ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បង្គាមានលាយសារធាតុគីមីជិត ១តោន នាំពីវៀតណាម ហើយដុត ចោល

116


ព្រះសីហនុ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ចាប់បានបង្គាស្រស់ មានលាយសារធាតុគីមីហាមឃាត់ ត្រូវបានឈ្មួញនាំចូលតាមច្រកព្រែកចាក ព្រំដែនកម្ពុជា- វៀតណាម ចូលមកលក់នៅក្នុងទីផ្សារក្រុងព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ហើយយកទៅដុតកម្ទេចចោល។

អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក នៅ តុន បានឱ្យដឹងថា មន្ត្រីស្ថាប័នសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហកាជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចាប់ឃាត់រថយន្តមួយគ្រឿង ដឹកបង្គាស្រស់ចំនួន ៤៥កេះ មានទម្ងន់ ៩០០គីឡូ ក្រាម មានសារធាតុគីមីហាមឃាត់ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម ចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម ច្រកព្រែកចាក ខេត្តកំពត យកមកដុតកម្ទេចចោលភ្លាមៗ។ បន្ទាប់ពីមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានធ្វើវិភាគ ពិនិត្យឃើញមានដាក់លាយសារធាតុគីមី មានសណ្ឋាន ដូចចាហ៊ួយ ត្រូវម្ចាស់ទំនិញដាក់លាយនៅក្នុងបង្គាស្រស់ទាំងនោះ។ បង្គាស្រស់មានលាយសារធាតុគីមីទាំង ៤៥កេះ ត្រូវបាននាំមកដុតកម្ទេចចោល ភ្លាមៗនៅក្នុងបរិវេណសាខាកាំកុងត្រូកខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ។ ក្នុងនោះមន្ត្រីជំនាញ ក៏បានតម្រូវឱ្យម្ចាស់រថយន្តដឹកបង្គា និងជាតំណាងឱ្យម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់នាំចូលបង្គា មានសារធាតុគីមីទាំងនោះ នាថ្ងៃខាងមុខទៀត។

លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមអាជីវករ ត្រូវចូលរួមសហការ និងបញ្ឈប់ការនាំចូល ឬដាក់លក់ទំនិញ បន្លែ ត្រីសាច់ ព្រមទាំងទំនិញផ្សេងៗទៀត ដែលមានដាក់សារធាតុគីមីហាមឃាត់ នាំឱ្យប៉ះពាល់ដល់សុខភាពមនុស្សតទៅទៀតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង