នំពេញ៖កាលពីម៉ោង ០១:៤៥ នាទី ទៀបភ្លឺ ថ្ងៃទិ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ត្រូវបានសាលារាជធានីភ្នំពេញ លើកឡើងថា លទ្ធផលនៃប្រតិបត្តិការនេះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានឆែកឆេរបង្ក្រាប ក្នុងមជ្ឈមណ្ឌលកម្សាន្តនេះ និងបានចាប់យកវត្ថុតាងជាគ្រឿងញៀនមួយចំនួន ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣១១ នាក់ ( ស្រី ៥៦នាក់ )។
សេចក្តីប្រកាសដដែល លើកឡើងថា ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្ម មណ្ឌលមណ្ឌលកម្សាន្តរ៉ក់ ហើយផ្តល់លទ្ធភាពជូនអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ ឈានទៅកំណត់ប្រភពនៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើសនាំយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
ជុំវិញករណីនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លើកឡើងថា យប់មិញ លោក និងស្នងការរងជាច្រើនរូប ព្រមទាំងកម្លាំងជំនាញចម្រុះ បានចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង ៣០០នាក់ ក្នុងនោះ មានជនជាតិចិន ១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង ៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ ២ខាំ ជញ្ជីងថ្លឹងគ្រឿងញៀន ១២ និងកាំភ្លើងខ្លី ១ដើម!!។
ក្រោយការចាប់ឃាត់ខ្លួន យុវជនយុវនារីជាង ៣០០នាក់នោះ ត្រូវបានសមត្ថកិច្ច នាំខ្លួនពីមជ្ឈមណ្ឌលកម្សាន្ត រ៉ក នៅជាប់សាកលវិទ្យាល័យ សេដ្ឋកិច្ច និងនីតិសាស្ត្រ នៅបឹងត្របែក តាមមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ ទៅត្រួតពិនិត្យទឹកនោម នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ការធ្វើតេសទឹកនោម រកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជនយុវនារីជាង ៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើន សុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។
លោកស្នងការ ស ថេត បញ្ជាក់ថា «សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទកាសែត នឹងធ្វើនៅពេលការងារបញ្ចប់។ ចំពោះគ្រឿងញៀនគ្រប់ប្រភេទ ដែលដកហូតបាន សរុបទៅមិនតិចជាង ៥០គីឡូក្រាមឡើយ»។
ជុំវិញករណីនៅរ៉ុក របស់លោកឧកញ៉ា គិតធាង ប្អូនប្រុសរបស់លោកឧកញ៉ាគិតម៉េងនេះ នរណាមិនល្បីពីរឿងយុវជនប្រើប្រាស់គ្រឿងញៀន ចូលលេងយ៉ាងសប្បាយ ដោយអាងតែមានខ្នងក្រាស់ នៅការពារ។ ប៉ូលិសល្មមៗ រហូតដល់ក្រុមប៉ូលិសមន្ទីរគ្រឿងញៀន ក៏មិនអាចចូលបង្ក្រាបបានឡើយ។ ក្រៅពីគ្រឿងញៀន នៅរ៉កក៏ល្បីល្បាញរឿងជួញដូរផ្លូវភេទថែមទៀតផង។ រឿងនេះ យុវជនអ្នកដើរលេងយប់ណាមួយ ដែលថាមិនដឹង មិនល្បី រឿងម៉ាស្សាវ៉ៃស៊ិចនៅរ៉កនោះ។
