ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម និងភរិយាចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ នៅស្រុកចំការលើ

219

កំពង់ចាម ៖ លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម និងភរិយា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យដល់កន្លែងកើតហេតុ ដើម្បីបានសាកសួរសុខទុក្ខ និងនាំអំណោយជាថវិកាមួយចំនួន ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដើម្បីជួយសម្រួលក្នុងការជួសជុលដំបូល លំនៅឋានឡើងវិញ បន្ទាប់ពីទទួលបានព័ត៌មាន អំពីហេតុការណ៍ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ើងដំបូលក្បឿង និងស័ង្កសីនៃលំនៅឋាន  និងដំបូលអគារសិក្សា ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ថ្មីៗ នេះ  មានភ្លៀងកក់ខែមួយមេធំ លាយលំ ជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្ដាលឲ្យប៉ះពាល់លំនៅឋាន  របស់បងប្អូនប្រជាពលរដ្ឋ ចំនួន១៩ខ្នងផ្ទះ និងអគារសិក្សា ១កន្លែង ស្ថិតនៅក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ។ ករណីគ្រោះធម្មជាតិនេះ ក្រៅពីធ្វើឲ្យប៉ើងរបើកដំបូលក្បឿង និងស័ង្កសី ផ្ទះរបស់ប្រជាពលរដ្ឋ ក៏បានធ្វើឲ្យក្បឿងដំបូលអគារសិក្សា ១កន្លែង របើកនិងធ្លាក់ចុះក្រោម បណ្ដាលឲ្យសិស្សានុសិស្ស ចំនួន៥នាក់ រងរបួស ក្នុងនោះ សិស្ស ឈ្មោះ សេង សុភាន់ ទទួលរងរបួសធ្ងន់ ជាងគេ និងត្រូវបានពេទ្យដេរ ចំនួន ៤ថ្នេរ។

ស្ថិតក្នុងឱកាសនោះដែរ  លោកអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗ ដែលទទួលរងគ្រោះ ដោយសារគ្រោះធម្មជាតិ ខាងលើ ។ លោកអភិបាលខេត្ត បានសម្ដែងនូវការសោកស្ដាយ ជាខ្លាំង ចំពោះ ហេតុការណ៍ ដែលបានបង្កឡើងដោយសាគ្រោះធម្មជាតិនេះ ហើយវាបណ្ដាលឲ្យប៉ើងរបើកដំបូល លំនៅឋាន របស់ប្រជាពលរដ្ឋយើង ជាពិសេស ឲ្យក្មួយៗទាំង ៥នាក់ បានទទួលរងរបួស ខណៈដែលកំពុងអង្គុយសិក្សា នោះ ។

ជាមួយនោះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ ចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋភ្លាមៗ នៅខណៈពេលដែល កំពុងជួបប្រទះនូវគ្រោះធម្មជាតិនេះ  ។ ប៉ុន្តែ ជាសំណាងល្អ ដែលបងប្អូនប្រជាពលរដ្ឋយើង ១៩គ្រួសារ រងគ្រោះត្រឹមតែការប៉ើងដំបូលផ្ទះ និងមិនមានអ្នករងបួសទេ ។ ដោយឡែក ក្មួយៗសិស្សានុសិស្ស ចំនួន៥នាក់ ត្រូវបានសន្លឹកក្បឿងធ្លាក់ពីលើ និងបណ្ដាលឱ្យរបួសស្រាលបន្តិចបន្តួច ប៉ុណ្ណោះ ។

គូសបញ្ជាក់ផងដែរថា ថ្វីត្បិតតែនេះ ជាគ្រោះធម្មជាតិ ដែលយើងមិនអាចទប់ស្កាត់បាន ប៉ុន្តែ ជាស្មារតី របស់ថ្នាក់ដឹកនាំ ជាពិសេស ការណែនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ពេលនេះ លោកបានពាំនាំនូវថវិកា ផ្ដល់ជូនក្មួយៗសិស្សានុសិស្ស នៃសាលាបឋមសិក្សាស្រែប្រាំង ដែលរងរបួស ចំនួន៥នាក់ ដោយម្នាក់ៗ ថវិកា ចំនួន ១០ម៉ឺនរៀល ដើម្បី ទុកព្យាបាលរបួស ឲ្យជាសះស្បើយ ។ ដោយឡែក  បងប្អូនប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារ ដែលរងគ្រោះដោយប៉ើងដំបូល  ក្នុងមួយគ្រួសារៗ ថវិកា ២០ម៉ឺនរៀល និងបន្ថែម ទៅគ្រួសារ លោក ប៊ុន មាឃ ជាជនពិការ នូវថវិកា ចំនួន ១០០.០០០រៀល ទៀត ដើម្បីបានយកទៅជួសជុលដំបូលផ្ទះឲ្យបានប្រសើរឡើងវិញ ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន អំពីគ្រោះធម្មជាតិ ពីព្រោះថា ដោយសារតែការបំរែបម្រួលអាកាសធាតុ ធ្វើឲ្យសីតុណ្ហភាពឡើងកំដៅ កាន់តែខ្លាំង ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ អំពីសុខភាព និងត្រូវមានវិធានការ ក្នុងការទប់ស្កាត់ លើបញ្ហាប្រឈមនានា ដែលកើតឡើង ដោយសារតែកត្តាធម្មជាតិ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង