ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងសិង្ហបុរី បន្តសហការទប់ស្កាត់ រាល់បទល្មើស ការប្រឆាំងភេរវកម្ម ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន

79


ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះកិច្ចសហប្របិត្តិការទ្វេភាគីរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិសិង្ហបុរី លើកិច្ចសហការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន និងប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមគ្នា។

សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអនុញ្ញាតឲ្យ​ លោក Hoong Wee Teck អគ្គស្នងការនគរបាលសឹង្ហបុរី​ ដើម្បីចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ​ នារសៀលថ្ងៃចន្ទ ១៣រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី៤​ ខែមីនា​ ឆ្នាំ​២០១៩​ នៅទីស្ដីការក្រសួងមហាផ្ទៃ​ ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា វាជាការល្អបំផុតដែលភាគីកម្ពុជា និងសិង្ហបុរី បន្តសហការគ្នាក្នុងការទប់ស្កាត់ រាល់បទល្មើសឧក្រិដ្ឋផ្សេងដូចជា ការប្រឆាំងភេរវកម្ម ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនៗទៀត។

សម្តេចក្រឡាហោម បានបន្ថែមថា កម្ពុជាពិតជាអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ក៏ដូចជាអគ្គស្នងការនគរបាលជាតិសិង្ហបុរី ដែលបានជួយដល់កម្ពុជាតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ជាពិសេសនគរបាលសិង្ហបុរី បានជួយផ្តល់វគ្គបណ្តុះបណ្តាលជំនាញផ្នែកបង្រ្កាបបទឧក្រិដ្ឋឆ្លងដែនដល់នគរបាលកម្ពុជា។

យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម បានរំពឹងថាកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងនគរបាលនៃប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមសហការគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងគោលបំណងការពារផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសទាំងពីរ ក៏ដូចជាផលប្រយោជន៍ទាំងថ្នាក់តំបន់ និងពិភពលោក។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក HOONG WEE TECH បានលើកឡើងថា ប្រទេសកម្ពុជា និងសឹង្ហបុរី គឺជាមិត្តដ៏ល្អនឹងគ្នា ហើយសិង្ហបុរីរីករាយជានិច្ច ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ហើយសិង្ហបុរី នឹងបន្តជួយបើកវគ្គបណ្តុះបណ្តាល នូវជំនាញផ្សេងៗទៀត ដល់កម្ពុជាគ្រប់ពេលវេលា ជាពិសេសជំនាញផ្នែកនគរបាលតែម្តង៕

អត្ថបទដែលជាប់ទាក់ទង