នៅពេលនេះ នៅពេលចាប់បង្ក្រាបរកឃើញភស្តុតាងច្បាស់លាស់ ពាក់ព័ន្ធគ្រឿងញៀនដូច្នេះហើយនោះ គួរតែលោកឧត្តមសេនីយ៍ឯក ជាស្នងការទើបឡើងថ្មី ប្រើប្រាស់តួនាទី ជាអគ្គស្នងការរងនគរបាលជាតិ ដោយសហការជាមួយនឹងថ្នាក់ដឹកនាំជំនាញដទៃទៀត បើកប្រតិបត្តិការទ្រង់ទ្រាយធំ បោសសម្អាតបណ្តាញចែកចាយគ្រឿងញៀន ពិសេសយកមុខឲ្យឃើញអ្នកធំក្នុងជួរប៉ូលិស ដែលបានកាង បើកដៃឲ្យរ៉ក់ អនុញ្ញាតឲ្យយុវជនចូលពពាក់ពពួន លេងគ្រឿងញៀន ដែលនាំដល់មហន្តរាយយ៉ាងធ្ងន់ធ្ងរនេះ។
ផ្ទុយទៅវិញ នៅពេលនេះ បើសិនជាគ្រាន់តែចាប់បង្ក្រាប ហើយបិទទ្វាររ៉ក់នេះជាបណ្តោះអាសន្ន នោះនៅពេលបន្តិចទៀត ឈ្មួញអ្នករកស៊ីមានលុយ ទៅរកខ្សែ សូកចុះ សូកឡើង នឹងបើកដំណើរការជាថ្មី មិនខានឡើយ។ អីចឹងទេ គឺប្រៀបដូចជា ការវែកចក ឲ្យតែទទឹកដៃ ឬមិនអីចឹងទេ មហាជននឹងមើលឃើញថា លោកស្នងការថ្មី ឡើងមក ធ្វើជាចាប់ ហើយបិទរ៉ក់ តែនៅពេលម្ចាស់រ៉ក់ យកលុយទៅសែនត្រូវ បែរជាបើកឲ្យដំណើរការឡើងវិញ។ តើមហាជន នឹងត្រូវជឿជាក់លើសមត្ថកិច្ចទៀតដោយរបៀបណា? ឬក៏ថា ចោរ និងសមត្ថកិច្ចតែមួយជាមិនខានឡើយ!
ក្រៅពីនៅរ៉ក់នេះ មហាជនក៏បានស្នើសុំយ៉ាងទទូចដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ សូមបន្តបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះស្រាវជ្រាវ បង្ក្រាបនៅក្លឹបកម្សាន្តដទៃទៀត ឬនៅតាមហាងខារ៉ាអូខេ ផ្សេងទៀត រួមទាំងការជួញដូរគ្រឿងញៀនគ្រប់រូបភាពជាច្រើនទៀត ព្រោះថា កងកម្លាំងសមត្ថកិច្ចយើង មានបណ្តាញ និងជំនាញច្បាស់លាស់ ពិតជារកឃើញបទល្មើសទាំងនោះ គ្រាន់តែថា បង្ក្រាប ឬក៏ទុកបន្ត ដូចមហាជនតែងតែពោលថា សមត្ថកិច្ចចិញ្ចឹមបទល្មើស ទុកសម្រាប់ចិញ្ចឹមឆ្នាំង។
សរុបមក មហាជនទូទាំង រាជធានីរួមទាំងថ្នាក់ដឹកនាំយើងផង ពិតជាសរសើរ និងទះដៃសាទរដល់កងកម្លាំងសមត្ថកិច្ចរបស់យើង ដែលបានចាប់បង្ក្រាប និងបិទកន្លែងកម្សាន្តសប្បាយនៅរ៉ក ព្រោះថា មានយុវជនមិនតិចទេ ដែលឆ្លួករង្វេង ញៀនថ្នាំ នៅរ៉ក ហើយឈានដល់ការបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទ្រព្យក្រុមគ្រួសារ ហើយចុងក្រោយ ក៏ធ្លាក់ខ្លួន ក្លាយជាចោរឆក់ ចោរលួច និងចោរប្លន់ ដើម្បីបានលុយ ទៅលេងគ្រឿងញៀន។ អនាគតរបស់យុវជនមួយចំនួន ក៏ត្រូវខូច ដោយសារតែលង់ខ្លួននឹងគ្រឿងញៀន និងភ្លើងពណ៌សប្បាយភ្លើតភ្លើននេះឯង៕

អត្ថបទដែលជាប់ទាក់ទង