ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បទបញ្ជាបញ្ចុះតម្លៃប្រេងសាំង​​​ ចាប់ផ្តើមអនុវត្តន៍ថ្ងៃទី១កក្កដា

121

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាថ្ងៃចាប់ផ្តើមអនុវត្តន៍នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញឲ្យគ្រប់ក្រុមហ៊ុនលក់ប្រេងឥន្ធនៈទាំងអស់បញ្ចុះតម្លៃប្រេងសាំង និងម៉ាស៊ូត យ៉ាងតិច១៦០រៀលក្នុងមួយលីត្រ។

ការបញ្ចុះតម្លៃ១៦០រៀលក្នុងមួយលីត្រនេះ គឺរាជរដ្ឋាភិបាលត្រូវបង់ថ្លៃ៨០រៀល និងក្រុមហ៊ុនឯកជនក៏ត្រូវវិភាគទាន ៨០រៀលក្នុង១លីត្រផងដែរ។

ស្របជាមួយបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់តាមស្ថានីយ៍ផងដែរ សម្រាប់រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់១៥ ខែកក្កដា ឆ្នាំ២០១៨។

ក្រសួងពាណិជ្ជកម្មបានកំណត់ថា គ្រប់សា្ថនីយប្រេងឥន្ធនៈទាំងអស់ ត្រូវលក់តម្លៃសាំងធម្មតាលក់មិនឲ្យលើសពី៣,៩៥០រៀល និងម៉ាស៊ូតត្រូវលក់ក្នុងតម្លៃ ៣,៧៥០រៀលក្នុងមួយលីត្រ។ ប៉ុន្តែតម្លៃសាំងស៊ុបពែរគ្មាន នៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងឡើយ។

ជាក់ស្តែងនៅថ្ងៃនេះ នៅតាមស្ថានីយលក់ប្រេងឥន្ធនៈនានា គឺមានការបញ្ចុះតម្លៃលក់ទៅតាមការកំណត់ របស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មប្រាកដមែន។ ដោយស្ថានីយខ្លះលក់ដូចទៅនឹង តម្លៃរបស់ក្រសួងពាណិជ្ជកម្មបានកំណត់ ហើយក៏មានស្ថានីយខ្លះលក់ទាបជាងតម្លៃ ដែលកំណត់ដោយក្រសួងផងដែរ។
គួរបញ្ជាក់ថា ដើម្បីសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន១៦០រៀលក្នុង១លីត្រ អនុត្តន៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨តទៅ។ ការអន្តរាគមន៍នេះ ធ្វើឲ្យរាជរដ្ឋាភិបាល បាត់ចំណូលក្នុងរង្វន់៣០លានដុល្លារ។

ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជា ឲ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរដែនដីគ្រប់ខេត្ត ត្រូវពិនិត្យតាមដានមើលថា តើស្ថានីយទាំងអស់នោះ មានបញ្ចុះតម្លៃលក់ប្រេងឥន្ធនៈ ដូចការកំណត់របស់រាជរដ្ឋាភិបាលដែរទេ ដើម្បីឲ្យការអនុវត្តន៍នេះ ផ្តល់ផលចំណេញដល់ ប្រជាពលរដ្ឋពិតប្រាកដ៕

 

អត្ថបទដែលជាប់ទាក់ទង