សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុន លី យ៉ុងផាត់ តបណ្តាញទឹកពីប្រទេសថៃមកផ្គត់ផ្គង់ខេត្តកោះកុង

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ នៅក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករកម្មការិនី នៅខេត្តកោះកុង សម្តេចតេជោ បានមានប្រាសាន៍ថា បញ្ហាប្រឈមរបស់ខេត្តកោះកុងពេលបច្ចុប្បន្ននេះ គឺការខ្វះខាតទឹកសាបសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។
ជាមួយគ្នានេះ សម្តេចតេជោ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន លីយ៉ុងផាត់ ទទួលការសាងសង់កន្លែងស្តុកទឹក តបណ្តាញទឹក ក្នុងរយៈពេលវែង ដើម្បីយកទឹកពីខេត្តត្រាតនៃ ប្រទេសថៃ មកផ្គត់ផ្គង់ប្រជាពលរដ្ឋខេត្តកោះកុង ដែលបច្ចុប្បន្ននេះ ខេត្តកោះកុងគឺទឹកអាចផ្គត់ផ្គង់បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ ឬអាចបានត្រឹមតែ១ខែប៉ុណ្ណោះ ទម្រាំមានភ្លៀងធ្លាក់។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើនិងបញ្ជាក់ដល់ក្រុមហ៊ុន លីយ៉ុងផាត់ និងអាជ្ញាធរខេត្ត ត្រូវខិតខំរៀបចំតណ្តាញទឹកសាបឲ្យបានទាល់ពេលវេលា ដើម្បីកុំឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងអត់ទឹកប្រើប្រាស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តត្រាត នៃប្រទេសថៃដែលកន្លងមកបានជួយរៀបចំផ្គត់ផ្គង់តបណ្តាញទឹក និងផ្តល់ទឹកមកដល់ខេត្តកោះកុងនៃប្រទេសកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរយកចិត្តទុកដាក់ ដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅក្នុងរដូវប្រាំងឆ្នាំនេះ ពិសេសការជីកអណ្តូងទឹកបន្ថែម។
សូមបញ្ជាក់ថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុង អំឡុង ខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរង ដោយ ប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ(El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។
បើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹក ទុកទប់ទល់នឹងគ្រោះរាំងស្ងួត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលកន្លងមក បានបញ្ជាក់ថា ឥទ្ធិពលអែល ណូនីនេះ ក៏នឹងធ្វើឲ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សា មកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ។
នៅថ្ងៃទី ១២មីនានេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីការហក់ឡើងកម្តៅ ៤០ទៅ ៤២ អង្សាសេ នៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង ក្នុងខែមេសា និងខែឧសភា ខាងមុខ។
យោងទៅតាមការព្យាករណ៍ឧតុនិយមអន្តរជាតិ តំបន់ និងឧតុនិយមរបស់កម្ពុជាយើងផ្ទាល់ និងបន្ទាប់ពីបានសង្កេតតាមដានទៅលើស្ថានភាពសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងកម្រិតសីតុណ្ហភាពនៅលើសមុទ្រចិនខាងត្បូង រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០១៩ ដូចខាងក្រោម ៖
១- បាតុភូត El Nino នៅតែបន្តមានឥទ្ធិពលគ្របដណ្តប់លើផ្នែកជាច្រើននៃពិភពលោក និងតំបន់។ ដោយឡែក ចំពោះកម្ពុជារបស់យើង នៅក្នុងរដូវប្រាំង និងដើមរដូវវស្សាឆ្នាំ ២០១៩ នេះ នឹងបន្តទទួលរងឥទ្ធិពលបាតុភូត El Nino នេះ ក្នុងកម្រិត ៦០ % និង ៤០ % ទៀត ទទួលរង ឥទ្ធិពលពីបាតុភូតអន្តរកាល ( បាតុភូតដែលនៅចន្លោះរវាង El Nino និង La Nina )។
២- រដូវប្រាំង ៖ រដូវប្រាំងនៅកម្ពុជា នឹងបន្តអូសបន្លាយដល់ពាក់កណ្តាលខែឧសភា។ ក- សីតុណ្ហភាព ៖ សីតុណ្ហភាពអតិបរមាមធ្យម មានខ្ពស់ជាងមធ្យមច្រើនឆ្នាំ និងខ្ពស់ជាងឆ្នាំ ២០១៨។ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សីតុណ្ហភាពអតិបរមាមធ្យមនឹងស្ថិតក្នុងរង្វង់ពី ៣៦-៣៨ °c។ ប៉ុន្តែ នៅក្នុងខែមេសា និងខែឧសភា ធាតុអាកាសនឹងមានសភាពក្តៅហួតហែងខ្លាំង ហើយនៅពេលខ្លះ សីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់៤០-៤២ °c ពិសេសនៅតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង។
ខ- ភ្លៀងកក់ខែ ៖ ភ្លៀងកក់ខែមានតិច ហើយអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន នៅក្នុងខែមេសា និងខែឧសភា។
៣- ដើមរដូវវស្សាឆ្នាំ ២០១៩ ៖ រដូវវស្សា អាចនឹងមកដល់យឺតជាងធម្មតា ( រហូតដល់សប្តាហ៍ទី ៣ នៃខែឧសភា ទើបរដូវវស្សាចូលមកដល់ ) នៅក្នុងខែឧសភា អាចមានភ្លៀងធ្លាក់តិចតួច តែរាយប៉ាយមិនបានល្អ ធាតុអាកាសក្តៅ អាចនឹងបន្តអូសបន្លាយរហូតដល់ដើមខែមិថុនា។
៤- ទឹកភ្លៀង ៖ ចាប់ពីដើមខែមិថុនា ដល់ពាក់កណ្តាលខែកក្កដា អាចមានទឹកភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ តែរាយប៉ាយមិនបានល្អ ។ ទឹកភ្លៀងប្រចាំឆ្នាំ ២០១៩ អាចនឹងមានបរិមាណតិចជាងមធ្យមភាគច្រើនឆ្នាំ។
៥- កូនរដូវប្រាំង ៖ អាចមានកូនរដូវប្រាំងកើតមានឡើង ចាប់ពីចុងខែកក្កដា ដល់ដើម ខែសីហា ( មានរយៈពេលប្រមាណពី ១៥-២០ ថ្ងៃ ) ។
៦- បាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ៖ អាចមានបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ កើតមានច្រើន នៅក្នុងខែមេសា និងខែឧសភា ( ច្រើនជាងបណ្តាឆ្នាំកន្លងទៅ )។
យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បានជ្រាបជាព័ត៌មាន និងបន្តចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសូមអំពាវនាវដល់សាធារណជន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់៕




