អន្តរគណៈកម្មការរដ្ឋសភាពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួន៤ ដែលទាក់ទងវិស័យវិនិយោគ និងបរិស្ថាន រវាងកម្ពុជា និងអន្តរជាតិ
គណៈកម្មការជំនាញនៃរដ្ឋសភាចំនួនពីរ គឺគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក រួមសហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានជួបប្រជុំគ្នា ដើម្បីពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ ចំនួន៤ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
សេចក្តីព្រាងច្បាប់ទំាងបួន ដែលគណៈកម្មការជំនាញរដ្ឋសភាលើកយកមកពិនិត្យសិក្សានេះមាន សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្ដីពីការជំរុញ និងការការពារទៅវិញទៅមក នៃអ្នកវិនិយោគ។ សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្ដីពី ការជម្រុញ និងការការពារទៅវិញទៅមកនៃអ្នកវិនិយោគ។ សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្ដីពីការជម្រុញ និងការការពារទៅវិញទៅមកនៃវិនិយោគ និងសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀង ស្ដីពីការបង្កើតអង្គការបណ្ដាញអន្តរជាតិសម្រាប់ឬស្សី និងផ្តៅ។
កិច្ចប្រជុំដែលដឹកនាំដោយ លោកជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និង លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នេះ ជាកិច្ចប្រជុំអន្តរគណៈកម្មការ ផ្ទៃក្នុងរដ្ឋសភា ដោយធ្វើការពិនិត្យលើទម្រង់ច្បាប់ និងខ្លឹមសារ ហើយគណៈកម្មការជំនាញរដ្ឋសភាទំាងពីរបានឯកភាពគ្នាថានឹងអញ្ជើញតំណាង រាជរដ្ឋាភិបាលមកពន្យល់លើចំនុចមួយចំនួនបន្ថែមទៀតនៅក្នុងពេលឆាប់ៗនេះ មុនបញ្ជូនសេចក្ដីព្រាងច្បាប់ទំាងបួនខាងលើនេះ ទៅគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញតាមនីតិវិធី៕








