ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន ជជនសង្ស័យ១នាក់ទៅតុលាការ ពាក់ព័ន្ធករណី​ ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

80

(បន្ទាយមានជ័យ)៖ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណី​ ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ហើយនៅថ្ងៃទី២២ខែមេសានេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ១៦នាទី នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿងជនសង្ស័យ ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កែវ​ ប៊ុនហុង ភេទ ប្រុស អាយុ ៤១ឆ្នាំ មានទៅលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ បានបំភ្លឺឲ្យដឹងថា ៖ កាលពីថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០១៩​ ជនសង្ស័យខាងលេី​ បានមកសុំស្នាក់នៅជាមួយខ្លួន​ រយ:ពេល​ ០៥ថ្ងៃ​ ដេីម្បីលេងចូលឆ្នាំ​ ហេីយជនសង្ស័យបាននាំគ្នាមកប្រេីប្រាស់គ្រឿងញៀន​ និងបានយកពូថៅដៃកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្លួនទៀត ។ ក្រោយទទួលបានពាក្យបណ្តឹង និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ណែម​ វិច្ឆ័យ ភេទ ប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់បំផ្លាញឥវ៉ាន់ក្នុងផ្ទះ របស់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនបានប្រើប្រាស់គ្រឿងញៀន ហេីយបានលឺសម្លេងគេមករករឿងវ៉ៃខ្លួន​ ហេីយខ្លួនក៏បានយកពូថៅមកការពារខ្លួន​ ហេីយមិនដឹងខ្លួនថាបានកាប់អ្វីខ្លះនោះទេ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង