ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន៖ មិនមានការខាតបង់ណាមួយឡើយ ចំពោះការពង្រឹង ទំនាក់ទំនងជាមួយប្រទេសចិន

184

 


ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋ ប្រជាមានិតចិន ដែលកន្លងមក តែងតែបានជួយមកដល់ប្រទេសកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ដ៏ទៃទៀតជាច្រើន។ សម្តេចតេជោ បានថ្លែងថា កម្ពុជាទើបមានឱកាសអភិវឌ្ឍន៍ ពេញលេញ២០ឆ្នាំប៉ុណ្ណោះ ខណៈចិនបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេស តាំងពីឆ្នាំ១៩៦៩ ហើយធ្វើកំណែទម្រង់ បើកចំហរសេដ្ឋកិច្ច បានរយៈពេល៤០ឆ្នាំហើយ ដែលទាមទារឲ្យកម្ពុជា រត់តាមពីក្រោយ ២០ឆ្នាំទៀត។

នៅព្រឹកថ្ងៃចន្ទទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស មិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតឲ្យមានធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី គឺជាការឆ្លើយតប តម្រូវការសាងសង់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តាប្រទេសជាសមាជិក។ ការដែលកម្ពុជា គាំទ្រឲ្យចិនក្លាយជាសមាជិក អង្គការសហប្រជាជាតិ គឺជាព្រះរាជចក្ខុវិស័យដ៏វែងឆ្ងាយ របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ បើចិនមិនក្លាយជាសមាជិក អង្គការសហប្រជាជាតិទេនោះ ប្រហែលជាការបញ្ចប់សង្គ្រាមនៅវៀតណាម មិនអាចបញ្ចប់នោះឡើយ។ មិនមានការខាតបង់ណាមួយនោះឡើយ ចំពោះការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ហើយមិនមែនតែកម្ពុជាទេ សូម្បីតែអាស៊ានទាំងមូលក៏ដូចគ្នា។

សម្តេចតេជោ បានថ្លែងថា រូបសម្តេច និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងបន្តដង្ហែតាមព្រះរាជតម្រិះ របស់ព្រះបាទ សម្តេចព្រះ បរមរតនកោដ្ឋ (នរោត្តមសីហនុ) ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ហើយកុំមានការភាន់ច្រឡំ ចំពោះវត្តមានរបស់ជនជាតិចិននៅកម្ពុជា។ វត្តមានរបស់ចិន នៅកម្ពុជា ដើម្បីបម្រើការងារ នៅតាមការដ្ឋានសំណង់រាប់រយនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាអាចមករារាំង ការរីកចម្រើន របស់ប្រទេសចិនបាននោះឡើយ ហើយការរីកចម្រើននេះ នឹងរួមចំណែកជួយបណ្តាប្រទេសដទៃ។ គ្រាន់តែនិយាយពីវារីអគ្គិសនី បើចិនមិនមកវិនិយោគ គ្មានប្រទេសណា មកវិនិយោគ លើវិស័យវារីអគ្គិសនី នៅកម្ពុជា នោះឡើយ។ ប្រទេសជាច្រើន រកស៊ីជាមួយប្រទេសចិន ចុះហេតុអ្វីមកហាមឃាត់កម្ពុជា មិនឲ្យរកស៊ីជាមួយចិន?

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ពីភាពរីកចម្រើ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាល បានកសាងជាបន្តបន្ទាប់ ដើម្បីបម្រើនូវសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែងជាក់ស្តែង តំបន់នៃខណ្ឌសែនសុខនេះ ក៏បានប្រែមុខមាត់ថ្មីដែលមានស្ពាន មានផ្លូវក្រវាត់ក្រុង និងបច្ចុប្បន្នតម្លៃដី នៅតំបន់នេះក៏មានការឡើងថ្លៃផងដែរ។

សម្តេចតេជោ បានប្រកាសថា កន្លងមករាជរដ្ឋាភិបាល បានប្រកាសពង្រីកកំណាត់ផ្លូវជាតិលេខ៥ ពីស្ពានជ្រោយចង្វាយ ដល់ស្ពានព្រែកព្នៅ ប៉ុន្តែយោងទៅតាមការសិក្សាស្រាវជ្រាវក្នុងការពង្រីករហូត ដល់៤គន្លង អាចធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាច្រើន ជាពិសេសមិនត្រឹមតែប៉ះពាល់ដល់ផ្ទះ ប្រជាពលរដ្ឋនោះទេ សូម្បីតែវត្តអារាម វិហារឥស្លាម ក៏មានការប៉ះពាល់ផងដែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យមានការបង្វែរទិស មកអភវិឌ្ឍន៍តាមផ្លូវទំនប់កប់ស្រូវវិញ ដោយធ្វើការពង្រីកជា ៤គន្លងឆ្ពោះមកកាន់ផ្លូវជាតិលេខ ៤តែម្តង។

កម្ពុជា និងចិនមានប្រវត្តិទំនាក់ទំនងល្អ ជាមួយគ្នាជាយូរលង់ណាស់មកហើយ ឆ្នាំនេះក៏ជាខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ជាពិសេសនៅក្នុងជំនាន់រាជរដ្ឋាភិបាលដឹកនាំរបស់ សម្តេចព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានរក្សាទំនាក់ទំនង មេត្រីភាពនិងសហប្រតិបត្តិការល្អ រហូតមកដល់បច្ចុប្បន្ននេះ។ តាមរយៈទំនាក់ទំនងទំាងអស់នេះ គឺបានផ្តល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកយ៉ាងច្រើន ជាពិសេស មិត្តចិនបានផ្តល់ជំនួយជាបន្តបន្ទាប់ មកដល់កម្ពុជាក្នុងការកសាងសមិទ្ធផលនានា និងបច្ចុប្បន្នកម្ពុជា កំពុងទទួលភ្ញៀវទេសចរពីប្រទេសចិន យ៉ាងច្រើន គឺប្រមាណ១លាន២សែននាក់៕

    

អត្ថបទដែលជាប់ទាក់ទង