ក្រសួងមហាផ្ទៃឲ្យរដ្ឋបាលរាជធានី-ខេត្ត កំណត់កាលបរិច្ឆេទ នៃការរៀបចំវេទិកាពិគ្រោះយោបល់សម្រាប់ឆ្នាំ២០១៩
ភ្នំពេញ ៖ យោងតាមលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ លេខ៥៩៨សជណ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានជម្រាបជូនរដ្ឋបាលរាជធានី-ខេត្ត ស្តីពីការរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
លោកប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងក្នុងលិខិតនោះថា កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញនូវសេចក្តីណែនាំលេខ០៤០ សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដោយបានកំណត់ឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវសម្របសម្រួលរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានទៀងទាត់រាល់ឆមាស ឬតាមការចាំបាច់ ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ពាក់ព័ន្ធករណីនេះ ក្រសួងសូមស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត ធ្វើការកំណត់ឲ្យបានជាក់លាក់នូវកាលបរិច្ឆេទនៃការរៀបចំវេទិកាពិគ្រោះយោបល់សម្រាប់ឆ្នាំ២០១៩ ដោយមានការចូលរួមពីពីមន្ទីរជំនាញនានា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន រួចហើយត្រូវផ្ញើកាលបរិច្ឆេទនោះមកក្រសួងមហាផ្ទៃ ។ បន្ទាប់ពីបញ្ចប់អង្គវេទិកា ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីលទ្ធផលសំណើ សំណូមពរសំខាន់ៗ រួមទាំងបញ្ហានានា ដែលមិនអាចដោះស្រាយបាននៅក្នុងសមត្ថកិច្ចរបស់ខ្លួន ផ្ញើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការសម្របសម្រួល និងជួយគាំទ្រក្នុងការដោះស្រាយ ៕