ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានកាំកុងត្រូល បើកយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងទូទាំងប្រទេស ដោយពិនិត្យស្ថានីយប្រេងជាង៩០

183

(ភ្នំពេញ)៖ អនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ អគ្គនាយកនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហ័រណ-អាហ័រណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងតូល) នៃក្រសួងពាណិជ្ជកម្ម បានបើកយុទ្ធនាការត្រួតពិនិត្យ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការកំណត់តម្លៃប្រេងឥន្ធនៈថ្មី នៅតាមស្ថានីយប្រេងឥន្ធនៈនានា ទូទាំងប្រទេសកម្ពុជា។

សម្រាប់ថ្ងៃដំបូងនៃយុទ្ធនាការ មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ទទួលបានលទ្ធផលដូចខាងក្រោម៖

+ ខណ្ឌច្បារអំពៅ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៣៥ ក្នុងនោះ ១១ស្ថានីយ ដាក់លក់លើសពីតម្លៃកំណត់ ១៥ស្ថានីយ លក់ទាបជាង និង០៩ស្ថានីយ លក់ក្នុងតម្លៃត្រឹមត្រូវ តាមសេចក្តីជូនដំណឹងរបស់ក្រសួង។

+ ខណ្ឌពោធិ៍សែនជ័យ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៦ ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានត្រឹមត្រូវ លើកលែងតែសាំងស៊ុបពែ គឺបានលក់លើសតម្លៃចាប់ពី ៥០រៀល ដល់ ១៥០រៀល/លីត្រ។

+ ខណ្ឌមានជ័យ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៦ ក្នុងនោះ ស្ថានីយទាំងអស់ ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានត្រឹមត្រូវ លើកលែងតែ ស្ថានីយ ១ ដាក់លក់សាំងស៊ុបពែ លើសតម្លៃកំណត់។

+ ខេត្តកណ្តាល៖ មន្ត្រីបានចុះទៅកាន់ស្ថានីយ និងដេប៉ូប្រេងចំនួន ២៨ ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានត្រឹមត្រូវ លើកលែងតែស្ថានីយ ៥ បានដាក់លក់សាំងស៊ុបពែ លើសតម្លៃកំណត់។

+ ខេត្តកំពង់ឆ្នាំង៖ មន្ត្រីបានចុះទៅកាន់ស្ថានីយចំនួន ៣ (តូតាល់, សូគីមិច និង តេឡា) ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានត្រឹមត្រូវ លើកលែងតែសាំងស៊ុបពែ គឺបានលក់លើសតម្លៃចាប់ពី ៥០រៀល ដល់ ១០០រៀល/លីត្រ។

+ ខេត្តព្រៃវែង៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៦ និងដេប៉ូប្រេងចំនួន ៨ ក្នុងនោះស្ថានីយ ២ លក់លើសតម្លៃកំណត់ ហើយដេប៉ូប្រេងទាំងអស់ លក់ក្រោមតម្លៃកំណត់។

+ ខេត្តកោះកុង៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៩ ក្នុងនោះ ១ស្ថានីយ ដាក់លក់ប្រេងសាំងធម្មតា លើសពីតម្លៃកំណត់។

ចំពោះស្ថានីយដែលបានរកឃើញមានបញ្ហាជាមួយតម្លៃប្រេង មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយទាំងអស់នោះ ធ្វើការកែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយការលំបាក និងជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

គួររំលឹកដែរថា ដើម្បីសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ១៦០រៀល/លីត្រ គឺ ៣៩៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង ៣៧៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។ តម្លៃថ្មីនេះ ត្រូវអនុត្តន៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះតទៅ ហើយការអន្តរាគមន៍នេះ នឹងធ្វើឲ្យរាជរដ្ឋាភិបាល​ បាត់ចំណូលក្នុងរង្វង់ទឹកប្រាក់ ៣០លានដុល្លារផងដែរ៕

    

អត្ថបទដែលជាប់ទាក់ទង