ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ស្នើឱ្យព្រឹទ្ធសភា ខេត្តស៊ីឈួន ពិនិត្យលទ្ធភាព បញ្ជូនអ្នកវិនិយោគចិន មកកម្ពុជាឱ្យបានកាន់តែច្រើន

159
ភ្នំពេញ៖ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជម្រុញឱ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជន បន្តស្វះស្វែងរកមិត្តភក្តិ និងដៃគូពាណិជ្ជកម្ម ក៏ដូចជា វិនិយោគគិនជាតិ អន្តរជាតិ ឱ្យមករកស៊ីនៅកម្ពុជា ឱ្យបានកាន់តែច្រើន ដើម្បីបន្តលើកកម្ពស់សេដ្ឋកិច្ចប្រទេស និង ជីវភាពប្រសើរឡើងរបស់ប្រជាពលរដ្ឋលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើដល់ប្រតិភូ នៃព្រឹទ្ធសភាខេត្តស៊ីឈួន ប្រទេសចិន ឱ្យពិនិត្យលទ្ធភាព ក្នុងការបញ្ជូនអ្នកវិនិយោគរបស់ខ្លួន មកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈដែលកម្ពុជាកំពុងមានសក្កដានុពល ដើម្បីធ្វើការវិនិយោគទទួលបានផលចំណេញ។
   ការស្នើបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមេសា ខណៈដែលលោកអភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ លើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងមិត្តភាព និងទេសចរណ៍ ជាមួយ ប្រតិភូព្រឹទ្ធសភាខេត្តស៊ីឈួន ដឹកនាំដោយលោក ជុង មាន អនុប្រធានព្រឹទ្ធសភា នៃខេត្តស៊ីឈួន
នៅសាលារាជធានីភ្នំពេញ ដើម្បីជម្រុញឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាង កម្ពុជា និង ខេត្តស៊ីឈួន ក្នុងអំឡុងពេលដែលលោក និងប្រតិភូមកបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែមេសានៅក្នុងព្រះរាជាណាក្រកម្ពុជា។
    លោកឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជានៅពេលនេះ មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដោយបានធ្វើអោយសេដ្ឋកិច្ចមានការរីកចំរើន គួរឱ្យកត់សម្គាល់ ពិសេសជីវភាពប្រជាពលរដ្ឋ មានភាពប្រសើរឡើងជាលំដាប់។ តាមរយៈនេះលោកឃួង ស្រេង បានស្នើឱ្យលោកអនុប្រធានព្រឹទ្ធសភា នាំនូវដំណឹងនេះ ទៅផ្សព្វផ្សាយដល់ប្រជាជន និងអ្នកវិនិយោគនៅខេត្តស៊ីឈួន ឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ឱ្យបានច្រើនថែមទៀត។
  លោក ជុង មាន ក្នុងឱកាសនោះក៏បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំធ្វើឱ្យរាជធានី មានការរីកចំរើន ជាពិសេសសំណង់ អគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម មធ្យោបាយធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធ មានការរីកព្រោងព្រាតយ៉ាងឆាប់រហ័ស។ តបតាមសំណើរ និងសេចក្តីត្រូវការខាងលើ ក្រុមប្រតិភូនឹងនាំនូវដំណឹងដ៏ល្អនេះ ទៅផ្សព្វផ្សាយ ក៏ដូចជាជម្រុញឱ្យអ្នកវិនិយោគខេត្តស៊ីឈួន បន្តមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
  លោកជុង មានក៏បានជម្រាបជូនផងដែរថា ក្នុងពេលនេះ ក៏មានក្រុមប្រតិភូអ្នកវិនិយោគវ័យក្មេងខេត្តស៊ីឈួនមួយក្រុម បាននិងកំពុងជួបពិភាក្សាជាមួយដៃគូរវិនិយោគកម្ពុជា ដើម្បីស្វែងយល់ពីឱកាសមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ដើម្បីបំពេញតម្រូវការរបស់អ្នកវិនិយោគ កម្ពុជា និងខេត្តស៊ីឈួន ដែលមានការកើនឡើងជាហូរហែរ រដ្ឋបាលខេត្តស៊ីឈួន មានគម្រោងបង្កើនជើងហោះហើរត្រង់មកកាន់កម្ពុជា ឱ្យបានជារៀងរាល់ថ្ងៃ ខណៈពេលបច្ចុប្បន្ន មានការហោះហើរត្រង់ចំនួន៤ជើងក្នុងមួយសប្តាហ៍។
    ប្រធានប្រតិភូបានបញ្ជាក់ថា អនុវត្តតាមយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រទេសចិនមានគោលដៅចាប់យកតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូពាណ៍ ដែលត្រូវជម្រុញទំហំពាណិជ្ជកម្ម ជាពិសេស ជម្រុញទំហំពាណិជ្ជកម្ម រវាង កម្ពុជា និង ខេត្តស៊ីឈួន ឱ្យបានកើនឡើងថែមទៀត ស្របពេលបច្ចុប្បន្នមានតែជាង២ពាន់លានដុល្លារតែប៉ុណ្ណោះ។
    លោកប្រធានប្រតិភូក៏បានបញ្ជាក់ពីជំហររបស់ រដ្ឋបាលខេត្តស៊ីឈួនថា រដ្ឋបាលខេត្តស៊ីឈួបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការសម្របសម្រួលដល់គម្រោងនាំផលិតផលពីកម្ពុជាទៅកាន់ខេត្តនេះ។ លើសពីនេះ ក៏បានសន្យាទាក់ទាញអ្នកវិនិយោគឱ្យមកកម្ពុជាបានកាន់តែច្រើន ពិសេសក្រុមហ៊ុនទាំង៧ដែលបានចុះMOUជាមួយកម្ពុជា លើវិស័យទំនាក់ទំនង វប្បធម៌ ទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ រួចហើយនោះ។
  លោកជុង មាន ក៏បានសំណូមពរឱ្យមានការធ្វើទំនាក់ទំនង រវាង មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ និង មន្រ្តីរដ្ឋបាលខេត្តស៊ីឈួន ឱ្យបានយ៉ាងស្អិតរមួត ហើយចង់ឱ្យមានកិច្ចសហប្រតិបត្តិការ រវាង រាជធានីភ្នំពេញនិងទីក្រុងណាមួយនៃខេត្តស៊ីឈួន និង បង្កើនការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និងទេសចរណ៍ ឱ្យបានកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត៕
អត្ថបទដែលជាប់ទាក់ទង