កូនច្បងសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារសិក្សា នៅសាលាបឋមសិក្សាព្នៅកើត និងសមិទ្ធផលនានា ក្នុងវត្តសិរីអម្ពវ័ន្ត

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារសិក្សា នៅសាលាបឋមសិក្សាព្នៅកើត និងសមិទ្ធផលនានា ក្នុងវត្តសិរីអម្ពវ័ន្ត ហៅវត្តព្នៅកើត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃសៅរ៍ ទី៩ មិនា ២០១៩។
លោក ហ៊ុន ម៉ាណែត ដែលជាកូនច្បង សម្តេចនាយករដ្ឋមន្ត្រី ក៏បានសូមផ្ដាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ។ នេះគឺជាសមិទ្ធផលរួម ដែលកើតឡើង ដោយការចូលរួមរួម របស់ប្រជាពរដ្ឋ និងជាមោទនភាព ដែលយើងមានសមិទ្ឋផលថ្មីៗ សម្រាប់ប្រជាពលរដ្ឋ។ សូមអបអរសាទរ ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងសប្បុរសជន ក្នុងការដឹកនាំ និងចូលរួម កសាងសមិទ្ធផលនានា ។
លោក បន្តថា ដោយសារតែការចូលរួមគ្នា កសាងនេះហើយ ទើបយើងមានសមិទ្ធផល ដូចសព្វថ្ងៃនេះ។ កាលពីអតីតកាល យើងបែកបាក់គ្នា យើងលំបាកវេទនា ប៉ុន្តែសមិទ្ធផល ដែលបានកសាង មកដល់ថ្ងៃនេះ យើងត្រូវអបអរសាទរ ហើយយើងនឹងខិតខំរួមគ្នា បន្តកសាងបន្ថែមទៀត ឲ្យកាន់តែសម្បូរសប្បាយ សម្រាប់កូនចៅជំនាន់ក្រោយ។ នេះហើយគឺប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចង់បានណាស់ ចង់ឃើញណាស់ ព្រោះលោកមិនចង់ឱ្យកូនចៅជំនាន់ក្រោយ លំបាកដូចអតីតកាល។
លោក ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលបានខិតខំ បង្កើតការងារ មានប្រាក់បៀវត្សសមរម្យ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ប៉ុន្តែការងារចំណាកស្រុក ជាជម្រើសរបស់ប្រជាពលរដ្ឋ ព្រោះប្រទេសណា ក៏មានចំណាកស្រុកដែរ ប្រទេសខ្លះចំណាកស្រុកច្រើន យើងទៅទៀត។ ប៉ុន្តែសំខាន់នៅក្នុងស្រុកយើង ខិតខំបង្កើនគុណភាពអប់រំ និងបង្កើតឲ្យមានឧស្សាហកម្មធន់ធ្ងន់ សម្រាប់ការងារ កូនចៅប្រជាពលរដ្ឋ។ ជាក់ស្ដែងគ្រាន់តែ នៅក្នុងស្រុកជើងព្រៃនេះ មានកម្មកររោងចក្រ ជាង២ម៉ឺននាក់ ហើយរកចំណូល បានជាង៥លានដុល្លារ ក្នុងមួយឆ្នាំ។
មុនតែប៉ុណ្ណោះលោក ក៏សូមថ្លែងអំណរគុណ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្រុមការងារថ្នាក់ជាតិ យុវជនបង្គោលចុះជួយស្រុកជើងព្រៃ និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ដែលបាននៅជាមួយប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋតាមលទ្ធភាព ដែលអាចជួយទៅបាន និងចូលរួមកទាំងម្លាំងកាយចិត្ត សម្ភារៈ ថវិកា កសាងសមិទ្ធផល។
លោក បន្ថែមថា ឥឡូវនេះ យើងមានទាំងធនធាន និងទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលជាចំណុចខ្លាំងមួយរបស់ខ្មែរ ក្នុងការចូលរួមកសាងប្រទេស។ នេះហើយ ដែលធ្វើអោយខ្មែរយើងខ្លាំង យើងមិនត្រូវការបរទេសនោះទេ បរទេសគឺធ្វើការជាមួយយើង យើងមិនត្រូវពឹងលើបរទេស ទាំងស្រុងទេ យើងត្រូវមានទំនុកចិត្ត លើខ្មែរយើង។ ជាក់ស្តែងនៅក្នុងស្រុកជើងព្រៃរបស់យើងបានរួមគ្នាកសាងសមិទ្ធផលច្រើនណាស់។ ស្រុកជើងព្រៃរីកចម្រើន ដោយសារប្រជាពលរដ្ឋមួយគ្រួសាររីកចម្រើន ប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំ និងផ្តល់ឲ្យពីសំណាក់ រាជរដ្ឋាភិបាល។ ដូច្នេះជើងព្រៃខ្លាំង ដោយសារប្រជាពលរដ្ឋ នៅជើងព្រៃ ប្រទេសខ្មែរយើងខ្លាំង ក៏ដោយសារ ប្រជាពលរដ្ឋខ្មែរខ្លាំង។ ខ្មែរជាអ្នកកសាងអង្គរវត្ត មិនមែនអាមេរិកក សាងជំនួសខ្មែរនោះទេ យើងបញ្ចប់សង្គ្រាម ក៏ដោយសារខ្មែរយើងដែរ មិនមែន ដោយសារបរទេសនោះទេ។ ដូច្នេះយើងរួមគ្នាតទៅទៀត យើងមានទំនុកចិត្ត លើស្មារតីរួមគ្នាជាខ្មែរ និង យើងដឹកនាំរីកចម្រើន បន្តទៅទៀត។ បើខ្មែរយើងមិនខំ បើរាជរដ្ឋាភិបាលមិនខំ មិនអាចកសាងប្រទេស បានមកដល់ប៉ុណ្ណោះទេ។
លោក ក៏សូមថ្លែងអំណរគុណប្រជាពលរដ្ឋ ចំពោះការទុកចិត្ត ចំពោះគណបក្សប្រជាជនកម្ពុជា ដែលផ្ដល់ឱកាសសម្តេចតេជោ ហ៊ុន សែន បម្រើប្រជាពលរដ្ឋ តាមរយៈចេញទៅបោះឆ្នោត ជាង ៨៣% ដើម្បីសុំសេចក្តីសុខផ្ទាល់ខ្លួន មិនចង់ឱ្យកូនចៅ ពិបាកវេទនា កូនចៅមានឱកាសរៀនសូត្រធ្វើការ និងបោះឆ្នោតជូន អ្នកដែលស្វែងរក សេចក្តីសុខ ជូនប្រជាពលរដ្ឋ៕
